រាជរដ្ឋាភិបាលចាប់ផ្តើមអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សម្រាប់នីតិកាលទី៦នៃរដ្ឋសភា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ស្រី​ ផល​៖

រាជរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤សម្រាប់នីតិកាលទី៦នៃរដ្ឋសភា ដើម្បីជំរុញការកសាងជាតិ សម្រាប់រយៈពេល៥ឆ្នាំទៅមុខទៀត។
យោងតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជាដែលបានផ្ញើជូនជនរួមជាតិក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានឲ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាដែលបានប្រសូត្រចេញពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី ២៩ ខែកក្កដាឆ្នាំ ២០១៨កន្លងទៅក្នុងលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ តម្លាភាពនិងក្នុងបរិយាកាសស្ថិរភាពនយោបាយ ស្របតាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលមានប្រជាពលរដ្ឋចូលរួមរហូតដល់៨៣,០២ភាគរយនៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បាននិងកំពុងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងការប្ដេជ្ញាចិត្តយ៉ាងមោះមុតឥតរាថយក្នុងការបម្រើប្រជាជនទ្វេដង ក៏ដូចជាក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍និងជំរុញអនុវត្តការកែទម្រង់កាន់តែស៊ីជម្រៅនិងទូលំទូលាយ គ្រប់វិស័យឆ្ពោះទៅរកអនាគតមួយដ៏រុងរឿងស្របតាមឆន្ទៈនិងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន ទូទាំងព្រះរាជាណាចក្រកម្ពុជា។
សារលិខិតបានបន្តថា រាជរដ្ឋាភិបាល កម្ពុជា បានខិតខំពុះពារគ្រប់បែបយ៉ាងជាបន្តទៀតដើម្បីបន្តថែរក្សាការពារសន្តិភាពស្ថិរភាពនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានកាន់តែរឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការពាររបស់ប្រជារាជនិយម ស្របតាមបាវចនាជាតិសាសនាព្រះមហាក្សត្រ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលនឹងបន្តការធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹកដុះក្អែលព្យាបាលនិងវះកាត់ ក្នុងនោះមានការពង្រឹងអភិបាលកិច្ចល្អ តាមរយៈការពង្រឹងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការអភិវឌ្ឍន៍ធនធានមនុស្សការកែលម្អប្រព័ន្ធអប់រំ ឲ្យកាន់តែមានគុណភាពខ្ពស់ការលើកកម្ពស់ប្រព័ន្ធការពារសង្គម ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សំណង់ ផ្លូវស្ពាន និងធារាសាស្ត្រ បង្កើនប្រភពថាមពលអគ្គិសនីអភិវឌ្ឍន៍វិស័យឧស្សាហកម្ម សិប្បកម្មសេវាកម្មដឹកជញ្ជូនពាណិជ្ជកម្ម ឲ្យកាន់តែរីកចម្រើនឥតឈប់ឈរថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។