មន្ទីរសុខាភិបាលខេត្តជំរុញនិងអប់រំប្រជាពលរដ្ឋពីវិធីបង្ការកុំឱ្យពុលអាហារក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

AKP កំពង់ស្ពឺ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ -មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបាន​និងកំពុងជំរុញឱ្យមន្ត្រី​សុខាភិបាលមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីវិធានការ ១១ចំណុចរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនកុំឱ្យពុលចំណីក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ហើយក៏បានជំរុញឱ្យប្រជាពលរដ្ឋត្រូវស្វែងរកការព្យាបាលឱ្យបានលឿនបំផុតប្រសិនបើសង្ស័យថាខ្លួនអាចពុល ស្រា និងចំណីអាហារនោះ។

លោកវេជ្ជបណ្ឌិត អោ វ៉ាន់ថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានប្រាប់AKPឱ្យដឹងនៅថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ថា លោកបានជំរុញឱ្យមន្ត្រីសុខាភិបាលមូលដ្ឋានចុះទៅក្រើនរម្លឹកប្រជាពលរដ្ឋជាប្រចាំ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសុខភាព ដែលអាចកើតមានក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលស្របគ្នាជាមួយនឹងអាកាសធាតុមានការកើនកម្តៅខ្លាំង ជាពិសេសទៅលើការបរិភោគចំណីអាហារ និងភេសជ្ជៈ ការរៀបចំអាហារ និងការទុកដាក់មិនត្រឹមត្រូវ ដើម្បីចៀសផុតពីបញ្ហាឈឺពោះ ក្អួត រាគរូស ដែលបណ្ដាលមកពីការបរិភោគចំណីអាហារ មិនមានអនាម័យ អាហារជូរផ្អូម ឬការពុលស្រា ដែលទិញស្រាមកពិសាផលិតមិនមានលក្ខណៈតាមបច្ចេកទេសត្រឹមត្រូវ។

លោកវេជ្ជបណ្ឌិត អោ វ៉ាន់ថេន បានបញ្ជាក់ថា ដើម្បីចៀសផុតពីការពុលចំណីអាហារប្រជាពលរដ្ឋត្រូវការពារខ្លួនដោយអនុវត្តន៍តាមវិធានការ ១១ចំណុចរបស់ក្រសួងសុខាភិបាល ដូចជា៖ ទី១-ការប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច។ ​ទី២-ត្រូវលាងដៃនឹងសាប៊ូមុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារមុនបរិភោគ មុនពេលបញ្ចុកកូន និងក្រោយពេលបន្ទោបង់។ ទី៣-អាហារត្រូវគ្របជានិច្ច ដើម្បីចៀសវាងរុយរោម។ ទី៤-ពិនិត្យមើលចំណីអាហារដែលអាចនឹងជូរផ្អូម។ ទី៥-លាងសម្អាតបន្លែ ផ្លែឈើជាមួយនឹងទឹកស្អាតមុនបរិភោគ។ ទី៦-សម្អាតសម្ភារប្រើប្រាស់ ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។ ទី៧-ចម្អិនអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ ទី៨-ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា។ ទី៩-កុំរក្សាទុកអាហារក្នុងកម្តៅធម្មតាលើសពី ២ម៉ោង។ ទី១០-មិនត្រូវរក្សាទុកអាហារច្រើនថ្ងៃ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពក៏ដោយ ។ ទី១១-កុំប្រើប្រាស់ចំណីអាហារហូសកាលកំណត់ប្រើប្រាស់។ ប៉ុន្តែបើមានបញ្ហាពុលអាហារ ឬរោគសញ្ញាពុលស្រា ដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម គឺត្រូវស្វែងរកការពិនិត្យ និងព្យាបាលជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ៕

ដោយ លឹម សាន្ត