ជនអាហ្វហ្កានីស្ថានជាង១០០នាក់ស្លាប់ក្នុងការប៉ះទង្គិវគ្នា២ថ្ងៃ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ — ភាគីដែលច្បាំងគ្នាបាននិយាយពីថ្ងៃចន្ទថា ពួកយុទ្ធជនជាង១០០នាក់ ភាគច្រើនពួកសកម្មប្រយុទ្ធ បានស្លាប់នៅក្នុងការប្រយុទ្ធគ្នាដើម្បីត្រួតត្រាស្រុក Bala Murghab យ៉ាងសំខាន់ជាយុទ្ធសាស្ត្រ ក្នុងខេត្ត Badghis ប្រទេសអាហ្វហ្កានីស្ថានភាគខាងលិចក្នុងពេលជាង៤៨ម៉ោងកន្លងទីនេះ នៅពេលមានកិច្ចប្រឹង ប្រែងសន្តិភាព សម្រាប់ជម្លោះដែលបានអូសបន្លាយរបស់ប្រទេសអាហ្វហ្កានីស្ថាន ។

សេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយអង្គភាព Zafar ២០៧ ក្នុងតំបន់ភាគខាងលិចបានប្រកាសថា បានសម្លាប់ពួកសកម្មប្រយុទ្ធ៩៩នាក់ នៅក្នុងនឹងជុំវិញស្រុក Bala Murghab ដែលគេឡោមព័ទ្ធចាប់តាំងពីថ្ងៃសៅរ៍មក ។
តាមសេចក្តីថ្លែងការណ៍នោះឱ្យដឹងថា ពួកសកម្មប្រយុទ្ធ៣៥នាក់រងរបួស ហើយអាវុធនិងគ្រាប់រំសេវមួយចំនួនធំរបស់ពួកឧទ្ទាមត្រូវបានគេបំផ្លាញចោល ។

តែយ៉ាងណាក៏ដោយក្រុមតាលីបង់ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបញ្ជូនទៅឱ្យប្រព័ន្ធ ផ្សព្វផ្សាយនោះ បានបញ្ជាក់អះអាងពីការប្រយុទ្ធគ្នាស្រុក Bala Murghab ដោយអំពាវនាវដល់បុគ្គលិកសន្តិសុខបោះបង់ចោលការប្រយុទ្ធ ហើយចូលរួមជាមួយក្រុមសកម្មប្រយុទ្ធ ។

តាមសេចក្តីថ្លែងការណ៍តាលីបង់ឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធបានឡោមព័ទ្ធស្រុក Bala Murghab ព្រមទាំងបានធ្វើឱ្យមានការខូចខាតយ៉ាងច្រើនដល់កងកម្លាំងសន្តិសុខ ។

តាមពួកអ្នកស្រុកឱ្យដឹងថា ពួកសកម្មប្រយុទ្ធអាចគំរាមកំហែង ដល់ធានីខេត្ត Qlla-e Naw ប្រសិនបើពួកគេចាប់យកបានស្រុក Bala Murghab ។

បេសកជនពិសេសអាម៉េរិកសម្រាប់សន្តិភាពក្នុងប្រទេសអាហ្វហ្កានីស្ថាន លោក Zalmay Khalilzad បានធ្វើទស្សនកិច្ចក្រុងកាប៊ុល និងអ៊ិស្លាម៉ាបាដ ២លើក ក្នុងពេលមួយសប្តាហ៍កន្លែងនេះ ដើម្បីប្រមូលការ គាំទ្រសម្រាប់ដំណើរការសន្តិភាព ដែលកំពុងប្រព្រឹត្តទៅ ។
កិច្ចចរចាលើកទី៧ក្នុងចំណោមពួកតាលីបង់, គណៈប្រតិភូ ស.រ.ប , ពួកអ្នកនយោបាយអាហ្វហ្កានីស្ថាន ព្រមទាំងគណៈប្រតិភូរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែលអាចមានគេរំពឹងថា នឹងត្រូវធ្វើឡើងក្នុងខែនេះក្នុងរដ្ឋធានីដូហា ប្រទេសកាតា ។
រដ្ឋាភិបាលអាហ្វហ្កានីស្ថានគេរាយការណ៍ថា បានបង្កើតក្រុមធ្វើកិច្ចចរចាមួយមានសមាជិក ២២​នាក់ ដើម្បីចរចាជាមួយក្រុមតាលីបង់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)