កិច្ចប្រជុំលើកទី១ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តឧត្តរមានជ័យ

AKP ឧត្តរមានជ័យ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ -ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ឯកឧត្តមនាយឧត្តសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ពិសេសគឺការផ្តល់សេវាសាធារណៈឱ្យបានល្អ ស្របតាមអភិក្រម ធ្វើឱ្យបាន លឿន និងឱ្យមានប្រសិទ្ធភាព សំដៅធ្វើឱ្យប្រជាពលរដ្ឋមានការទុកចិត្ត ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។

ការជំរុញណែនាំនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តឧត្តរមានជ័យ កាលពីថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ  ក្រោមអធិបតីភាព ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ ដែលមានការចូលរួមពីសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូល ដ្ឋានខេត្តឧត្តរមានជ័យ ឯកឧត្តមអភិបាល អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក ព្រមទាំងសមាជិកក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំ ជាច្រើនរូបផងដែរ។

ក្នុងកិច្ចប្រជុំលើកទី១នេះ រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ បានរាយការណ៍ពីលទ្ធផលនៃការងារដោះស្រាយបញ្ហាមួយចំនួន ព្រមទាំងបានលើកឡើងពីបញ្ហានៅសេសសល់មួយចំនួន ដែលមិនទាន់បានដោះស្រាយជូនប្រជាពលរដ្ឋ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។

ដើម្បីជំរុញការដោះស្រាយបញ្ហាទាំងឡាយដែលនៅសេសសល់នោះឯកឧត្តម គន់ គីម បានដាក់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់រដ្ឋបាលខេត្ត ក្រុមការងារថ្នាក់ជាតិ មន្ទីរជំនាញ និងមន្ត្រីតាមមូលដ្ឋានក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ ត្រូវបន្តអនុវត្តន៍ការងាររាល់បញ្ហាដីធ្លី សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ដោយជំរុញការចេញសាលាកប័ត្រព័ត៌មានឱ្យដល់ដៃរបស់ប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែងនៃតំបន់នីមួយៗ ពិសេសនៅតំបន់ណាដែលត្រូវបានចុះវាស់វែង និងមានឯកសារគ្រប់គ្រាន់រួចហើយ ។ បង្កើនការបង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន និងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុង    អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះឱ្យបានល្អ។ ជំរុញការធ្វើអត្តញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋខ្មែរ ដើម្បីសម្រួលឱ្យប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណ ក្នុងការធ្វើបែបបទឯកសារគតិយុត្តិផ្សេងៗ និងប្រើប្រាស់ការបោះឆ្នោតថ្នាក់ជាតិ ។ ត្រូវយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ត្រូវខិតខំចុះផ្ទាល់ដល់គ្រួសារប្រជាពលរដ្ឋ និងខិតខំដោះស្រាយសេវាសំណូមពរឱ្យបានល្អ ស្របតាមអភិក្រម ធ្វើឱ្យបាន ធ្វើឱ្យលឿន និងធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ទិត ស្រ៊