រកឃើញជ័យលាភីកីឡាយុទ្ធសិល្បិ៍ចម្រុះ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ — អង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃបានរៀបចំការប្រកួតកីឡាយុទ្ធសិល្បិ៍ លើកទី២ ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ប្រចាំឆ្នាំ២០១៩ ដោយ​បានបញ្ចប់ និងបាន រកឃើញជ័យលាភីលើ៦ប្រភេទកីឡា នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពី បាន​ដំណើរការប្រកួតពេញមួយព្រឹក នៅសាលសហព័ន្ធកីឡាសូហ្វតេន្នីសនៃពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ​បាន មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំប្រកួតលើ៦ប្រភេទកីឡា ដែលជាប្រភេទ​កីឡាប្រយុទ្ធ រួមមាន៖ កីឡាការ៉ាតេដូ, តេក្វាន់ដូ, យូដូ, វ៉ូវីណាម, ហាប់គីដូ និងកីឡាវូស៊ូ ដើម្បី​លើកកម្ពស់ក្នុងការបង្កើនគុណភាពសមត្ថភាពកីឡាករ កីឡាការិនីឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមបានបន្ដថា ប្រសិនបើមិនមានការប្រកួតនោះទេ នោះការហ្វឹកហាត់របស់ពួកគាត់មិន ទទួលបានលទ្ធផលល្អ​ទេ ព្រោះការប្រកួតគឺជាម៉ែត្រវាស់កម្រិតបច្ចេកទេស ដែលបានខិត​ខំហ្វឹកហាត់ នាពេលកន្លងមក។ ឯកឧត្តមបន្ថែមទៀតថា ការប្រកួតនេះក៏ការរម្លឹ​កដល់​ការហ្វឹក​ហាត់ ក៏ដូចជាផ្តល់ឱកាសដល់កីឡាករ កីឡាការិនីបានចូលរួម និងទទួលបាននូវថវិកាឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ផងដែរ។

ឯកឧត្តមបានអះអាងថា គឺមន្ត្រី​នគរ​បាល​ត្រូវតែចេះក្បាច់គុនលើប្រភេទកីឡា ប្រយុទ្ធណាមួយ ដូចជាតេក្វាន់ដូ ហាប់គីដូ ឬយូដូ ដើម្បីការពារខ្លួន ឬទប់ទល់ទៅនឹងព្រឹត្តិការណ៍អ្វីមួយ ដូចឯក ឧត្តមផ្ទាល់គឺជាអតីតកីឡាករ​ការ៉ាតេកម្រិតខ្សែក្រវាត់ខ្មៅ ក្នុងជំនាន់លោកគ្រូ ឡាច ចាន់សុវណ្ណ កាលពីឆ្នាំ ១៩៧៤ មកម្លេះ។ ក្រៅពីនេះ ឯកឧត្តមក៏ចេះក្បាច់គុនប្រយុទ្ធមួយចំនួនទៀត ដូចជាហាប់គីដូ យូដូជា​ដើម ដែលប្រភេទកីឡាប្រយុទ្ធនេះសម្បូរទៅដោយក្បាច់ប្រយុទ្ធ និងស្នៀតការពារខ្លួនជាច្រើន ដូច្នេះហើយទើបឯកឧត្តម លើកទឹកចិត្តឱ្យមន្ត្រីនគរបាលគប្បីត្រូវចេះប្រភេទកីឡា​ប្រយុទ្ធ​បែបនេះ។

ឯកឧត្តមបានបន្ថែមថា តាមរយៈព្រឹត្តិការណ៍ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២នេះ នឹងជួយជំរុញការអភិវឌ្ឍវិស័យកីឡាជាតិឱ្យកាន់តែរីកចម្រើន ក្នុងពេលដំណាល​គ្នា​ កុំឱ្យមាន​បច្ចេកទេស ឬសកម្មភាពអភិវឌ្ឍខុសគ្នាឆ្ងាយពេក ពោលគឺការប្រកួតនេះ គឺដើម្បីបំផុស និងលើកកម្ពស់ឱ្យប្រភេទកីឡានានារីកធំធាត់ជាមួយ ដើម្បីត្រៀមការប្រកួត​លើឆាកអន្តរជាតិ នាពេលខាងមុខ ជាពិសេសក្នុង ស៊ីហ្គេម ជាបន្តបន្ទាប់ និងស៊ីហ្គេម លើក​ទី៣២ នាឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ដោយ ហេង ណាលីន