រាជរដ្ឋាភិបាលកំពុងយកចិត្តលើកកម្ពស់វិស័យបច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា សម្រាប់ អភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ -មន្រ្ដីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា រាជរដ្ឋាភិបាលបានកំពុងតែ យកចិត្តទុកដាក់លើកកម្ពស់វិស័យបច្ចេក វិទ្យាវិស្វកម្ម និងគណិតវិទ្យាដើម្បីចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិនៅពេលខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមអគ្គបណ្ឌិតសភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីសម្ពោធ​ដាក់ឱ្យដំណើរការជាផ្លូវការអគារវិទ្យាសាស្ត្រ មជ្ឈមណ្ឌលបណ្តុះបណ្តា លធុរកិច្ច​ថ្មី”តេជោ” និងសមិទ្ធិផលនានានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩។

ឯកឧត្តមអគ្គបណ្ឌិតសភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ​អគារ​ថ្មីនេះ ជាសមិទ្ធផល​មួយទៀតដែលបានសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលបានកំពុងតែអនុវត្តន៍ យ៉ាងសកម្មនូវ​គោលនយោបាយរបស់ខ្លួន និងបង្ហាញយ៉ាងច្បាស់ថា នៅពេលអនាគតផ្នែក វិទ្យាសាស្ត្រ​បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាបានកំពុងតែលេចចេញជារូបរាង នៅក្នុង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយបានចូលរួមជួយបន្ថែមជាមួយនឹងការបណ្តុះបណ្តាល លើវិស័យនេះ តាមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាលផ្សេងៗនៅ​ក្នុង​ប្រទេស។ ឯកឧត្តមឧប​នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អគាវិទ្យាសាស្ត្រ មជ្ឈមណ្ឌលបណ្តុះ​ធុរកិច្ចថ្មី ”តេជោ” ដែល ដាក់សម្ពោធឱ្យដំណើរនៅថ្ងៃនេះមានទំហំទឹកប្រាក់ប្រមាណជាង​៣លាន​ដុល្លារ។ ជាមួយនឹងការវិនិយោគមួយដែលមានសារៈសំខាន់ និងអាទិភាពរបស់រាជ​រដ្ឋាភិបាលក្នុងការកសាងធន​ធានមនុស្សក្នុងវិស័យនេះ គឺរាជរដ្ឋាភិបាលនឹងបន្តកសាងវិស័យ​នេះបន្តទៀតទៅតាមលទ្ធ​ភាព​នៃថវិកាជាតិ។ ឯកឧត្តមឧប​នាយករដ្ឋមន្ត្រីបានបន្ដថា នៅ​បរិវេណសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញគឺមានអាគារស្ទែមតែមួយ ហើយយើងមានសាលា​គំរូ​ស្ទែមនេះ នៅវិទ្យាល័យ​ព្រះស៊ីសុវត្ថិ និងមាន១១សាលាហើយនៅទូទាំងប្រទេស។ ជាមួយ​គ្នានេះ ក៏បន្តពង្រីក​សាលា​គំរូ និងមជ្ឈមណ្ឌលវិទ្យាសាស្ត្របែបនេះ ឱ្យបានច្រើជាបន្តទៀត ដែលមានស្តង់ដារបស់អគារ​ផ្តល់នូវផាសុខភាព និងផ្តល់សម្ភារ បរិក្ខារផ្សេងៗទៀត​ដើម្បី​សម្រេច​ឱ្យបានលទ្ធផលល្អ និង​ផលិតបាននូវធនធានមនុស្សប្រកបដោយគុណភាពនៅក្នុង វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា​វិស្វកម្ម និងគណិតវិទ្យា។

ឯកឧត្តមឧប​នាយករដ្ឋមន្ត្រីបានជំរុញឱ្យបង្កើតធនធានមនុស្សផ្នែកចបច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យានេះឱ្យបានច្រើននៅតាមតំបន់សំខាន់ៗនានានៅក្នុងប្រទេសកម្ពុជា ព្រោះថា គុណភាពធនធានតទៅមុខទៀត គឺជាគន្លឹះដ៏សំខាន់នៅក្នុងការប្រកួតប្រជែង ដែលកំណត់​នៃភាពប្រកួតប្រជែងរបស់ប្រទេសនីមួយៗនៅក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម​នាពេល​អនាគត។ ឯកឧត្តមបានបន្ថែមថា ធនធានមនុស្សរបស់កម្ពុជាគឺជាអាទិភាពខ្ពស់​បំផុតមួយ​ទាំងនៅក្នុងនីតិកាលកន្លងមក និងនៅអាណត្តិបន្តទៀត ដែលធនធានមនុស្ស​នឹងក្លាយជា​វិស័យអាទិភាពដ៏សំខាន់បំផុតរបស់រាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍន៍សង្គមជាតិ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក៏បានស្នើដល់ថ្នាក់ដឹកនាំសកលវិទ្យាល័យត្រូវធ្វើឱ្យអស់លទ្ធភាព ដូចជា ការធ្វើបច្ចុប្បន្នភាពក្នុងការលម្អកម្មវិធីសិក្សាផ្នែកបច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា​ ឱ្យមានលក្ខខណៈជាក់ស្តែងឱ្យស្របតាមការប្រែប្រួលបច្ចេកវិទ្យានៅក្នុងតំបន់ និង​ជា​សកល។ ក្រៅពីនេះ ក៏ត្រូវមានការស្រាវជ្រាវអន្តរវិស័យផ្នែកសង្គម និងផ្នែកវិទ្យាសាស្ត្រ និង​ការបង្កើត​ឱ្យមានយន្តការភាពជាដៃគូឧស្សាហកម្ម ឱ្យកាន់តែរឹងមាំ និងទម្រង់ច្រើនសម្បូរបែប។

“យើងចង់បានឱ្យមានការស្រាវជ្រាវផ្នែកវិស័យបច្ចេកវិទ្យានេះ មិនមែន ត្រឹមតែបម្រើ ឱ្យមានការរីកចម្រើនក្នុងវិស័យវិទ្យាសាស្ត្រខ្លួនឯងនោះទេ ប៉ុន្តែចង់បានការសិក្សាស្រាវជ្រាវ​នេះក្លាយជាឧបកណ៍ជាក់ស្តែងសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងដោះស្រាយ បញ្ហានានា នៅក្នុងសេដ្ឋកិច្ច និងសង្គមជាតិ”។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តមអគ្គ​បណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន លើកឡើងថា ក្រសួងអប់រំបានកំពុងតែខិតខំធ្វើការកែទម្រង់ប្រព័ន្ធអប់រំឱ្យ​មានភាពល្អប្រសើរ ដែលការអប់រំនេះមិនសំដៅទៅលើការកែសម្រួលប្រព័ន្ធប្រឡងនោះទេគឺត្រូវធ្វើការកែប្រព័ន្ធ អប់រំចាប់ពីកុមារតូចមក។ ឯកឧត្តមបានបន្ដថា ការអប់រំនេះដើម្បីឱ្យធនធានមនុស្សរបស់​កម្ពុជាត្រៀមខ្លួនយ៉ាងល្អ ដោយបណ្តុះទាំងនីតិសម្បទា បំនិនសម្បទា និងចរិយាសម្បទា ដែលជាគន្លឹះសម្រាប់ការចូលរួមប្រកបដោយប្រសិទ្ធភាពនៅក្នុងសេដ្ឋកិច្ចឌីជីថលដែលជា ផ្នែកសំខាន់ក្នុងវិស័យបដិវត្តឧស្សាហកម្មរបស់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលសម្រាប់ អាណត្តិនេះ។ ឯកឧត្តមបានឱ្យដឹងទៀតថា អគារវិទ្យាសាស្ត្រនេះនឹងដាក់ឱ្យអនុវត្តន៍សម្រាប់​មហាវិទ្យាល័យវិទ្យាសាស្ត្រ និងមហាវិទ្យាល័យវិស្វកម្ម ក៏ដូចជាការបង្កើតមជ្ឈមណ្ឌល​ធុរកិច្ចថ្មីនេះ ក៏បានលើកទឹកចិត្តដល់យុវជនក្នុងការចូលរួមរៀនផ្នែកវិស្វកម្ម ផ្នែកវិទ្យាសាស្ត្រ ផ្នែកគណិតវិទ្យា និងផ្នែកបច្ចេកវិទ្យាដែលជាមុខវិទ្យាមួយយ៉ាងសំខាន់ សម្រាប់បង្កើត​សេដ្ឋកិច្ចថ្មីនៅកម្ពុជា៕

ដោយ ប៊ុនរិទ្ធ