អាជ្ញាធរខេត្តបន្ទាយមានជ័យនឹងរៀបចំព្រឹត្តិការណ៍សង្ក្រានបីកន្លែង ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិខាងមុខនេះ

AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ — ដើម្បី​អបអរសាទរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ​រដ្ឋបាលខេត្តបន្ទាយមានជ័យ​នឹង​រៀបចំ​ព្រឹត្តិការណ៍​​​សង្ក្រាន្តបីកន្លែង ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខ​។​​  ឯកឧត្តម សួន​ ​បវរ អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹង ​កាលពីព្រឹកថ្ងៃចន្ទ ទី​០៨ ខែ​​មេសា ឆ្នាំ២០១៩នេះថាឆ្នាំនេះខេត្តបន្ទាយមានជ័យបានត្រៀមសង្ក្រានបីកន្លែងធំៗសម្រាប់​​លេងសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដោយមាននៅក្នុងសួនមានជ័យក្រុងសិរីសោភ័ណ, នៅក្នុងប្រាសាទបន្ទាយឆ្មារស្រុកថ្មពួក និងនៅក្រុងប៉ោយប៉ែត និងមាននៅតាមទីវត្ត អារាម​សាលារៀនសម្រាប់ឱ្យប្រជាពលរដ្ឋមកលេងសប្បាយក្នុងនោះ មានល្បែងប្រជាប្រីយ៍ គ្រប់មុខ រាំធុងប៉ាស់ មានតន្ត្រីទំនើប តន្ត្រីស្គរដៃជាដើម។

ឯកឧត្តមសួនបវរក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋក្នុងខេត្តអញ្ជើញចូលលេងកម្សាន្តឱ្យបានច្រើនកុះករក្នុងឱកាសចូលឆ្នាំ៣ថ្ងៃនេះខណៈនៅឆ្នាំ២០១៩នេះសង្ក្រាន្តបន្ទាយមានជ័យមានលក្ខណៈធំជាងឆ្នាំមុនៗដោយមានកម្មវិធីកម្សាន្តជាច្រើនបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជា​ពលរដ្ឋដើម្បី​អបអរសាទរ និងទទួលទេវតាឆ្នាំថ្មីឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ គ.ស​២០១៩ នៅពេលខាងមុខនេះ។

អភិបាលខេត្តបន្ទាយមានជ័យបានជំរុញដល់ក្រុមការងារអនុគណៈកម្មការសង្ក្រាន្តខេត្តបន្ទាយមានជ័យត្រូវសហការអនុវត្តតួនាទីភារកិច្ចដូចមានកំណត់ក្នុងសេចក្ដីសម្រេចឱ្យបានល្អប្រសើរ​។ កងកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងស្មារតីសហការថែរក្សា សណ្តាប់ធ្នាប់ សន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ​ ឱ្យមានសណ្តាប់ធ្នាប់​សុវត្ថិ​ភាព​ ​ ល្អប្រសើរនឹងហាមលេងគប់ទឹកដាក់គ្នាជាដាច់ខាតចុះទៅតាមគោល ដៅដូចជានៅតាមទីកន្លែងកម្សាន្តរមណីយដ្ឋានទីវត្តអារាមមិនត្រូវបង្កើតក្រុមបងតូចបងធំនិងប្រកាន់បក្សពួកនៅក្នុងវត្តទីលេងកម្សាន្តនានាជាដាច់ខាត​។

​ ឯកឧត្តមក៏បានជំរុញឱ្យសមត្ថកិច្ចត្រូវបង្កើនការយកចិត្តទុកដាក់សម្រួលដល់ពលករ​ចំណាកស្រុកដែលវិលត្រឡប់មកពីស្រុកថៃមកលេងបុណ្យចូលឆ្នាំ នៅឯស្រុកកំណើត​ ហើយសមត្ថកិច្ចនៅតាមព្រំដែនមិនត្រូវធ្វើបាបពលករដូចជាយកលុយនិងធ្វើការគំរាមកំហែងជាដាច់ខាត៕

ដោយ ឈុន សារ៉ាត