អាជ្ញាធរខេត្តកំពង់ឆ្នាំង បួងសួងសុំឱ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តមានសេចក្ដី សុខ និងចម្រើនសួស្ដីក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

AKP កំពង់ឆ្នាំង ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ -នៅថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខេមេសា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ឆ្នាំងមាន រៀបចំប្រារព្ធធ្វើពិធីសូត្រមន្តចម្រើនសិរីសួស្តីសុំសេចក្ដីសុខជូនដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គ.ស២០១៩ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងសីលវន្ត សីលវត្តី យ៉ាងច្រើនកុះករ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា ខេត្តកំពង់ឆ្នាំង តែងតែប្រារព្ធធ្វើពិធីចូលឆ្នាំថ្មីជារៀងរាល់ឆ្នាំដោយមានការចូលរួមពីមន្រ្តីរាជការ សាលាខេត្ត អង្គភាពជុំវិញខេត្តនិង មន្រ្តីរាជការ ដោយក្នុងនោះមានរៀបចំពិធីក្រុង ពលីបួងសួងចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ ជូនដល់អភិបាលខេត្តមុនៗដែលធ្វើកាលកិរិយាទៅហើយនោះ មួយផ្នែកទៀតឧទ្ទិសកុសលជូនដល់ជីដូនជីតា បុព្វការីជន និងបងប្អូនប្រជាពលរដ្ឋដែលបានបង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត ព្រមទាំងយុទ្ធជន យុទ្ធនារី ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៅទូទាំងខេត្តកំពង់ឆ្នាំង ដែលបានរូមសាមគ្គី សហការគ្នាបានល្អ តាមភារកិច្ចរៀងៗខ្លួនដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង ទទួលបានសមិទ្ធផលថ្មីៗជាច្រើនរហូតដល់បច្ចុប្បន្ននេះ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តតាមអនុសាសន៍ និង យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ សូមមានសុខភាពល្អ ដើម្បីបន្តអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត។  ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់បានធ្វើពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៤១អង្គ ផងដែរ ៕

ដោយ បៃ ស៊ីថុន