ក្រុមយុវជនស្នើដល់រាជរដ្ឋាភិបាលផ្សព្វផ្សាយពីឱកាសទទួលបានការងារសមរម្យឲ្យបានទូលំទូលាយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ក្រុមយុវជន ស្នើដល់រាជរដ្ឋាភិបាលកម្ពុជាផ្សព្វផ្សាយពីឱកាសទទួលបានការងារសមរម្យឲ្យបានទូលំទូលាយ ខណៈយុវជនដែលជាកម្លាំងស្នូលក្នុងការអភិវឌ្ឍមានចំនួន៣៣ភាគរយ នៃប្រជាជនសរុបនៅកម្ពុជានៅមិនទាន់ទទួលបានការងារសមរម្យនៅឡើយ។
ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាពហុភាគីរវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងយុវជនស្តីពីការ«យុវជន និងការងារ» ដែលធ្វើនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៩ ខែឧសភានេះ លោក ជា ឧត្តម តំណាងយុវជនមកពីខេត្តតាកែវ លើកឡើងថា ពួកគេបានទទួលព័ត៌មានតិចតួចបំផុតស្តីពីឱកាសផ្តល់ការងារនៅតាមក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជន។ តំណាងយុវជនរូបនេះ បន្តថា ព័ត៌មានស្តីពីឱកាសផ្តល់ការងារភាគច្រើនត្រូវបានផ្សព្វផ្សាយនៅក្នុងរាជធានីភ្នំពេញ និងទីប្រជុំជនសំខាន់ៗមួយចំនួនប៉ុណ្ណោះ ខណៈដែលយុវជនបានបញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈនៅតាមខេត្ត-ក្រុង ស្វះស្វែងរកការងារពីគ្រប់ប្រភព។
ឯកឧត្តម ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលស្គាល់ពីចំណុចខ្វះខាតនេះ ប៉ុន្តែ ឯកឧត្តម ថា កិច្ចការនេះ រដ្ឋមិនអាចធ្វើតែឯកឯងបាននោះទេ ដោយត្រូវមានការចូលរួមពីគ្រប់ភាគី ពិសេសវិស័យឯកជនដែលត្រូវការនូវធនធានមនុស្ស ដើម្បីបំពេញកម្លាំងពលកម្មនៅក្នុងគ្រឹះស្ថានរបស់ខ្លួន។ តែទោះជាយ៉ាងនេះក្តី ឯកឧត្តមបានបញ្ជាក់ថា ក្រសួងការងារ បានបង្កើតទីភ្នាក់ងារជាតិមុខរបរនិងការងារ និងមជ្ឈមណ្ឌលសម្រាប់ផ្តល់ព័ត៌មានស្តីពីការងារនៅក្នុងរាជធានី-ខេត្តមួយចំនួន ដើម្បីជួយឲ្យប្រជាពលរដ្ឋដឹងពីព័ត៌មានស្តីពីឱកាសការងារ ដែលត្រូវបានជ្រើសរើសដោយស្ថាប័នជាតិ ។
សូមបញ្ជាក់ថា កិច្ចសន្ទនាគោលនយោបាយស្តីពី«យុវជន និងការងារ» ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការចូលរួមរបស់យុវជនដោយផ្ទាល់ក្នុងការជជែក ពិភាក្សាជាមួយស្ថាប័ន និងភាគីពាក់ព័ន្ធនានា អំពីបញ្ហាព័ត៌មានការងារ ស្តីពីកង្វល់របស់យុវជន និងអនុសាសន៍នានាដែលបានពីការសិក្សាស្រាវជ្រាវ និងប្រមូលពីយុវជនតាមបណ្តាខេត្តនាពេលថ្មីៗនេះ។
លោក ឡាំ សុជាតិ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ រំពឹងថា លទ្ធផលដែលបានមកពីកិច្ចសន្ទនានេះ នឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់គាំទ្រការអនុវត្តគោលនយោបាយជាតិនានា ដូចជាគោលនយោបាយជាតិស្តីពីមុខរបរនិងការងារ និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនឲ្យឆ្លើយតបនឹងតម្រូវការការងាររបស់យុវជន និងសម្រាប់ការរៀបចំកែលំអផែនការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងធ្វើសមាហរណកម្មក្នុងគោលនយោបាយ តាមអន្តរវិស័យនានាផងដែរ៕