អភិបាលរាជធានីភ្នំពេញ ស្នើឲ្យអង្គការសង្គមស៊ីវិល បន្ដសហការ ដើម្បីប្រសិទ្ធភាពការងារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​ លោក​ ចន​ ណារិទ្ធ​៖

រាជធានី ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញបានស្នើឲ្យអង្គការសង្គមស៊ីវិល បន្ដសហការជាមួយអាជ្ញាធរ រាជធានីភ្នំពេញ ខណ្ឌ សង្កាត់ ដើម្បីប្រសិទ្ធភាពការងារ ការពារផលប្រយោជន៍ស្របច្បាប់និងការពារផលប្រយោជន៍ សាធារណៈព្រមទាំងលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ភាពជាដៃគូ ក្នុងគោលដៅតែមួយ គឺរួមគ្នាបង្កើន ការកសាង សេដ្ឋកិច្ច អភិវឌ្ឍន៏សង្គម ឲ្យទទួលបានការីក ចម្រើនទៅថ្ងៃអនាគត ។


ក្នុងវេទិការ ភាពជាដៃគូ រវាងអាជ្ញាធររាជធានីភ្នំពេញ និងអង្គការសង្គមស៊ីវិល ដែលមានសមាជិក ចូលរួមប្រមាណ ៧០០នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម កោះពេជ្រកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការបង្កើតឲ្យមានច្បាប់ស្តីពីសមគមនិងអង្គការមិនមែនរដ្ឋាភិបាល គឺក្នុងគោលបំណងការពារសិទ្ធិសេរីភាពនៃការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់និងការពារផលប្រយោជន៍សាធារណៈព្រមទាំង លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគមអង្គការមិនមែនរដ្ឋាភិបាល ជាមួយអាជ្ញាធរសាធារណៈ និងមានគោលដៅកំណត់បែបបទទទួលស្គាល់តាមផ្លូវច្បាប់ដល់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។

ឯកឧត្ដម បន្តថា គិតត្រឹមឆ្នាំ 2018 កន្លងទៅអង្គការសមាគមមិនមែនរដ្ឋាភិបាលក្នុងស្រុកដែល បានតម្កល់សំណុំឯកសារនិងចុះបញ្ជីនៅក្រសួងមហាផ្ទៃមានសរុប 5523អង្គភាពនិងសមាគមអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលបាន ចុះអនុស្សារណៈនៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិមានចំនួន 419 អង្គភាពក្នុងនោះអង្គការសមាគមមិនមែនរដ្ឋាភិបាលនិងសហគមន៍ ដែលមានមូលដ្ឋានក្នុងរាជធានីភ្នំពេញមានចំនួន 729 អង្គភាពបាននិងកំពុងប្រតិបត្តិការសកម្មភាពរបស់ខ្លួនដោយរលូននិងស្របតាមច្បាប់ជាធរមានដោយ គ្មានការហាមឃាត់ការរារាំងណាមួយឡើយ។ ឯកឧត្ដម ឃួងស្រេង បានមានប្រសាសន៍បញ្ជាក់ថា ចំពោះប្រធានបទនៃអង្គវេទិកា យើងបានកំណត់គឺ ស្ដីពីភាពជាដៃគូប្រកបដោយការទទួលខុសត្រូវ ដែល ប្រធានបទនេះ សំដៅទៅលើទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់និងកំណត់ អំពីទំនួលខុសត្រូវរវាងអាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិលដើម្បីធានាថា រាល់សកម្មភាពដែលយើងបានធ្វើពិតជាបានគិតគូរអំពី ប្រយោជន៍ជាតិ បម្រើផលប្រយោជន៍សាធារណៈនិងមិនប្រាសចាកពីគោលការណ៍ សណ្ដាប់ធ្នាប់សាធារណៈ។
ឯកឧត្តម បានស្នើដល់សមាគមអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកនិងសមាគមអង្គការមិនមែន រដ្ឋាភិបាលបរទេស ត្រូវធ្វើសកម្មភាព ស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែន គោលការណ៍ណែនាំ បទបញ្ជានិងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ ឯកឧត្តម អភិបាល ស្នើឲ្យតំណាងដៃគូអភិវឌ្ឍន៍តំណាងសហគមន៍និងតំណាងសមាគមអង្គការមិនមែនរដ្ឋាភិបាល ត្រូវបន្តការឧបត្ថម្ភគាំទ្រនិងចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ការផ្តល់សេវាសង្គមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចឲ្យកាន់តែមានភាពរីកចម្រើន ក្នុងភាពជាដៃគូប្រកបដោយ ការទទួលខុសត្រូវខ្ពស់៕