ឯកឧត្តម វ៉ា ថន  អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តតបសុខារាម នៅក្នុងស្រុកព្រែកប្រសព្វ

AKP ក្រចេះ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតី​ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវព្រះវិហារនិងសមិទ្ធផលនានាក្នុងវត្តតបសុខារាម ស្ថិតក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីថ្ងៃអាទិត្យ ៣កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩។

លោក សេក ប៊ុនហេង អភិបាលស្រុកព្រែកប្រសព្វបានឱ្យដឹងថា សមិទ្ធផលដែល សម្រេចបាន និងកំពុងធ្វើពិធីបុណ្យឆ្លង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺមានព្រះវិហារ ចេតិយ៍ ផ្លូវលំ២ខ្សែ រួមនិងសមិទ្ធផលនានាមួយចំនួនទៀត។

លោកបញ្ជាក់ថា សមិទ្ធផលទាំងនេះគឺបានមកពីការផ្តួចផ្តើមកសាងឡើងដោយ ព្រះគ្រូ សុវណ្ណត្ថេរោ គឹម ឯម បន្តរហូតដល់ ព្រះគ្រូ គឹម សាន្ត ចៅអធិការវត្តតបសុខារាម បច្ចុប្បន្ន ដោយការកៀរគរប្រមែប្រមូលបានមកពីសប្បុរសជនក្នុង និងក្រៅស្រុកដោយ ចំណាយថវិកាសរុបចំនួន ១០ម៉ឺន៧ពាន់ដុល្លារអាម៉េរិក។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត បានសម្តែងនូវការរីករាយ និងមានជំ នឿជាក់ពីការលះបង់នូវកម្លាំងកាយចិត្ត រួមនិងសម្ភារថវិកាក្នុងការចូលរួមកសាង និងអភិវឌ្ឍ ន៍នូវវិស័យព្រះពុទ្ធសាសនា ក្នុងភូមិឃុំ ស្រុករបស់យើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺស្តែងឱ្យឃើញពីការរីកចម្រើន នូវសេដ្ឋកិច្ចជីវភាពរបស់ប្រជាជន ដែលកើតចេញ ពីកត្តាសនិ្តភាព ស្ថិរភាព នយោបាយរបស់ប្រទេសជាតិ ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិ ទាំងមូល មានការអភិវឌ្ឍរីក ចម្រើនលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និង ពុទ្ធចក្រ។

ឯកឧត្ដម វ៉ា ថន បានសង្កត់ធ្ងន់ថា វិស័យសេដ្ឋកិច្ចជាតិ ដែលបានរក្សានូវកំណើន ៧ភាគរយជារៀងរាល់ឆ្នាំ ហើយការរីកចម្រើននេះ ក៏ផ្តើមចេញពីកម្លាំងនៃមហាសាមគ្គី ពីថ្នាក់ ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សប្បុរស ជន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយផងដែរ ម៉្យាង ទៀតទីវត្តអារាមនេះហើយ ដែលជាឃ្លាំងនៃអក្សរសាស្ត្រជាតិ ដែលជាទីកន្លែងប្រមូលផ្តុំ នូវសម្បត្តិវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ និងការបណ្តុះបណ្តាលនូវធនធាន មនុស្ស ដែលជាអត្តសញ្ញាណនៃជាតិសាសន៍ខ្មែរយើង ហើយបានកំពុងធ្វើការទាក់ទាញ ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត និងឈ្វេងយល់ផងដែរ។

ឯឧត្តមក៏បានស្នើសុំដល់ ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្ដាបន្តឆន្ទៈមនសិការ គោរពស្រឡាញ់ និងជួយថែរក្សាការពារនូវវប្បធម៌ ទំនៀមទម្លាប់ របស់ដូនតាខ្មែរ ដែលជាទ្រព្យ សម្បត្ដិរួមរបស់យើងទាំងអស់គ្នា ឱ្យបានគង់វង្សយូរ អង្វែងតទៅ ព្រមទាំងប្រកាន់យកនូវឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែលជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីសធម៌ ចរិយាធម៌ សេចក្ដីថ្លៃថ្នូសមស្របទៅ នឹងទស្សនៈថា “ ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម”។

ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានប្រគេនបច្ច័យផ្ទាល់ខ្លួនចំនួន ៤លានរៀល ដល់វត្ត និងចែកអំណោយដល់តាជីយាយជី និងសិស្សានុសិស្សមួយចំនួនផងដែរ៕

ដោយ ជួន សុជាតិ