សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមក្នុង ពិធីសូត្រមន្ត បង្សុកូល នៅវត្តគីរីសុវណ្ណារាម នៅឃុំកក់ ស្រុកពញាក្រែក

AKP ត្បូងឃ្មុំ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩​ — សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤  ទី១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សៅ ទី ព្រមទាំងបុត្រា បុត្រី  ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ បាននិមន្តព្រះសង្ឃ ដើម្បីប្រារព្ធ ពិធីសូត្រមន្តបង្សុកូលនៅវត្តគីរីសុវណ្ណារាម ហៅវត្តថ្កូវ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ស្រុកពញាក្រែក  ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។ពិធីនេះមាន នមស្ការថ្វាយព្រះរតនត្រ័យ សមាទានសីល បង្សុកូល និងពិធីរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទិសកុសលទៅដល់បុព្វការីជនរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវមាន មាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឱ្យបានឋិតក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងពិធីនេះដែរ ព្រះសង្ឃបានប្រោះព្រំប្រសិទ្ធពរជ័យមង្គល បួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីព្រះរាជា ណាចក្រកម្ពុជា និងសូមទេវតាឆ្នាំថ្មី ឆ្នាំកុរ ព្រះនាមទុង្សាទេវី សូមតាមជួយ អភិបាលប្រោះព្រំសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ សៅ ទី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់របស់សម្តេច និងលោកជំទាវ បានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសនោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវបានប្រគេនបច្ច័យចំនួន ១៥លានរៀលដល់វត្តគីរីសុវណ្ណរាម ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ប្រគេនព្រះសង្ឃ និងបានចែកជូននូវសម្ភារៈ និងថវិកាដល់លោកយាយ លោកតា ដែលបានអញ្ជើញចូលរួមផងដែរ។

ជាមួយគ្នានេះ ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូល មកដល់នាពេលដ៏ខ្លីខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី ព្រះនាមទុង្សាទេវី សូមជួយថែរក្សា អភិបាល ប្រោសព្រំ និងប្រទានពរជ័យ ដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិគ្រប់ៗគ្នា ឱ្យទទួលបាននូវសិរីសួស្តី ជ័យមង្គល អាយុយឺនយូរ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន សេចក្តីសុខ និងសុភមង្គលគ្រប់ការ។

សូមបញ្ជាក់ថា វត្តគីរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ ជាវត្តមានវ័យចំណាស់មួយក្នុងតំបន់នេះ ហើយបច្ចុប្បន្នទីអារាមវត្ត ទាំងមូលមានការរីកចម្រើនយ៉ាងខ្លាំង ដោយមានសមិទ្ធផលគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹង តម្រូវការខាងវិស័យព្រះពុទ្ធសាសនា អាស្រ័យដោយទទួលបានការជួយឧបត្ថម្ភគាំទ្រអស់ ពីចិត្តពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ៕

ដោយ ប៉ាល់ សុង