សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលជួបសំណេះសំណាលជាមួយកាកបាទក្រហមកូរ៉េ ស្រុកជុងជូ រដ្ឋធានីសេអ៊ូល

AKP សៀមរាប ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ -សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលជួបសំណេះ សំណាលជាមួយគណៈប្រតិភូកាកបាទក្រហមកូរ៉េ ស្រុកជុងជូ រដ្ឋធានីសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដែលពិធីជួបសំណេះសំណាលនេះបានធ្វើឡើងកាលពីថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។

នៅក្នុងពិធីសំណេះសំណាលនោះ លោកជំទាវ ទាង អេង ដែលតំណាងឱ្យឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀម រាប បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកាកបាទក្រហមកូរ៉េ មកកាន់ខេត្តសៀមរា​ប ។ ជាមួយគ្នានោះដែរ លោកជំទាវ បានធ្វើការបង្ហាញពីសមិទ្ធផលនិងសកម្មភាពនានារបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងបានចែករំលែកនូវបទពិសោ ធន៍ ក្នុងការធ្វើសកម្មភាពមនុស្សធម៌ ការចុះជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទនៅក្នុងសហគមន៍។

នាឱកាសនោះដែរ លោកស្រី Kim Young Sok ប្រធានគណៈប្រតិភូកាកបាទក្រហមកូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចែករំលែកបទពិសោធន៍ល្អៗជាច្រើនសម្រាប់ការអនុវត្តការងារមនុស្សធម៌ តាមស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និង វប្បធម៌ ស្រមតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដើម្បីផ្តល់សេវាកម្មមនុស្សធម៌ដល់ជនរងគ្រោះ និងជនងាយរងគ្រោះទាំងឡាយ ហើយលោកស្រីនឹងជួយផ្សព្វផ្សាយពីសកម្មភាពដ៏ប្រពៃនេះ ដើម្បីជូនដល់ប្រជាជនកូរ៉េ នៅក្នុងភូមិសាស្ត្រនៃស្រុកជុងជូ ផងដែរ។

គួរបញ្ជាក់ថា នៅក្នុងពិធីជួបសំណេះសំណាលនេះ លោកស្រី Kim Young Sok ប្រថានគណៈប្រតិភូកាកបាទក្រហមកូរ៉េ ក៏បានជូនកាដូអនុស្សាវរីយ៍ ជាអំណោយមួយចំនួនដល់សាខាកាកបាទក្រហកម្ពុជាខេត្តសៀមរាប មានដូចជា ប្រអប់សង្គ្រោះបន្ទាន់ ប្រអប់ដាក់ប៊ិច អាវយឺត និងសម្ភារផ្សេងៗមួយចំនួនទៀត៕

ដោយ ហង្ស​សៀក