ស្ពានស្ទឹងបត់ក្រុងប៉ោយប៉ែត​តភ្ជាប់ព្រំដែនកម្ពុជា-ថៃនឹងសម្ពោធឱ្យប្រើប្រាស់នៅពេល ខាងមុខ

AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែមេសា ​ឆ្នាំ២០១៩ -ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន ឱ្យដឹងថា ស្ពានស្ទឹងបត់ដែលមានប្រវែង ៦០៥ម៉ែត្រ តភ្ជាប់ប្រទេសកម្ពុជា និងប្រទេសថៃ នៅ តំបន់ច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃ ទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ​ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងប្រទេស ទាំង។

 ​

​ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះ ​កាលពីថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសដែល​ឯកឧត្តម រួមជាមួយ ឯកឧត្តម Arkhom Termpittayapaisith  រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានចុះពិនិត្យស្ថានីយរថភ្លើងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រំប្រទល់ ប្រទេសកម្ពុជា និងស្ថានីយរថភ្លើងខ្លងលឹក ខេត្តស្រះកែវ ប្រទេសថៃ ដែលត្រៀមដាក់សម្ពោធ ឱ្យប្រើប្រាស់ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខ។ ​

​ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងទៀតថា ស្ពានស្ទឹងបត់នេះបានកសាង ដោយវិស្វករថៃទាំងស្រុងតែម្តងដែលមានប្រវែង ៦០៥ម៉ែត្រក្នុងនោះខាងកម្ពុជា​មានប្រវែង ២១៥ម៉ែត្រហើយស្ពាននេះដែរភាគីថៃជាអ្នកចំណាយថវិកាទាំងស្រុងដោយបានតភ្ជាប់ប្រទេស ថៃ និងកម្ពុជា ដែលទុកសម្រាប់តែដឹកទំនិញតែប៉ុណ្ណោះ ហើយអ្នកដំណើរគឺត្រូវចេញ-ចូល តាម ច្រកប៉ោយប៉ែតវិញ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ភាគីថៃក៏បានផ្តល់ប្រាក់កម្ចីដើម្បីសាងសង់ប៉ុស្តិ៍ត្រួតពិ និត្យនៅតាមព្រំដែនផងដែរ ក្នុងនោះភាគីថៃក៏បានធ្វើការត្រួតពិនិត្យជាក់ស្តែងក្នុងពេលដែល ឯកឧត្តមបានមកត្រួតពិនិត្យផ្ទាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីដឹកជញ្ជូនថៃ ដើម្បីឱ្យដឹងច្បាស់ លាស់ពីទីតាំង។

​​ឯកឧត្តមទេសរដ្ឋមន្រ្តី បានឱ្យដឹងទៀតថា ស្ពាន និងផ្លូវដែកកម្ពុជា-ថៃនៅច្រកព្រំដែន (ចាស់)ប៉ោយប៉ែត-ខ្លងលឹក បានស្ថាបនារួចរាល់ហើយ នៅតែការរៀបចំបែបបទនៃការប្តូរ នីតិវិធីដឹកជញ្ជូន និងការដឹកជញ្ជូនទំនិញ និងមនុស្សឆ្លងដែន។ ចំណែកច្រកព្រំ ដែនអន្តរជាតិ (ថ្មី)ស្ទឹងបត់-ណងអៀន វិញគឺលើផ្នែកសំណង់ផ្លូវស្ពានទាំងលើទឹកដីថៃ ទាំងលើទឹកដីកម្ពុជា ភាគីថៃអនុវត្តន៍បានស្ទើរតែ១០០ភាគរយហើយ៕

ដោយឈុន សារ៉ាត