ក្រុម Khmer United A និង ISI Group United ចែកគ្នាម្នាក់១ពិន្ទុ នាសប្តាហ៍ទី៦ Keller Williams Cambodia League 2019

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ — ក្រុម Khmer United A និងក្រុម ISI Group United បានចែកគ្នាម្នាក់១ពិន្ទុ បន្ទាប់ពីរក្សាលទ្ធ ផលស្មើគ្នា ១ទល់១ ក្នុងជំនួបសន្សំពិន្ទុសប្តាហ៍ទី៦ នៅកីឡដ្ឋាន AIA រាជធានីភ្នំពេញ នៃព្រឹត្តិ​ការណ៍កីឡា បាល់ទាត់ពាក់កណ្តាលអាជីព Keller Williams Cambodia League រដូវកាល ២០១៩។ ក្រោយឆ្លងកាត់៦ប្រកួត ក្រុម Khmer United A ឈ្នះ៥ប្រកួត និងស្មើ១ប្រកួតជាលើក​ដំបូង​របស់ខ្លួន និង​បាន​ធ្លាក់មកចំណាត់ថ្នាក់លេខ២បណ្តោះអាសន្ន ដោយមាន១៦ពិន្ទុ ខណៈក្រុម ISI Group United ឈរនៅចំណាត់ ថ្នាក់លេខ៣បណ្តោះអាសន្នដែរ ដោយ៦​ប្រកួត ឈ្នះ៥ប្រកួត និងស្មើ១ប្រកួត មាន១៦ពិន្ទុដែរ។ ចំពោះក្រុម Riel Phnom Penh បាន​ឡើងមកឈរនៅចំណាត់ថ្នាក់លេខ១បណ្តោះអាសន្នវិញ ដោយឆ្លងកាត់៦ប្រកួត ឈ្នះទាំង៦​ប្រកួតមាន១៨ពិន្ទុ ក្រោយក្រុមលើកំពូលតារាងមួយនេះបំបាក់ក្រុម សែនសុខ Empiere FT យ៉ាងចាស់ដៃ ១២ទល់០។

សម្រាប់លទ្ធផលប្រកួតផ្សេងៗទៀត នាជំនួបសប្តាហ៍ទី៦នេះដែរ រួមមាន៖ ក្រុម Sniper យកឈ្នះ អាណាចក្រ ធី.ខេ ៦ទល់១, Bayon Wanderer ចាញ់ AVATAR FC ១ទល់៣, ក្រុមគ្រួសារកីឡាករតាំងគោកចាញ់ក្រុម Khmer United U22 ០ទល់៥, Home Sport ចាញ់ទន្សោងFC ១ទល់១១, Mambo Phnom Penh យកឈ្នះលើ ក្រុមបាសាក់ FC ៣ទល់២ ស្របពេលដែលក្រុម Khmer United B បំបាក់ ក្រុម ANVAYA ដោយលទ្ធផល ៩ទល់០។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាពាក់កណ្តាលអាជីព Keller Williams Cambodia League រដូវកាល២០១៩នេះ មាន១៦ក្រុម ចូលរួមប្រកួតប្រជែងជើងឯក ដោយគ្រប់ក្រុម ទាំងអស់មាន១៥ប្រកួត តាមរូបមន្តលីគចំនួនតែ១ជើង ដោយប្រើប្រាស់ទីលានចំនួន២គឺ KMH PARK និងទីលាន AIA។ ក្រៅពីគោលបំណងផ្តល់ ឱកាសឱ្យកីឡាករចូលរួម ប្រកួត ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ព្រមជាមួយគ្នានឹងការចូលរួមចំណែក អភិវឌ្ឍន៍ វិស័យ​កីឡាបាល់ទាត់នៅកម្ពុជាឱ្យកាន់តែរីកចម្រើនផងនោះ លោកបណ្ឌិត គីម ហ៊ាង ស្ថាបនិក Keller Williams Cambodia League និងជាប្រធានក្រុមហ៊ុន Keller Williams Cambodia ក៏បានជួយរួមចំណែកជួយដល់កិច្ចសង្គម និងសប្បុរសធម៌ផងដែរ តាមរយៈការ​ផ្តល់ជូនថវិកាសប្បុរសធម៌ចំនួន២.០០០ដុល្លារ សហរដ្ឋអាមេរិកជូនដល់មន្ទីរពេទ្យ គន្ធបុប្ជា ជារៀងរាល់ឆ្នាំផងដែរ៕

ដោយ ហេង ណាលីន