វៀតណាម និង ហូឡង់ រំពឹងក្នុងការបង្កើនភាពជាដៃគូដ៏ទូលំទូលាយ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩​ — វៀតណាម និងហូឡង់ ត្រូវបានរំពឹងថា នឹងប្រកាសអំពីការបង្កើនទំនាក់ទំនងទ្វេភាគីជាមួយភាពជាដៃគូដ៏ទូលំទូលាយមួយក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសវៀតណាមនាថ្ងៃទី ៩ ខែមេសា ដោយនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ។

ព័ត៌មាននេះត្រូវបានបង្ហាញដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសហូឡង់ លោកស្រី Ngo Thi Hoa ក្នុងអំឡុងពេលនៃកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមមុនពេលចេញដំណើរទស្សនកិច្ចជាលើកទី ២ របស់លោកនាយករដ្ឋមន្ត្រី លោក Rutte ទៅកាន់ប្រទេសនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងរបស់លោកកាលពីឆ្នាំ ២០១៤ ។

លោកស្រីបាននិយាយថា ដំណើរទស្សនកិច្ចនេះ​ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបង្ហាញពីជំហានថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ វាជាឱកាសមួយសម្រាប់មេដឹកនាំនៃប្រទេសទាំងពីរពិភាក្សាគ្នាអំពីវិធានការនានាដើម្បីពង្រឹងទំនាក់ទំនងក្នុងវិស័យនយោបាយការទូត និងការវិនិយោគ ពាណិជ្ជកម្ម ព្រមទាំងពង្រឹងយន្តការសហប្រតិបត្តិការ ជាពិសេសភាពជាដៃគូយុទ្ធសាស្ត្រស្តីពីការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងទឹក និងកសិកម្ម និងសន្តិសុខស្បៀងអាហារប្រកបដោយនិរន្តរភាព។

ដំណើរទស្សនកិច្ចនេះក៏មានគោលបំណងដើម្បីពង្រីកទំនាក់ទំនងនៅក្នុង វិស័យបច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ច ការដឹកជញ្ជូន អាកាសចរណ៍ ថាមពល និងការកសាងទីក្រុងឆ្លាតវៃផងដែរ។

ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនេះ ព្រឹត្តិការណ៍សំខាន់ៗជាច្រើននឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ និងបណ្ដាតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសវៀតណាម ដូចជាកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម – ហូឡង់ ស្តីពីការសម្របសម្រួលការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹក កិច្ចពិភាក្សាលើវិស័យទឹក អាកាសចរណ៍ កសិកម្ម និងថាមពល ព្រមទាំងមានជំនួបផ្នែកពាណិជ្ជកម្ម និងពាណិជ្ជកម្ម និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទៀតផង៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)