អាជ្ញាធរជាតិអប្សរាបណ្ដុះបណ្ដាលជំនាញថតរូបបន្ថែមដល់មន្រ្តីផ្សព្វផ្សាយរបស់ខ្លួន

AKP សៀមរាប ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ — អាជ្ញាធរជាតិអប្សរាបានបណ្ដុះបណ្ដាលជំនាញថតរូបបន្ថែមទៀត លើជំនាញការងារ​ដែល​មាន​ស្រាប់ដល់មន្រ្តីនៃនាយកដ្ឋានផ្សព្វផ្សាយរបស់ខ្លួនចំនួន១៥នាក់ ក្នុងបំណងដើម្បី ផ្តល់ឱកាសដល់បុគ្គលិកទទួលបន្ទុកផ្នែកព័ត៌មាន និងថតរូប ឱ្យមានចំណេះដឹងបន្ថែមអំពី​របៀប​ថតរូប ឱ្យមានគំនិតចេះថត ដើម្បីយកមកផ្សព្វផ្សាយបម្រើដល់ស្ថាប័នអាជ្ញាធរ​ជាតិ​អប្សរា។ ការបណ្ដុះបណ្ដាលបាននឹងចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ។

លោកគ្រូបង្គោលនៃវគ្គសិក្សានេះ គឺលោក ម៉ក់ រ៉េមីស្សា អ្នកថតរូបអាជីព បម្រើការងារ ឱ្យទីភ្នាក់ងារ EPA របស់អឺរ៉ុប(European Press photo Agency) និងមានបទពិសោធន៍ផ្នែក​ថតរូបរយៈពេលជាង២០ឆ្នាំមកហើយ។ បើតាមលោកគ្រូ ម៉ក់ រ៉េមីស្សា បានឱ្យដឹងថា ការចាប់​ផ្តើមនៃការបង្រៀននេះ នឹងណែនាំពីរបៀបប្រើប្រាស់កាមេរ៉ា គោលការណ៍នៃការថតរូប ក៏ដូចជាគោលគំនិតទូទៅនៃសារព័ត៌មានរូបភាព។ល។ ហើយសម្រាប់លោកគ្រូ ម៉ក់ រ៉េមីស្សា រូបភាពពិតគឺជាការសំខាន់សម្រាប់ការផ្សព្វផ្សាយទូទៅ និងទុកជាឯកសារទៅថ្ងៃក្រោយ។

កញ្ញា ហ៊ីង ស្រីរ័ត្ន ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើ បានឱ្យដឹងថា វគ្គសិក្សានេះ នឹងជួយឱ្យខ្លួននាងដឹងពីមុខងាររបស់កាមេរ៉ា ពេលវេលាល្អចំពោះការថតរូប ពិសេសដឹងពីភាពខុសគ្នារវាងការថតរូបឯកសារ និងរូបសម្រាប់ព័ត៌មាន។ កញ្ញាបន្ដថា វគ្គសិក្សានេះ ឱ្យនាងដឹងពីធាតុសំខាន់ៗក្នុងការថតរូបឱ្យស្អាត មានគុណភាព សោភណភាព និងមានការទាក់ទាញ៕

ដោយ ហង្ស សៀក