សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យធនាគារជាតិនៃកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ​បន្តថែរក្សាកេរ្ដិ៍ដំណែល សារមន្ទីរសេដ្ឋកិច្ច និងរូបិញវត្ថុ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ស្នើ​ឱ្យ​ធ​នា​​គារ ជាតិនៃកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមថែរក្សាកេរ្ដិ៍ដំណែលសារមន្ទីរ​សេ​ដ្ឋ​កិច្ច និងរូបិញវត្ថុឱ្យបានរីកចម្រើនជាបន្តបន្ទាប់ តាមរយៈការបង្កបរិយាកាស​ដល់យុវជន​កម្ពុ​ជា ឱ្យបានចូលទស្សនាយ៉ាងទូលំទូលាយ ដើម្បីសិក្សាឈ្វេងយល់ ស្រាវជ្រាវ អំពីប្រវត្តិ និង​តួនាទី​​រូបិយវត្ថុកម្ពុជា សំដៅរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងការការពារនូវអធិប​តេយ្យ​​ភា​ព​ជាតិឱ្យបានគង់វង្ស។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែ​​លមាទីតាំងស្ថិតនៅក្នុងសង្កា​ត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ៣​​កើ​​ត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ សម្ដេ​ចតេ​ជោ ហ៊ុន សែន បាន​​​មានប្រសាសន៍រម្លឹកថា ដោយសារវិបត្តិភ្លើងសង្គ្រាមធ្វើឱ្យឯកសារ​នានាពាក់​ព័ន្ធ​ប្រវត្តិសា​វ​តា​​របស់កម្ពុជា ក៏ដូចជារូបិយវត្ថុផងត្រូវបានកប់បាត់ និងមិនសូវមានការចងក្រង​ឡើងនោះ​ឡើ​យ​ ដែលនេះជាហេតុនាំឱ្យកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹងពីសាវតានៃ​ការ​កកើត និងប្រើប្រាស់​រូបិ​យវត្ថុរបស់ខ្លួននោះឡើយ។ សម្តេចតេជោបានលើកឡើងថា កម្ពុ​ជា​​​​ធ្លាប់បាន​ប្រើប្រាស់រូបិយវត្ថុដែលមានប្រភពពីតំបន់ផ្សេងៗ តាមរយៈការធ្វើពាណិជ្ជកម្ម​ជាមួ​យ​បរទេស​តាំងពីសតវត្សរ៍ទី១ នៅសម័យនគរភ្នំ រហូតមកដល់សម័យអង្គរ ពេលដែលកម្ពុជា​បាន​ក្លាយ​ជាអាណាចក្រមានការរីកចម្រើនដល់កំពូល ប៉ុន្តែកម្ពុជាពុំបានបោះពុម្ពរូ​បិយវត្ថុជាតិ​នោះ​ទេ តែ​បានប្រើប្រាស់ប្រាក់សំប៉ែតដែលនាំមកដោយជនជាតិចិន។ នៅដើមសតវត្សរ៍ទី១៦ «ព្រះ​ស្រី​ជេដ្ឋារាជរាមានាធិបតី» ហៅ «ស្តេចកន» ព្រះរាជដំបូងគេបង្អស់របស់កម្ពុជា​បានបោះ​ផ្សា​យ​រូបិយវត្ថុជាតិ គឺ «ប្រាក់ស្លឹង» ដើម្បីពង្រឹងអំណាចផ្នែកសេដ្ឋកិច្ច នយោបាយ និង អធិ​ប​តេ​​យ្យជាតិ តាមរយៈការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយបរទេស ដូចជាការដោះដូរពាណិ​ជ្ជ​កម្ម​​ជាមួយអ្នកជំនួញព័រទុយហ្គាល់ និងអេស្ប៉ាញ តាមរយៈ “ប្រាក់ញ៉ាស់” និងការរៀបចំប្រព័ន្ធ​ព​ន្ធ​ដារច្បាស់លាស់ ដោយផ្អែកលើរូបិយវត្ថុជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិង​ពង្រឹង​អំ​ណា​ច​កងទ័ពផងដែរ។ សម្ដេចតេជោបានបន្ដថា នៅសតវត្សន៍ទី១៩ ព្រះបាទអង្គឌួង​បានបោះ​ផ្សាយរូបិយវត្ថុជាតិ​ គឺ «ប្រា​ក់​ប្រា​សាទ» ដើម្បីពង្រឹងភាពខ្លាំងនៃសេដ្ឋកិច្ច និងអធិបតេយ្យជាតិ និងរំដោះប្រទេសជាតិ​ចេញ​ពី​ឥទ្ធិពល នៃប្រទេសជិតខាង។ នៅសម័យក្រោមអាណាព្យាបាល​បារាំង កម្ពុជាមិនមាន​អធិ​បតេ​​យ្យផ្នែករូបិយវត្ថុទេ ប៉ុន្តែកម្ពុជាបានប្រើប្រាស់រូបិយវត្ថុ ក្រដាស​ប្រាក់ញ៉ាស់ ដែលបោះ​ផ្សា​យ​​ដោយធនាគារឥណ្ចិន ដែលជាធនាគារពាណិជ្ជបារាំង សម្រាប់​ប្រទេសនៅឥណ្ឌូចិន រួម​មា​ន​ កម្ពុជា វៀតណាម និងឡាវ ដើម្បីជាមធ្យោបាយទូទាត់សន្សំ និងខ្នាតកំណត់តម្លៃទំនិញ និង​សេ​វារហូតដល់ឆ្នាំ១៩៤៨។ ក្រោយមកប្រទេសទាំងបី​ត្រូវបាន​បារាំងបង្កើតឱ្យទៅ​ជាសមាគម​រដ្ឋ​ឥណ្ឌូចិនជាមួយវិទ្យាស្ថានបោះពុម្ពប្រាក់ឥណ្ឌូចិន ដែល​បង្កើត​ឡើងនៅឆ្នាំ១៩៥២ មានទី​ស្នាក់​ការកណ្ដា​លនៅទីក្រុងភ្នំពេញ ដើម្បីបោះផ្សាយរូបិយវត្ថុ សម្រាប់ប្រើប្រាស់​ក្នុងប្រទេស​៣​គឺ កម្ពុជា ឡាវ និងវៀតណាមក្រោមការគ្រប់គ្រង​របស់​បារាំង។ នៅចុងឆ្នាំ១៩៥៤ នៅទី​ក្រុ​ង​ប៉ា​រីស សហភាពរដ្ឋឥណ្ឌូចិនបានជួបប្រជុំចតុភាគី (បារាំង កម្ពុជា វៀតណាម និងឡាវ) ដើម្បី​ស្វែ​ងរកដំណោះស្រាយទាមទារឯករាជ្យ ផ្នែករូបិយ​វត្ថុសម្រាប់រដ្ឋនីមួយៗ។ នៅ​ថ្ងៃ​ទី​២​៣ ខែធ្នូ ឆ្នាំ ១៩៥៤ ប្រទេសកម្ពុជា បានទទួលឯករាជ្យ​ផ្នែករូបិយវត្ថុ ហើយបានបង្កើត​ធ​នា​គា​រ​ជាតិនៃកម្ពុជា បន្ទាប់មកប្រាក់រៀលត្រូវបានដាក់ឱ្យ​ចរាចរដោយជោគជ័យនៅខែកញ្ញា ឆ្នាំ​១៩​៥៥។ បន្ទាប់ពីកម្ពុជាទទួលបានអធិបតេយ្យ​ផ្នែក​រូបិយវត្ថុមិនដល់រយៈពេល២ឆ្នាំផង ស​ង្គ្រា​ម​ស៊ីវិល​ចាប់ផ្តើមកើតឡើងនៅដើមទសវត្សរ៍​ឆ្នាំ១៩៧០ ប្រាក់រៀលបានធ្លាក់ថ្លៃជាលំដាប់​រហូ​ត​ដល់កម្រិតមិនអាចគ្រប់គ្រងបាន ដោយសារ​ការបាត់បង់ជំនឿទុកចិត្តពីសាធារណជន និ​ង​​ការហូរចូលប្រាក់ដុល្លារអាម៉េរិក។ ថ្លៃទំនិញ​កើនឡើងខ្លាំង ធ្វើឱ្យអតិផរណាកើនឡើង​រហូ​ត​​ដល់អត្រា២២ភាគរយ ក្នុងឆ្នាំ១៩៧៤។

សម្ដេចតេជោបន្ដទៀតថា  ថ្ងៃទី ៧មករា ១៩៧៩ រណសិរ្សសាមគ្គី​ស​ង្គ្រោះជាតិកម្ពុជា បាន​ស​ង្គ្រោះ​ជាតិមាតុភូមិ និងប្រជាជនទូទាំងប្រទេសបានរួចផុត​ពីរបប​ប៉ុ​ល​ពត។ នៅថ្ងៃទី១០ ខែតុ​លា​ ឆ្នាំ១៩៧៩ ធនាគារកណ្ដាល ដែលនៅពេលនោះមាន​ឈ្មោះ​ថា​« ធនាគារជាតិ​នៃ​ប្រជាជន​កម្ពុ​ជា» ត្រូវបានបង្កើតឡើងវិញ ដើម្បីបង្ហាញពិភពលោកអំពីអធិប​តេ​យ្យ​ជាតិរបស់​កម្ពុជា ដែ​ល​ត្រូវស្ដារឡើងវិញពីចំណុចសូន្យ ដោយសារអគារធនាគារជាតិ​នៃ​​កម្ពុជា ត្រូវបាន​កម្ទេច គ្មាន​មានប្រភពហិរញ្ញវត្ថុ គ្មានសល់មរតកធនាគារពីមុនមក ទាំង​ឯក​សារ​បទពិសោធន៍ និង​ធ​ន​​ធានមនុស្ស។ នៅថ្ងៃទី ២០ ខែមីនាឆ្នាំ១៩៨០ កម្ពុជាបានបោះ​ផ្សា​យ​​រូបិយវត្ថុជាតិ គឺ​ប្រាក់​រៀ​ល​ ហើយត្រូវបានចរាចរឡើងវិញ ពេលនោះប្រជាពលរដ្ឋ​កម្ពុ​ជា​ទូ​ទាំង​ប្រទេសមាន​សេច​ក្ដី​រី​ក​រាយ និងអបអរសាទរយ៉ាងខ្លាំង គឺជាព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រ​ដំ​បូ​ង​បង្អស់ក្រោ​យថ្ងៃ​មហា​ជ័យ​ជម្នះ ៧មករា និងជាជោគជ័យរបស់រដ្ឋាភិបាល ក្នងការអនុវត្ត​គោ​លនយោបាយ​សេដ្ឋ​កិច្ច​ជា​តិ។ ទន្ទឹមនេះ រដ្ឋាភិបាលបានចាប់ផ្ដើមអនុវត្តន៍គោលនយោបាយ​ឥ​ណទាន ​ចំពោះក្រុមសា​មគ្គី​​​បង្កបង្កើនផល និសហគ្រាសរដ្ឋ ដោយធនាគារជាតិនៃកម្ពុជា​បា​ន​ចូលរួម​យ៉ាងសកម្ម ក្នុង​ការ​ជំរុញសកម្មភាពសេដ្ឋកិច្ចឡើងវិញ រួមមានការស្ដារដីកសិកម្ម ការ​ដាំដុះ​ដំណាំកៅស៊ូ និង​ឈើ​ ការនេសាទ សិប្បកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម ជាពិសេស គឺការ​ប្រមូលទិ​ញ​កសិ​ផ​ល​ ដែលធ្វើឱ្យផលិតផលកសិកម្មបានរីកចម្រើនជាបន្តបន្ទាប់។

សម្ដេ​ច​​តេជោ​នាយករដ្ឋមន្ត្រី បានថ្លែង​ឱ្យដឹងទៀតថា នៅដើមទសវត្សឆ្នាំ ១៩៩០ ប្រាក់ដុល្លារ​អាម៉េរិក​​ ដ៏​ច្រើ​ន​សន្ធឹកសន្ធាប់បានហូរចូល​ក្នុង​សេដ្ឋកិច្ចកម្ពុជា តាមរយៈវត្តមានអាជ្ញាធរ​បណ្ដោះអាសន្ន​រប​ស់អង្គការសហប្រជាជាតិ​ប្រ​ចាំ​កម្ពុជា (UNTAC) ធ្វើឱ្យដុល្លារូបនីយកម្មចាប់​ផ្ដើម​មាន​នៅ​ក​ម្ពុ​​ជា។ ដូច្នេះបញ្ហាដុល្លារូប​នីយ​ក​ម្ម មិនមែនចេញមកពីការសម្រេចចិត្តផ្នែក​នយោបាយរបស់​រា​ជរដ្ឋាភិបាលទេ ប៉ុន្តែជាការ​ជ្រើស​រើសរបស់ទីផ្សារ។ សម្ដេចតេជោបាន​បន្ថែមថា​ ប្រាក់ដុល្លារអាម៉េរិក​បានបន្តហូរ​ចូល​សេ​ដ្ឋកិ​ច្ចកម្ពុជា តាមរយៈជំនួយ ការធ្វើ​​ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគបរទេស ដែលជំ​រុ​ញ​ឱ្យ​ដុល្លារូបនីយកម្ម​កើន​ឡើង​ក្នុ​ង​​​កម្រិតខ្ពស់រហូតដល់បច្ចុប្បន្ន។ ប៉ុន្តែទន្ទឹមនេះ ប្រាក់រៀល​កម្ពុ​ជា​នៅ​តែជារូបិយ​វត្ថុសំខាន់ ពេ​ញ​​និយមសម្រាប់ចំណាយប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា​នៅទូ​ទាំ​​ង​ប្រទេស។ សម្ដេចគូស​ប​ញ្ជា​​ក់​​ថា ប្រវត្តិរូបិយវត្ថុ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម គឺ​ជា​​​ការធានានូវអធិប​តេយ្យ​ជា​តិ​ បូ​រ​​ណភាពទឹកដី ជាពិសេសការជំរុញកំណើនសេដ្ឋកិច្ចជាតិ​ប្រ​កប​ដោយចីរភាព។ ដូច្នេះ ដើម្បី​លើ​កកម្ពស់ប្រាក់រៀលកម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច​ជា​តិ​រយៈ​ពេល ៣៩ឆ្នាំ សម្ដេចបាន​ណែ​នាំ​ឱ្យ​ធនាគារជាតិនៃកម្ពុជា រៀបចំខួបអនុស្សាវរីយ៍លើកទី ៤០ នៃ​ការបង្កើតធនាគារជាតិ​នៃ​​កម្ពុ​ជា​ឡើងវិញក្នុងឆ្នាំនេះ៕

ដោយ ជឹម ណារី