កម្ពុជា-ថៃត្រៀមដាក់ឲ្យដំណើរការសេវាដឹកជញ្ជូនផ្លូវដែកឆ្លងដែនរួមគ្នាក្រោយចូលឆ្នាំខែ្មររួច

វិទ្យុជាតិ៖​ ដោយ​   អ៊ឹម ភិរក្សនារីរតន: ៖

កម្ពុជា-ថៃត្រៀមដាក់ឲ្យដំណើរការសេវាដឹកជញ្ជូនផ្លូវដែកឆ្លងដែនរួមគ្នាក្រោយពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណៃជាតិខ្មែរ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដឹកជញ្ជូនទំនិញនិង មនុស្សឆ្លងដែនរវាងប្រទេសទំាង២ឲ្យកាន់តែមានសកម្មភាពរស់រវើក។


រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា បើគ្មានការប្រែប្រួលទេ នៅថ្ងៃទី២២ខែមេសា ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ នឹងអញ្ចើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយ៍រថភ្លើងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ជាប់ព្រំប្រទល់ប្រទេសកម្ពុជានិងស្ថានីយ៍រថភ្លើងក្លងលឹកខេត្តស្រះកែវប្រទេសថៃ ដើម្បីជំរុញដល់ការដឹកជញ្ជូនគ្រប់រូបភាព ជាពិសេសដើម្បីធ្វើសមាហរណកម្មតំបន់ ដោយតភ្ជាប់បណ្តាញផ្លូវដែកកម្ពុជា ទៅក្នុងគម្រោងផ្លូវដែកតំបន់អាស៊ាន។


ថ្លែងក្នុងពិធីចុះត្រួតពិនិត្យស្ថានីយ៍រថភ្លើងនៅប៉ោយប៉ែតព្រំដែនកម្ពុជា ថៃកាលពីថ្ងៃទី៨ ខែមេសា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការតភ្ជាប់ខ្សែរថភ្លើងនេះបានជួយដល់ការផ្សារភ្ជាប់ពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ កម្ពុជា-ថៃឲ្យបានកាន់តែមានភាពជិតស្និត ក្នុងការនាំទំនិញចេញចូលប្រទេសទំាង២។
សម្លេង៖ការដឹកជញ្ជូនតាមផ្លូវដែកនេះមានសារៈសំខាន់ណាស់វាជួយកាត់បន្ថយការខូចខាតផ្លូវថ្នល់ផងហើយដឹកទំនិញបានច្រើនផងប្រជារាស្រ្តយើងក៏អាចធ្វើដំណើរកម្មករ កម្មការិនីជាច្រើនក៏អាចធ្វើដំណើរតាមរថភ្លើងមកពីបាងកកមក មកដល់នេះរហូតមកដល់កម្ពុជាតែម្ដងចុះនៅស្ថាននីយ៍យើង រទេះភ្លើងមកដល់នេះ នេះស្ថានីយ៍អន្តរជាតិនៅប៉ោយប៉ែត។
ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានជួសជុលដាក់ឱ្យប្រើប្រាស់ស្ថានីយរថភ្លើងក្រុងប៉ោយប៉ែតឡើងវិញបន្ទាប់ពីមានការអាក់ខានអស់រយះពេល៤៥ឆ្នាំមកហើយ ហើយការ ដាក់ឲ្យដំណើរការនេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែមានសន្ទុះកើនឡើង។
សួមបញ្ជាក់ថា នៅក្នុងព្រឹត្តិការសម្ពោធដាក់ឲ្យដំណើរការសេវាដឹកជញ្ជូនផ្លូវដែកឆ្លងដែនរួមគ្នារវាងកម្ពុជា-ថៃនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃនឹងជិះរថភ្លើងរួមគ្នាជាលើដំបូង ដើម្បីបង្ហាញពីការរឹតចំណងមិត្តភាពជាមួយគ្នាអោយកាន់តែស្អិតល្មួត៕