លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃអញ្ជើញសម្ពោធសមិទ្ធផលនានា និងបញ្ចុះបឋមសិលា នៅវត្តទួលអំពិល ក្នុងខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩  — សមិទ្ធផលនានា ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ និងបញ្ចុះបឋមសិលាសាង សង់​ឧប្បដ្ឋានសាលាថ្មីបន្ថែមទៀត នៅក្នុងវត្តទួលអំពិល ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។​ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំងបានឱ្យដឹងថា​សមិទ្ធផល​នានា​នៅក្នុងវត្តទួលអំពិលដែលដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ មានផ្លូវ ខ្លោងទ្វារវត្ត ការ​ចាក់ដីបំពេញទីធ្លាវត្ត របង អណ្តូងទឹក បន្ទប់ទឹក និងដាក់អំពូលពន្លឺព្រះអាទិត្យ ដែល​សមិទ្ធ​​ផលទាំងអស់នេះ គឺបានកើតចេញពីសទ្ធាជ្រះថ្លាពីសំណាក់ លោកជំទាវ ជូ ប៊ុនអេង ព្រមទាំងប្រជាពលរដ្ឋពុទ្ធិបរិស័ទ្ទ និងសប្បុរសជនក្នុង និងក្រៅប្រទេសជាច្រើនទៀតផងដែរ ដោយចំណាយនូវការសាងសង់អស់ប្រមាណជាង៣០៥.៦៣៥ដុល្លារ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ថ្លែង​អំណរព្រះគុណ និងអរគុណ ចំពោះការកសាងសមិទ្ធផលទាំងអស់ នៅក្នុងទីអារាមនេះ ដែល​កើតចេញពីការខិតខំដឹកនាំពីសំណាក់ព្រះចៅអធិការ គណៈកម្មការអាចារ្យវត្ត និងការ​ចូលរួម​​បរិច្ចាគ ចែករំលែករបស់ពុទ្ធបរិស័ទ្ធ សប្បុរសជនជិតឆ្ងាយ និងប្រជាពលរដ្ឋដែល​មាន​សទ្ធា​ជ្រះថ្លារួមគ្នា កសាងសមិទ្ធផលនានាក្នុងទីវត្តអារាមនេះ។ ទន្ទឹមនេះ សមិទ្ធផលទាំងអស់នេះ បង្ហាញអំពីការយកចិត្តទុកដាក់ និងការរីកចម្រើនរបស់វិស័យព្រះពុទ្ធសាសនា ក្រោមការ​ដឹកនាំ​របស់រាជរដ្ឋាភិបាលកម្ពុជាដែលធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍ​ជាបន្តបន្ទាប់។ លោកជំទាវបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល បានលើកស្ទួយព្រះពុទ្ធ សាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការ គោរពប្រតិបត្តិសាសនាផ្សេងៗទៀត​ពោលគឺកម្ពុជា បានផ្តល់សិទ្ធិសេរីភាពជំនឿ និងសាសនា យ៉ាងពេញលេញដល់ពលរដ្ឋ។ ជាមួយគ្នានេះ ទំាងវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមមណ្ឌល ជីវភាព​ខាងស្មារតី ចូលរួមការអភិវឌ្ឍ អប់រំសង្គម ខាងផ្នែកវប្បធម៌ សុខាភិបាល សង្គមកិច្ច និង​សីលធម៌សង្គម ព្រមទាំងពង្រឹងសុខុដុមនីយកម្ម រវាងគ្រប់សាសនា រាំងស្កាត់ការធ្វើ​អាជីវកម្ម​លើសាសនា ប្រឆាំងការរើសអើង បែងចែក ក្នុងចំណោមប្រជាជន។ លោកជំទាវបាន​លើកឡើងថា នេះជាការចាំបាច់ណាស់ ដែលត្រូវប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លាក្នុងការការពារសន្តិភាព ឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។

លោកជំទាវ ក៏បានអំពាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ផ្តល់​សេវា​សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ចុះសួរសុខទុក្ខពលរដ្ឋគ្រប់ពេលវេលា​និងធ្វើ​ការ​ដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព។ ទន្ទឹមនេះ ត្រូវអប់រំប្រជាពលរដ្ឋឱ្យ យល់ដឹងពីច្បាប់​ចរាចរណ៍ផ្លូវគោក ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ និងគោរពច្បាប់ចរាចរណ៍ ដើម្បីការពារ អាយុជីវិត ធ្វើយ៉ាងណាកុំឱ្យឱកាសធ្វើបុណ្យទាន សប្បាយរីករាយ ក្លាយជាទុក្ខ។

នៅក្នុងឱកាសនោះលោកជំទាវ បានបំពាក់គ្រឿងឥស្សរិយយសដល់ព្រះចៅអធិការ និងសប្បុរសជនដែលបានចូលរួម កសាងនូវសមិទ្ធិផលនានា ក្នុងវត្តទួលអំពិល និងចូល​បច្ច័យបន្ថែមសម្រាប់កសាងវត្តចំនួន៦.៧០០.០០០រៀល៕

ដោយ បៃ ស៊ីថុន