ណាហ្គាវើល បំបាក់អគ្គស្នងការដ្ឋានគរបាលជាតិ ៦-០សប្តាហ៍ទី៣ ក្របខ័ណ្ឌ លីគកំពូលកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ — ក្រុមណាហ្គាវើលបានបំបាក់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផលបច្ចេកទេស ៦ទល់០ នៅក្នុងការប្រកួតសន្សំពិន្ទុសប្តាហ៍ទី៣ កាលពីល្ងាចថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩ នៅកីឡដ្ឋានស្តាតចាស់ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៩។​៦គ្រាប់ជ័យជម្នះរបស់ក្រុមការពារម្ចាស់ដំណែងជើងឯករដូវកាល២០១៨ ណាហ្គាវើល ធ្វើសម្រេច បាន២គ្រាប់ ដោយកីឡាករ Gurbani Amir នៅនាទីទី២ និងនាទី៧០, កីឡាករ Esho Omogba នៅនាទី៦៣, កីឡាករ Athuheire Kipson នៅនាទី៦៨ ខណៈកីឡាករ គួច ដានី រកបាននៅនាទី៧៧ និងកីឡាករ ញឹម សុវណ្ណារ៉ា ធ្វើសម្រេចបានគ្រាប់ទី៦ នៅនាទី៨៧។ ជាមួយនឹងជ័យជន្នះនេះ ​បានធ្វើ៣ប្រកួតរបស់ណាហ្គាវើល មាន៦ពិន្ទុ ឈ្នះ២ប្រកួត និង​ចាញ់​១ប្រកួត ខណៈ៣ប្រកួតរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឈ្នះ១ប្រកួត និងចាញ់២ប្រកួត មាន៣ពិន្ទុ ខណៈក្រុមព្រះខ័នរាជស្វាយរៀងបន្តគ្រប់គ្រងលើកំពូលតារាងដដែល បន្ទាប់ពី បានយកឈ្នះលើគូប្រកួតរបស់ខ្លួន គិរីវង់សុខសែនជ័យ ដោយលទ្ធផល ២ទល់០ ដោយ៣​ប្រកួត​របស់ព្រះខ័នរាជស្វាយរៀង ឈ្នះទាំង៣ប្រកួត មាន៩ពិន្ទុ ស្របពេលក្រុមប្រដេញពិន្ទុ​លើកំពូលតារាងលេខ២ និងលេខ៣ ដែលក្រសួងការពារជាតិ និងក្រុមវិសាខា ឆ្លងកាត់៣​ប្រកួត ឈ្នះ២ប្រកួត និងស្មើ១ប្រកួត មាន៧ពិន្ទុដូចៗគ្នា។

ចំពោះលទ្ធផលផ្សេងៗទៀត នាជំនួបសប្តាហ៍ទី៣ដូចគ្នានេះដែរ គឺក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន ចាញ់ ក្រុមវិសាខា ដោយលទ្ធផល ១ទល់៣, អង្គរថាយហ្គឺរ ចែកគ្នាម្នាក់១ពិន្ទុ ដោយលទ្ធផល ១ទល់១។ ដោយឡែក ៣ប្រកួត កាលពីល្ងាចថ្ងៃសៅរ៍ គឺក្រុមអាស៊ីអឺរ៉ុបយូណាយធីត យកឈ្នះ សូលទីឡូអង្គរ ២ទល់១ ស្របពេលដែលម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា យកឈ្នះក្រុម​យុវជន​បាទី១៨ឆ្នាំ ២ទល់០។ រីឯក្រសួងការពារជាតិបំបាក់ក្រុមចំណូលថ្មី ក្រុមខេត្តកំពង់ចាម យ៉ាងចាស់ដៃ ១១ទល់០៕

ដោយ ហេង ណាលីន