អនុប្រធានទី១ព្រឹទ្ធសភាទទួលជួបសវនាការជាមួយប្រធានសភាសហព័ន្ធវ៉ាល់ឡូនីព្រុចសែល

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ​ឆ្នាំ២០១៩ -នៅរសៀលថ្ងៃចន្ទ ៤កើត ខែចេត្រឆ្នាំច សំរឹទ្ធិស័ក ​ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩  ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា  បានទទួលជួបសវនាការជាមួយឯកឧត្តម ហ្វីលីព កួរ៉ាដ (PHILIPPE COURARD) ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ព្រុចសែល នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិ ភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ឹម កា បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តម ហ្វីលីព កួរ៉ាដ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ នេះគឺជាលើកទី២ហើយ ដែលឯកឧត្តម ហ្វីលីព កួរ៉ាដ ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ ពិតជាបាននាំមកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងសភា និងប្រជាជននៃប្រទេសទាំងពីរ ដែលត្រូវបានចារឹកទុកប្រកបដោយស្វាហាប់ និងទៀងទាត់ បន្ទាប់ពីអនុស្សរណៈយោគយល់គ្នារវាងសភា នៃប្រទេសទាំងពីរ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ។ ឯកឧត្តម ស៊ឹម កា ក៏បានសម្តែងនូវការកោតសរសើរចំពោះឯកឧត្តម និងគណៈប្រតិភូដែលបានចូលរួមពិភាក្សាយ៉ាងសកម្មក្នុងសិក្ខាសាលាស្តីពី ចក្ខុវិស័យភាសាបារាំងនៅកម្ពុជាទៅជាយ៉ាងណា? ក្នុងឱកាសបុណ្យទិវាភាសាបារាំង ដែលព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តែងតែរៀបចំឡើងជារាងរាល់ឆ្នាំនោះ។

ឯកឧត្តម អនុប្រធានទី១ ព្រឹទ្ធសភា បានគូសបញ្ជាក់ថា នេះគឺជាអនុស្សរណៈយោគយល់ជាប្រវត្តិសាស្រ្តលើកដំបូងរវាងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងសភាសហព័ន្ធវ៉ាឡូនី -ព្រុចសែល ក្នុងចំណោមបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។ ក្នុងស្មារតីនេះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងសភា នៃប្រទេសទាំងពីរនឹងកាន់តែពង្រឹងថែមទៀត ក្នុងដំណើរផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក មានជាអាទិ៍ ទស្សនកិច្ចរបស់ឯកឧត្តមប្រធាននាពេលនេះ និងឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភាកម្ពុជា កាលពីដើមឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។ ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានគណៈប្រតិភូ និងសហសេវិកដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងយកចិត្តទុក ដាក់ក្នុងអំឡុងពេលស្នាក់នៅរបស់គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅលើទឹកដីបែលហ៊្សិក បានស្តែងចេញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងសភា នៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចដើម្បីឈ្វេងយល់អំពីវិស័យអប់រំ និងវប្បធម៌ ដែលជាសមត្ថកិច្ចរបស់សភាសហព័ន្ធវ៉ាលឡូនី ព្រុចសែល បានទទួលនូវចំណេះដឹងជាច្រើន លើវិស័យអប់រំ និងវប្បធម៌។ ក្រៅពីនេះតាមរយៈអនុស្សរណៈយោគយល់គ្នា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលបានូវសមិទ្ធផលជាបន្តបន្ទាប់។

ឯកឧត្តម ហ្វីលីព កួរ៉ាដ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបសវនាការនាឱកាសនេះ។ ឯកឧត្តម ហ្វីលីព កួរ៉ាដ បានសម្តែងនូវសេចក្តីរីករាយ និងឯកភាពចំពោះប្រសាសន៍របស់ឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភាដែលបានលើកលឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភានៃប្រទេសទាំងពីរ ក្នុងនោះដូចជាការបណ្តុះបណ្តាល ការរៀបចំសភាយុវជន នេះគឺបង្ហាញឱ្យដឹងកាន់តែច្បាស់ថែមទៀតនូវឆន្ទៈរបស់សភាវ៉ាឡូនី ព្រុចសែល ក្នុងការរឹតចំណងមិត្តភាព ដែលមានគោលបំណងក្នុងការពង្រឹងកិច្ចការសភាឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តម បានបញ្ជាក់ថា ការងារអប់រំ និងការបង្រៀនវប្បធម៌ដែលជាកិច្ចការដ៏សំខាន់មួយ ដែលសភាវ៉ាលឡូនី ព្រុចសែលកំពុងតែជជែកពិភាក្សាគ្នា ហើយការផ្លាស់ប្តូរបទពិសោធន៍អំពីបញ្ហានេះ មានសារៈសំខាន់ណាស់ដើម្បីឱ្យសភាទាំងពីរមានចំណេះដឹងកាន់តែទូលំទូលាយថែមទៀតដើម្បីពង្រឹងកិច្ចការនេះ ពីព្រោះការអប់រំ និងវប្បធម៌គឺជាការងារដែលត្រូវធ្វើជារៀងរហូត ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានថ្លៃអំណរគុណចំពោះឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា ជាពិសេសថ្លែងអំណរគុណចំពោះប្រទេសនិយាយភាសាបារាំង (ហ្រ្វង់កូហ្វូនី)  ដែលភាសានេះ ឃើញមានវត្តមានក្នុងចំណោមតំណាងរាស្ត្រ សមាជិកសភា វត្តមាននៅក្នុងសិក្ខាសាលា ជាពិសេសសម្រាប់យុវជន។ ឯកឧត្តមប្រធានគណៈប្រតិភូបានសម្តែងនូវសេចក្តីរីករាយក្នុងការស្វាគមន៍ចំពោះឯកឧត្តម លោកជំទាវទាំងអស់ចំពោះដំណើរទស្សនកិច្ចនៅប្រទេសបែលហ៊្សិកផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់អំពីសារៈសំខាន់នៃអនុស្សរណៈនៃការយោគយល់គ្នារវាងសភានៃប្រទេសទាំងពីរ  និងថ្លៃងនូវការកោតសរសើរចំពោះឯកឧត្តម ជា ជេដ្ឋ ដែលបានដើរតួរនាទីយ៉ាងសំខាន់ ធ្វើឱ្យឯកសារនេះលេចចេញជារូបរាងឡើង និងមានវត្តមានរបស់ឯកឧត្តម និងគណៈប្រតិភូនាពេលនេះ៕

ដោយ ប៉ាស់ សុង