នាយកដ្ឋាននីតិកម្មអប់រំ និងស្តារនីតិសម្បទាណែនាំអោយក្លឹបកំសាន្តត្រូវចៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀនគ្រប់ប្រភេទ

វិទ្យុជាតិកម្ពុជា៖


លោកលឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បាន កោតសរសើរចំពោះម្ចាស់ក្រុមហ៊ុនអ៊ែតអេប៉ិចឌែនស៊ីង អ៊ែន អ៊ិនធរ័ធែនមែនដែលបានសហការជាមួយនាយកដ្ឋានជំនាញនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន រៀបចំឲ្យមានកម្មវិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដើម្បីបង្កើនចំណេះដឹង ដល់បុគ្គលិកទាំងអស់ បានយល់ដឹងកាន់តែច្បាស់និងចូលរួមកាន់តែសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន នៅក្លឹបកំសាន្តអេប៉ិច ១ កាលពីរសៀល ថ្ងៃទី៨ខែមេសា ឆ្នាំ២០១៩ លោក លឹម តុងហួត ក្នុងងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែង ថា ប្អូនៗជាយុវជនដាច់ខាតត្រូវតែចៀសឲ្យឆ្ងាយកុំពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ហើយប្អូនៗជាមុខសញ្ញាងាយរងគ្រោះទៅនឹងបញ្ហាគ្រឿងញៀនដូចនេះប្អូនៗត្រូវតែខិតខំស្វែងយល់ ព័ត៌មានពាក់ព័ន្ធនឹងចំណេះដឹង ដើម្បីអាចបង្ការខ្លួនបានពីបញ្ហាគ្រឿងញៀន។
លោកប៉ាវ វ៉ានីរ៉ុង តំណាងក្រុមហ៊ុនអ៊ែតអេប៉ិចឌែនស៊ីង អ៊ែន អ៊ិនធរ័ធែនមែន បានមានប្រសាសន៍ថា ការជួបជុំនាពេលនេះគឺដើម្បីចូលរួម យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលលើកទី៤ ដែលក្រុមហ៊ុនបានសហការអនុវត្តនាពេលកន្លង និងដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនអោយកាន់តែមានប្រសិទ្ឋភាពបន្ថែមទៀត៕