មន្រ្តីនគរបាលចរាចរណ៍ខេត្តសៀមរាប បានស្ម័គ្រចិត្ត​បរិច្ចាគឈាម ជូនមជ្ឈមណ្ឌលផ្តល់ឈាមនៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត

AKP សៀមរាប ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ — មន្រ្តី​នគរបាលចរាចរណ៍ នៃស្នងការនគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ បានស្ម័គ្រចិត្ត​បរិច្ចាគឈាមជូនមជ្ឈមណ្ឌលផ្តល់ឈាមនៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តសៀមរាប ដែលការបរិច្ចាគឈាមនេះមានអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការជួយ ដល់សង្គម ជួយដល់អ្នកជំងឺដែលខ្វះឈាម បង្ហាញពីសាមគ្គីភាព និងចូលរួមការងារ​សង្គម​ដើម្បីប្រទេសជាតិ ម្យ៉ាងវិញទៀតក៏ជាការរួមចំណែកយ៉ាងសំខាន់ ​ក្នុង​ការ​ជួយសង្គ្រោះជីវិត ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅក្នុង​​មន្ទីរពេ​ទ្យជា អំពើមនុស្សធម៌ និងជាពលរដ្ឋ និងកម្លាំងម្នាក់ដែលឆ្លើយតបទៅនឹ​ង​សង្គមយ៉ាង​ពិត​ប្រាកដផងដែរ។ លោកវរសេនីយ៍ឯក ជឹម សុវណ្ណ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវ គោកនៃស្នងការនគរបាលខេត្តសៀមរាបបានថ្លែងថា នេះជាលើកទី១ហើយ សម្រាប់ មន្រ្តីនគរបាលចរាចរណ៍នៅខេត្តសៀមរាប ដែលបានស្ម័គ្រចិត្ត​មកបរិច្ចាគឈាម ព្រោះគិតថា ការបរិច្ចាគឈាមនេះ បានជួយសង្គ្រោះជីវិតមនុស្ស និងការងារសង្គមដែលកងកម្លាំង របស់លោកត្រូវតែធ្វើ។

លោកបាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​នគរបាលចរាចរណ៍ជារាងរាល់ថ្ងៃតែងតែសម្រួល ដល់ចរាចរណ៍ឱ្យប្រជាពលរដ្ឋធ្វើដំណើរឱ្យមាន​ស្រួលនិងមាន​សុវត្ថិភាព។ នេះមន្ត្រីនគរបាលចរាចរណ៍បាន​ស្ម័គ្រចិត្តមកបរិច្ចាគឈាមជូនមជ្ឈមណ្ឌលផ្តល់ឈាមនៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តសៀមរាប ដើម្បីទុកសម្រាប់ជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសអ្នកដែល គ្រោះថ្នាក់ចរាចរណ៍។

លោក ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យខេត្តសៀមរាបបានថ្លែងថា ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រានៃការប្រើប្រាស់សេវាមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានការ កើនឡើងគួរកត់សម្គាល់​ ហើយរាល់ការពង្រីក និងបន្ថែមសេវាឯកទេស នៅក្នុងមន្ទីរពេទ្យនេះ តម្រូវឱ្យមានការប្រើប្រាស់ឈាមកាន់តែច្រើនឡើងផងដែរ​។

លោកបានបញ្ជាក់ថា ការប្រើប្រាស់ឈាម​នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបក្នុង ឆ្នាំ២០១៦គឺប្រើប្រាស់ឈាមប្រមាណជា១៣០០ប្លោក នៅឆ្នំា២០១៧ប្រើប្រាស់ឈាម អស់ប្រមាណ​២៥០០ប្លោក ហើយនៅឆ្នាំ២០១៨ ប្រើប្រាស់ឈាមសម្រាប់សង្គ្រោះជីវិតមនុស្ស តាមរយៈការវះកាត់ផ្សេងៗរហូតទៅដល់ប្រមាណ៣៧០០ប្លោក។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ មជ្ឈមណ្ឌលផ្ដល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្ត សៀមរាបត្រូវការប្រជា​ពលរដ្ឋ​បរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានច្រើន ពោលបើ តាមផែនការ គឺ​ត្រូវការឱ្យមានបរិច្ចាគឈាមដោយស្ម័គ្រចិត្ត១០០ភាគរយ ខណៈបច្ចុប្បន្ន មានសប្បុរសជនជាតិ និងអន្តរជាតិដែលបានមកធ្វើការបរិច្ចាគឈាមដោយស្ម័គ្រ ចិត្តប្រមាណ៦០ទៅ៧០ភាគរយហើយ។ លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ អ្នកដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមភាគច្រើនជាយុវជន។ លោកក៏បានថ្លែអំណរគុណ ដល់មន្រ្តីនគរបាលចរាចរខេត្តសៀមរាប ដែលបានឈ្លៀតពេលពីការងារដ៏មញាញឹក មកផ្តល់ឈាមដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

លោកប្រធានមន្ទីរពេទ្យរូបនេះ​ បានអំពាវ​នាវ​ ឱ្យ​ប្រជា​ពលរដ្ឋ​បរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលផ្តល់ឈាមនៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តសៀមរាប ឱ្យបានកាន់តែច្រើនបន្ថែមទៀតដើម្បីជួយសង្គ្រោះជីវិតមនុស្ស ខណៈ​ដែល​មន្ទីរមួយនេះ មានអត្រាប្រើប្រាសឈាមកើនឡើងជាបន្តបន្ទាប់ ជាពិសេសប្រើប្រាស់សម្រាប់ ស្រី្តសម្រាលកូន អ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ និងការវះកាត់ធំៗសម្រាប់សង្គ្រោះ បន្ទាន់ផងដែរ៕

ដោយ ឃុត សៅ