សហព័ន្ធប្រដាល់គុនខ្មែរប្រជុំពង្រឹងគុណភាពការងារ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ស្តីបន្ទោសអាជ្ញាកណ្តាលកាត់ក្តីមិនយុត្តិធម៌

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩​ — ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយ កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅពហុកីឡដ្ឋានជាតិ បន្ទាប់ពីប្រមុខរាជរដ្ឋា ភិបាលសម្តេច​តេជោ ហ៊ុន សែន បានស្តីបន្ទោសពីរឿងអាជ្ញាកណ្តាលកាត់សេចក្តីមិនយុត្តិធម៌ កាលពីក្នុង​ឱកាសជួបជុំកីឡាករ​ កីឡាការិនីជាង ៤.០០០ នាក់ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ។

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានអំពាវនាវឱ្យថ្នាក់ដឹកនាំ​សហព័ន្ធកែតម្រូវជាបន្ទាន់ចំពោះបញ្ហាមន្ដ្រីអាជ្ញាកណ្ដាលមួយចំនួន ក្នុងវិស័យប្រដាល់​គុន​ខ្មែរ​កាត់សេចក្ដីមិនយុត្តិធម៌ ដើម្បីចៀសវាងការធ្វើឱ្យកីឡាករបាក់ទឹកចិត្ត និងខូចកិត្តិយស​ជាតិទៀតផង។ សម្ដេចតេជោបានទម្លាយនូវភាពអសកម្មមួយចំនួន ដែលកើតឡើងក្នុង​វិស័យកីឡា ពិសេសកីឡាប្រដាល់ ដោយអាជ្ញាកណ្ដាល បានផ្ដល់ពិន្ទុ មិនយុត្តិធម៌ តាម​សង្វៀន​ស្ថានីយទូរទស្សន៍មួយចំនួន។

សហព័ន្ធប្រដាល់គុនខ្មែរបានកោះប្រជុំ ដោយមានមន្ដ្រីគណៈកម្មការ អាជ្ញាកណ្ដាល​ជាង១០០នាក់ចូលរួម ហើយឯកឧត្តម តែម ម៉ឺន ក៏បានព្រមានធ្ងន់ៗ ចំពោះមន្ដ្រីអសកម្មមួយ​ចំនួនត្រូវពង្រឹងការងាររបស់ខ្លួនឡើងវិញ ហើយប្រធានសហព័ន្ធរូបនេះក៏ទទួលស្គាល់ថា មានភាពអសកម្ម និងការផ្ដល់ពិន្ទុ មិនអាចទទួលយកបានពីមន្ដ្រីក្រោមឱវាទរបស់ខ្លួនផងដែរ ដែលឯកឧត្តមទាមទារឱ្យពួកគេត្រូវកែតម្រូវជាដាច់ខាត បើមិនចង់បាត់បង់ការងារ។

ឯកឧត្តម តែម ម៉ឺន បានបញ្ជាក់ថា ឯកឧត្តមគាំទ្រពេញទំហឹងចំពោះអនុសាសន៍របស់សម្ដេច តេជោ ដើម្បីយកមកអនុវត្តន៍ក្នុងសហព័ន្ធ ដោយត្រូវប្ដេជ្ញាអនុវត្តន៍តាមប្រសាសន៍​របស់​សម្ដេចតេជោឱ្យមានប្រសិទ្ធភាពបំផុត។ ឯកឧត្តមទទួលយកមិនបាន សម្រាប់ការកាត់សេចក្ដី​របស់អាជ្ញាកណ្ដាល អ្នកឈ្នះទៅជាចាញ់ និងអ្នក ចាញ់ ទៅជាឈ្នះ។ ជាមួយគ្នានេះ ដូច សម្ដេច​តេជោ​បានបញ្ជាក់ពីភាពមិនត្រឹមត្រូវមិនមែនខូចតែម្ដុំទេ គឺខូចទាំងកិត្តិយសជាតិ។ ដូច្នេះក្នុង នាមសហព័ន្ធពិសេសមន្ដ្រីបច្ចេកទេសត្រូវពង្រឹងការងារនេះឡើងវិញ។

គួររម្លឹកថា ក្រៅពីកីឡាប្រដាល់ ក៏មានកីឡាមួយចំនួនទៀតត្រូវបានសម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសហព័ន្ធធ្វើការយកចិត្តទុកដាក់ ចំពោះការកាត់សេចក្ដីផងដែរ ដូចជាកីឡា​បាល់ទាត់ជាដើម ដើម្បីធានាការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងសម្រិតសម្រាំងបាន​នូវ​ធនធានកីឡាករ-កីឡាការិនីប្រកបដោយសមត្ថភាពពិតប្រាកដ ដើម្បីត្រៀមចូលរួមប្រកួត​ប្រជែង​មេដាយលើឆាកអន្ដរជាតិ ពិសេសត្រៀមធ្វើម្ចាស់ផ្ទះការ ប្រកួតកីឡាស៊ីហ្គេម លើកទី​៣២ នាឆ្នាំ២០២៣ នៅប្រទេសកម្ពុជា៕

ដោយ ហេង ណាលីន