រាជរដ្ឋាភិបាលកម្ពុជា ថ្វាយព្រះពរព្រះមហាក្សត្រ​ និង​សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ​ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ

វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា ៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដើម្បីសម្តែងពីនូវការគោរពដល់ទ្រង់ដែលជាព្រះមហាក្សត្រជាតិខ្មែរ។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះ បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ ព្រមទាំងមន្ត្រីរាជការ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងបងប្អូនជនរួមជាតិទាំងអស់ សូមលំឱនកាយវាចាចិត្ត គោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីវត្ថុស័កិ្តសិទ្ធក្នុងលោកទេវតាឆ្នាំថ្មី ព្រះនាមទុង្សាទេវី ជួយប្រោះព្រំសព្ទសាធុការពរ បវរមហាប្រសើរ ចំពោះព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គល សូមព្រះអង្គមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាព បរិបូណ៍ ព្រះកាយពលមាំមួនព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់នៅក្នុង ព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់នៃប្រជាពលរដ្ឋខ្មែរ ជាកូន ជាចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ។
ក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះដែរ សម្តេចតេជោ ក៏បានប្រគេនព្រះពរចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះសង្ឃរាជ សម្ដេចព្រះរាជាគណៈ និងព្រះសង្ឃគ្រប់ព្រះអង្គមាន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាមានព្រះសុខភាពល្អបរិបូណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់ជាម្លប់របស់ ពុទ្ធបរិស័ទក្នុងព្រះរាជាណាចក្រកម្ពុជាជានិច្ចនិរន្តរ៍តរៀងទៅ។
សម្តេចតេជោ ក៏បានជូនពរដល់ ជនរួមជាតិខ្មែរគ្រប់រូបដែលកំពុងរស់នៅក្នុងនិងក្រៅប្រទេស មន្រ្តីរាជការ នាយទាហាន ពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលបាននឹងកំពុងបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងកំពុងបំពេញបេសកកម្មរក្សាសន្តិភាព និងមនុស្សធម៌នៅក្រៅប្រទេស នាយនគរបាល ពលនគរបាល ដែលបាននឹងកំពុងរួមចំណែកការពារបូរណភាពទឹកដី និងថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៃមាតុភូមិ សិស្សានុសិស្ស និស្សិត យុវជន យុវនារី កម្មករ និយោជិត ធុរជន និងវិនិយោគិនដែលកំពុងប្រកបធុរកិច្ចនៅលើទឹកដីកម្ពុជា ទទួលបាននូវភាពជោគជ័យ សិរីសួស្ដីជ័យមង្គលនិងវិបុលសុខជារៀងដរាប ដើម្បីជាកុសល រួបរួមសាមគ្គីគ្នាជាមហាគ្រួសារខ្មែរតែមួយនៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហា ដោយសេចក្តីសុខក្សេមក្សាន្ត និងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្លូរ តរៀងទៅ៕