ក្រសួងទេសចរណ៍មាន​គម្រោង​បង្កើតតំបន់ទេសចរណ៍នៅភ្នំគូលែន ដើម្បី​បំពេញត្រូវការភ្ញៀវទេសចរដែលចូលចិត្តដើរផ្សងព្រេង

AKP សៀមរាប ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ — នៅក្នុងបទបង្ហាញនៅក្នុងកិច្ចប្រជុំការងារ ក្នុងវិស័យទេសចរណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងខេត្តសៀមរាបនេះ ផលិតផលទេសចរណ៍ជាច្រើន ក្រៅពីប្រាសាទ អង្គរវត្តដូចជា នៅសហគមន៍ទេសចរណ៍កំពង់ភ្លុក សហគមន៍ទេសចរណ៍បឹងពារាំង សហគមន៍ទេសចរណ៍កំពង់ឃ្លាំង ភូមិដ្ឋាននធម្មជាតិរ៉ុនតាឯកជាដើម។ ប៉ុន្តែនៅក្នុង ខេត្តសៀមរាបនេះយើង​ខ្វះផលិតផលទេសដើរផ្សងព្រេង ដើម្បី​បំពេញតម្រូវការដល់អ្នកទេសចរដែលមាន​ចំណូលចិត្តដើរផ្សងព្រេង។

លោកបន្តថា កន្លងមកនេះ អ្នកទេសចរដែលមាន​ចំណូល​ចិត្ត​ដំណើរកម្សាន្តបែបផ្សងព្រេងនៅតាមព្រៃភ្នំតែងតែនាំគ្នា ទៅកម្សាន្តនៅភ្នំឱរ៉ាល។ ប៉ុន្តែឥឡូវនេះក្រសួងទេសចរណ៍មាន​គម្រោងបង្កើតឱ្យមាន​​ដំណើរកម្សាន្តបែបផ្សងព្រេង នេះនៅភ្នំគូលែន ព្រោះថា វាជាទីតាំងមួយដ៏ល្អសម្រាប់អ្នកទេសចរចំណាយពេលវេលា និងថវិកា មកកម្សាន្តនៅខេត្តសៀមរាប បានទាំងទស្សនាប្រាសាទបុរាណ តំបន់ទេសចរណ៍ ធម្មជាតិ ទេសចរណ៍សហគមន៍ និងដំណើរកម្សាន្តបែបផ្សងព្រេងនៅក្នុងព្រៃភ្នំគូលែន អតីតរាជធានីខ្មែរ និងមាន​ប្រាសាទ និងវត្ថុផ្សេងៗដែលនៅសល់ក្នុងព្រៃនេះ ហើយយើងមិនទាន់បាន​ជួប។ ជាមួយគ្នានេះអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរទេសចរណ៍ ខេត្តសៀមរាប ក៏កំពុងតែខិតខំជំរុញការរៀបចំ«សៀមរាបក្រៅពីប្រា សាទអង្គរ» ជាមួយវិស័យឯកជនបណ្ដើរៗហើយដែរ ដើម្បីបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗទៀត។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា វិស័យសាធារណៈ និងវិស័យឯកជនក្នុងវិស័យទេសចរណ៍ ត្រូវរួមគ្នាបង្កើតផលិតផល ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិបន្ថែមទៀត ដើម្បីបំពេញចំណាប់អារម្មណ៍ និងតម្រូវការកម្សាន្តរបស់ភ្ញៀវទេសចរអន្តរជាតិ ធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរដែលមក ទស្សនាកម្ពុជា មានឱកាសស្នាក់នៅយូរថ្ងៃយូ និងចាយច្រើន។ ជាមួយនេះ ប្រតិបត្តិករ ទេសចរណ៍ទាំងអស់ត្រូវបង្កើនការផ្តល់សេវាជូនភ្ញៀវទេសប្រកបដោយគុណភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យមន្ទីរទេសចរណ៍ខេត្ត ត្រូវទប់ស្កាត់ការឡើងថ្លៃហួស ហេតុពេកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយត្រូវបញ្ជ្រាបឱ្យម្ចាស់មូលដ្ឋានអាជីវកម្ម ទេសចរណ៍ទាំងអស់ ដាក់បង្ហាញតារាងតម្លៃលើមុខទំនិញ-សេវាកម្មរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងអាចទទួលយកបាន៕

ដោយ ឃុត សៅ