UN-ESCAP ពេញចិត្តនឹងបន្តសហការជាមួយកម្ពុជាដើម្បីជំរុញគោលដៅអភិវឌ្ឍន៍ ប្រកប ដោយចីរភាពរបស់អង្គការសហប្រជាជាតិ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ — លោកជំទាវបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Ali​sjahbana)អគ្គលេខាធិការរង នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រ​ជា​ជា​តិ  (UN-ESCAP) បានថ្លែងថា UN-ESCAP ពេញចិត្ត នឹងបន្តសហការជាមួយកម្ពុជាបន្តទៀត ទាំ​​​ង​​ក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីធ្វើយ៉ាងណារួមគ្នាជំរុញគោលដៅ​អភិ​វ​ឌ្ឍ​ន៍​​ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ​ប្រា​ប់​អ្នក​យកព័ត៌មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រា​ជា​​​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ  អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana)អគ្គ លេខាធិការរង នៃគណៈកម្មការសេដ្ឋកិច្ចនិងសង្គម របស់អង្គការ​ស​ហ​​ប្រជាជាតិ (UN-ESCAP) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី០៩ ខែ​មេ​សា​ ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុងខណៈដែលលោកជំទាវ ដឹកនាំគណៈប្រតិភូមក​បំពេញ​ទស្ស​នកិច្ចនៅកម្ពុជា។

លោកជំទាវ  Armida Salsiah Alisjahbana បាន​ជម្រាប​ជួន​ស​ម្ដេច​តេជោថា  UN-ESCAP ទទួលស្គាល់នូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ​របស់​កម្ពុ​ជា ហើយបាន​បញ្ជាក់​ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ព្រះរាជាណា​ចក្រ​កម្ពុជា មានសន្តិភាព ស្ថិរភាព និងសុវត្ថិភាពពេញលេញ ហើយកម្ពុជាក៏បានទទួលនូវ​ការ​អភិវឌ្ឍនៅលើវិស័យយ៉ាង​ច្រើន។ លោកជំទាវក៏បានថ្លែងអំណរ​គុ​ណ​ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះកិច្ច​សហ​ប្រតិបត្តិការល្អជាមួយអង្គការសហ​ប្រ​ជា​​ជាតិ ក៏ដូចជាអង្គការ UN-ESCAP ផងដែរ។ ជាមួយគ្នានេះ លោកជំទាវក៏​បា​នថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែនផងដែរ ចំពោះការ​បង្កើត​គណៈកម្មា​ធិ​កា​រ​​​ជាតិ សម្រាប់ UN-ESCAP ដែលគណៈកម្មាធិការនេះ​បាន​កកើតឡើងតាំងពីឆ្នាំ២០០៨ ហើ​យ​​បានសម្របសម្រួល និងជំរុញការងារយ៉ាងជិតស្និទ្ធ​និង​ស្អិតរមួត រវាងអង្គការ UN-ESCAP និ​​ង​រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវក៏បានទទួល ស្គាល់ផងដែរនូវតួនាទីរបស់កម្ពុជា ក្នុងកា​រ​​ចូលរួមចំណែកទំនាក់ទំនង រវាងកម្ពុជា និង UN-ESCAP និងកម្ពុជា-អាស៊ាន និង UN-ES​CA​P​។​ លើសពីនេះទៅទៀត លោកជំទាវក៏បាន ជម្រាបជូនសម្ដេចតេជោដែរថា UN-ESCAP ពេញ​ចិ​ត្ត នឹងបន្តសហការជាមួយកម្ពុជាបន្តទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងក្របខ័ណ្ឌអាស៊ាន ដើ​ម្បីធ្វើយ៉ាងណារួមគ្នា ជំរុញគោលដៅ អភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រ​ជា​ជាតិ។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ​ចំពោះ អី្វលោកជំទាវ Armida Salsiah Alisjahbana ដែលបានលើកឡើង និងបានបញ្ជាក់ថា ជាការ​ពិ​ត​ណា​ស់មិនមានប្រទេសច្រើនទេ ដែលបង្កើតគណៈកម្មាធិការជាតិ សម្រាប់ធ្វើការសម្រប​សម្រួ​ល​ជាមួយនឹង UN-ESCAP ហើយមិនតែប៉ុណ្ណោះទេ កម្ពុជាបានសហការយ៉ាងល្អ​ជាទីបំផុត ជា​មួយនឹងភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ដែលប្រចាំនៅកម្ពុជា។ សម្ដេច តេជោបានគូសបញ្ជាក់ថា ជារៀងរាល់​ឆ្នាំ​តែ​ងតែមានកិច្ចប្រជុំរវាងភ្នាក់ងារអង្គការសហប្រជា ជាតិ​ទាំអស់ ជាមួយនឹងនាយករដ្ឋមន្ត្រី ហើ​យ​​នៅពេលនេះមិនមែនជាកិច្ចប្រជុំនោះទេ គឺត្រូវ​បានលើកកម្ពស់ទៅជាវេទិកាតែម្ដង ហើយ​គោ​លដៅវេទិការវាងភ្នាក់ងារអង្គការ​សហ​ប្រជា​ជាតិ និងរាជរដ្ឋាភិបាលនេះគឺធ្វើយ៉ាងណា ស​ហ​ការជំរុញនូវប្រសិទ្ធភាពការងារ​ឱ្យបាន​កាន់តែខ្ពស់។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏​បានជ​ម្រា​ប​ជូន​លោកជំទាវ Armida Salsiah Alisjahbana ផងដែរថា កម្ពុជាយកចិត្តទុកដាក់​សំ​ខា​ន់​បំ​ផុតជាមួយនឹងអង្គការសហប្រជាជាតិ មិនត្រឹមតែដើម្បីជំរុញការអភិវឌ្ឍគោលដៅ​អភិវ​ឌ្ឍ​ន៍​​ប្រកបដោយចីរភាពប៉ុណ្ណោះទេ គឺបាន ចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពនៅ​ក្រោមឆ័​ត្រ​​អង្គការសហប្រជាជាតិផងដែរ៕

ដោយ ជឹម ណារី