ម៉ាឡេស៊ីដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បន្ទាប់ពីការចូលរួមបានរយៈពេលមួយខែ

AKP ភ្នំពេញ ថ្ងៃទី០ខែមេសា ឆ្នាំ២០១៩​  — នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បានប្រកាសថា ទីក្រុងគូឡាឡាំពួនឹងដកខ្លួនចេញពីការផ្តល់សច្ចាប័នលើលក្ខន្តិកៈទីក្រុងរ៉ូម ស្តីពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅការិយាល័យនាយករដ្ឋមន្ត្រី លោក Mahathir បាននិយាយថា ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានការភាន់ច្រឡំនយោបាយដែលបណ្តាលមកពីក្រុមដែលមានចំណាប់អារម្មណ៍ដើម្បីទាញយកប្រយោជន៍ពីបញ្ហានេះដើម្បីបំបែករដ្ឋ។

យោងទៅតាមនាយករដ្ឋមន្រ្តីរូបនេះបានឱ្យដឹងថា អ្នកនយោបាយប្រឆាំងជាច្រើនបានបង្កឱ្យមានការច្របូកច្របល់ទៅលើការយល់ឃើញរបស់ប្រជាជនថា លក្ខន្ដិកៈនេះនឹងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យមេដឹកនាំម៉ាឡេរបស់ប្រទេសនេះ។

ប្រទេសម៉ាឡេស៊ី កាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានមេដឹកនាំបិតាគតិចំនួនប្រាំបួនរូប ដែលបានក្លាយទៅជាប្រមុខរដ្ឋនៃប្រទេសនេះ។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah បានចុះហត្ថលេខាទៅលើសន្ធិសញ្ញាស្ថាបនិក ICC កាលពីថ្ងៃទី ៤ ខែមីនា បន្ទាប់ពីគណៈរដ្ឋមន្រ្តីម៉ាឡេស៊ីបានអនុម័តការផ្លាស់ប្តូរនេះ ដែលធ្វើឱ្យប្រទេសនេះក្លាយជាសមាជិកទី ១២៤ នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០០២ មក។

យោងតាមរដ្ឋាភិបាលថ្មីដែលចាប់ផ្តើមឡើងកាន់អំណាចកាលពីខែឧសភា ឆ្នាំមុនបានឱ្យដឹងថា ការចូលរួមជាមួយ ICC គឺប្រទេសម៉ាឡេស៊ីអាចដើរតួនាទីយ៉ាងសំខាន់ក្នុងបញ្ហាទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ គឺជាតុលាការឧក្រិដ្ឋកម្មសង្រ្គាមអចិន្រៃ្តយ៍តែមួយគត់របស់ពិភពលោក ហើយមានគោលដៅកាត់ក្តីករណីរំលោភបំពានដ៏អាក្រក់បំផុតនៅពេលតុលាការជាតិមិនអាចធ្វើបាន ឬក៏មិនចង់ធ្វើ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)