អ្នកអភិរក្សសត្វព្រៃ បង្ហាញការព្រួយបារម្ភពាក់ព័ន្ធនឹងជំនឿ នៃការព្រលែងសត្វ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ — លោក Michael Meyerhoff អ្នកអភិរក្សសត្វព្រៃជនជាតិអាល្លឺម៉ង់ និងជានាយកប្រចាំប្រទេស នៃមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវចម្រុះ (ACCB) នៅកម្ពុជា បានសម្តែងនូវការព្រួយបារម្ភចំពោះជំនឿនៃការទិញសត្វ ដើម្បីព្រលែង ដោយលោកបានបញ្ជាក់ថា ទង្វើនេះគឺអាចធ្វើឱ្យគ្រោះថ្នាក់កាន់តែខ្លាំងចំពោះសត្វទាំងនោះ រួមទាំងអ្នកព្រលែងខ្លួនឯងផងដែរ។

ប្រជាជនកម្ពុជា ក៏ដូចជាអ្នកប្រតិបត្តិព្រះពុទ្ធសាសនាដទៃទៀតដែរ មានជំនឿថា ការលែងសត្វ ដូចជាត្រី អណ្តើក និងបក្សី ។ល។ គឺជាទង្វើល្អ ដែលអាចលាងបាប ឬរំដោះគ្រោះ ព្រមទាំងទទួលបានបុណ្យកុសលយ៉ាងធំធេង ប៉ុន្តែទម្លាប់នៃការធ្វើរបៀបនេះគឺពិតណាស់ នឹងជំរុញក្រុមប្រមាញ់ ឬក្រុមជួញដូរសត្វព្រៃ ឱ្យបង្កើនការដាក់អន្ទាក់ និងចាប់សត្វ ដែលកំពុងតែរងការគំរាមកំហែងស្រាប់ទៅហើយនោះ ។ លោកជឿជាក់ថា ប្រជាជនកម្ពុជាជាច្រើននាក់ចង់ជួយសត្វទាំងនោះ ដោយការទិញ ហើយដោះលែងពួកវាទៅក្នុងធម្មជាតិវិញ ប៉ុន្តែពុំបានគិតដល់ គ្រោះថ្នាក់នៃសត្វទាំងនោះ រួមទាំងខ្លួនឯង ដែលអាចប្រឈមនឹងជំងឺផ្សេងៗ ដែលអាចឆ្លងពីសត្វដែលអ្នកទិញបានប៉ះពាល់នោះទេ។

ជាក់ស្តែងដូចជានៅមុខព្រះបរមរាជវាំង នៅវត្តភ្នំ និងនៅសួនទល់មុខព្រះរាជដំណាក់នៅក្នុងក្រុងសៀមរាប ក៏ដូចជាតំបន់រមណីយដ្ឋានផ្សេងៗ នៅពេលមានបុណ្យទានម្តងៗ គឺមានការលក់ដូរសត្វជាច្រើន ជាពិសេសគឺពពួកសត្វស្លាប ដូចជាចាប ត្រចៀកកាំ និងអណ្តើក ហើយមានសត្វមួយចំនួន គឺជាប្រភេទសត្វដែលកំពុងតែរងការគំរាមកំហែង ដែលអាចប្រឈមនឹងការដាច់ពូជ ក៏ដូចជាសត្វដែលត្រូវបានការពារដោយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ជាដើម។  សត្វទាំងនោះ មួយចំនួនឈឺ រឺស្លាប់រួចទៅហើយ មុនពេលដែលត្រូវបានទិញ និងព្រលែងទៅទៀត ហើយសត្វមួយចំនួនធំទៀតបានស្លាប់បន្ទាប់ពីបានព្រលែង ដោយមូលហេតុមួយចំនួនដូចជា មានរបួស ការឆ្លងជំងឺរវាងសត្វនិងសត្វ ភាពហេវហត់ និងបាក់កម្លាំង ដែលធ្វើឱ្យសត្វទាំងនោះពុំអាចហើរ ឬក៏ហែលបានឆ្ងាយ ហើយភាគច្រើនណាស់ គឺបានស្លាប់ទៅវិញ។

លោកបានបញ្ជាក់ថា ប្រជាជនកម្ពុជាភាគច្រើនដែលមកទស្សនាមជ្ឈមណ្ឌលរបស់លោក បានសម្តែងការភ្ញាក់ផ្អើលបន្ទាប់ពីលោកបានពន្យល់ប្រាប់អំពីបញ្ហានេះទៅពួកគាត់ ហើយលោកគិតថា ពួកគាត់ពុំបានគិតដល់ផលវិបាកទាំងនោះឡើយ ដែលធ្វើឱ្យក្រុមអ្នកលក់ ក៏ដូចជាអ្នកប្រម៉ាញ់សត្វ ឆ្លៀតកេងចំណេញចិត្តសប្បុរសធម៌របស់ពួកគាត់ ទៅបម្រើផលប្រយោជន៍របស់ខ្លួនឯងទៅវិញ។

ប្រជាជនមួយចំនួនហាក់ដូចជាគិតថាសត្វបក្សីតូចៗដូចជា ចាប ឬត្រចៀកកាំ ជាដើម គឺនៅមានចំនួនច្រើននៅឡើយនៅក្នុងប្រទេស ក៏ប៉ុន្តែពុំបានដឹងថា សត្វបក្សីទាំងនោះ អាចនឹងឈានទៅរកការបាត់បង់នៅក្នុងរយៈពេលដ៏ខ្លីនាពេលខាងមុខឡើយ។ ជាឧទាហរណ៍គឺសត្វចាបទ្រូងលឿង ដែលមានរស់នៅក្នុងប្រទេសចិន និងឥណ្ឌា ហើយតែងតែហោះហើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ជារៀងរាល់ឆ្នាំ។ សត្វចាបប្រភេទនេះកាលពី១៥ ទៅ២០ឆ្នាំមុន គឺមានច្រើនណាស់ ប៉ុន្តែមកទល់ពេលនេះ គឺកំពុងតែស្ថិតក្នុងបញ្ជីក្រហមនៃប្រភេទសត្វដែលរងការគំរាមកំហែងខ្លាំងប្រឈមនឹងការផុតពូជ ដោយអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (International Union for Conservation of Nature) ។

ជាទូទៅប្រជាជនកម្ពុជាមួយចំនួនពុំទាន់យល់ច្បាស់អំពីជីវៈចម្រុះរបស់សត្វ និងបរិស្ថានដែលសត្វត្រូវការនៅឡើយ ដែលជាហេតុនាំឱ្យទម្លាប់ និងជំនឿនៃការទិញសត្វដើម្បីព្រលែង នៅតែមានបន្តរហូតមកទល់ពេលនេះ។ ក្នុងនោះ លោក Meyerhoff ក៏បានសង្កត់ធ្ងន់ទៅលើសុខភាពរបស់មនុស្សដែលទិញសត្វ ប៉ះពាល់សត្វ ហើយមានអ្នកខ្លះថើបសត្វ មុនពេលព្រលែង ដោយពុំបានគិតដល់ជំងឺផ្សេងៗ ដែលអាចឆ្លងមកលើខ្លួនឯង។ តាមរយៈការសិក្សាស្រាវជ្រាវមួយ កាលពីឆ្នាំ២០១២ នៅភ្នំពេញ បានរកឃើញថា ប្រមាណ ១០% នៃបក្សីដែលគេទុកលក់ សម្រាប់ព្រលែង គឺមានផ្ទុកមេរោគគ្រុនផ្តាសាយបក្សី ហើយមេរោគប្រភេទនេះ គឺគ្រោះថ្នាក់បំផុតចំពោះមនុស្ស។ ការប៉ះពាល់ ឬថើបសត្វទាំងនោះគឺអាចឆ្លងមេរោគគ្រុនផ្តាសាយបក្សី ហើយគ្រូពេទ្យមួយចំនួននៅតាមតំបន់ជនបទ គឺប្រហែលជាមិនអាចវិភាគដឹងថា មេរោគនេះបានឆ្លងពីបក្សីនោះទេ។

ក្រៅពីបក្សី អណ្តើកក៏ជាសត្វដែលគេនិយមក្នុងការព្រលែងដែរ ដែលនេះជាការគំរាមកំហែងយ៉ាងខ្លាំងដល់ការអភិរក្សប្រភេទសត្វល្មូននេះ។ ជួនកាលដោយក្តីអាណិតអាសូរ ប្រជាជនខ្លះបានទិញសត្វអណ្តើក ហើយយកប្រគល់ឱ្យ មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវចម្រុះ ។ លោក Meyerhoff តែងតែប្រាប់ប្រជាជន កុំទិញសត្វទាំងនោះ ព្រោះថា ការទិញកាន់តែច្រើន អ្នកលក់ក៏កាន់តែដាក់អន្ទាក់ចាប់សត្វ ហើយបើទោះជាសត្វទាំងនោះត្រូវបានសង្គ្រោះមកដល់មជ្ឈមណ្ឌលរបស់លោកក៏ដោយ ក៏សត្វទាំងអស់នោះភាគច្រើនបានស្លាប់ទៅវិញ សត្វខ្លះទៀតត្រូវការពេលព្យាបាលរាប់ខែទម្រាំ អាចជាសះស្បើយ ហើយបើទោះបីជាសត្វទាំងនោះបានជាសះស្បើយក៏ដោយ ក៏ពិបាកក្នុងការព្រលែងទៅក្នុងព្រៃធម្មជាតិវិញដែរ ជាក់ស្តែងដូចជាសត្វអណ្តើកស្រែ (Mekong Snail-eating turtle) ពួកវានិយមរស់នៅតែឯង ប៉ុន្តែអ្នកលក់តែងដាក់ពួកវារួមគ្នាក្នុងធុងតូចៗ រហូតដល់២០ក្បាល រឺលើសពីនេះ ហើយនៅក្រោមកម្តៅថ្ងៃ ជាហេតុធ្វើឱ្យសត្វប្រភេទនេះមានអារម្មណ៍ភ័យខ្លាច ពុំស៊ីចំណី ហើយប្រឈមនឹងការស្លាប់ បើទោះបីជាវាត្រូវបានគេទិញយកទៅព្រលែង ឬជួយសង្គ្រោះក៏ដោយ។ លោកបានបន្តថា “ខ្ញុំមិនចង់ឃើញសត្វនៅក្នុងទ្រុងនោះទេ ខ្ញុំចង់ឃើញសត្វនៅក្នុងព្រៃធម្មជាតិ ហើយសត្វដែលរស់នៅក្នុងទ្រុង ពុំមានអាយុវែងដូចសត្វដែលរស់នៅក្នុងព្រៃនោះទេ”។

លោក Meyerhoff មានសុទិដ្ឋិនិយមថា៖ “បើសិនជាប្រជាជនយល់ដឹងពីបញ្ហានេះ ពួកគាត់អាចនឹងឈប់ទិញ ហើយអាចរាយការណ៍ទៅអាជ្ញាធរផងដែរនៅពេលមានការចាប់ ឬលក់សត្វព្រៃ”។ ប្រទេសកម្ពុជាគឺប្រទេសមួយដែលមានជីវៈចម្រុះដ៏សំបូរបែបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន រុក្ខជាតិប្រមាណជាង៨.២៦០ប្រភេទ ថនិកសត្វជាង២០០ប្រភេទ សត្វដែលអាចរស់នៅក្នុងទឹក និងលើគោក ព្រមទាំងល្មូនជាង២៥០ប្រភេទ ត្រីជាង៨៧៤ប្រភេទ និងសត្វស្លាបជាង៦០០ប្រភេទ។ ហើយនៅប៉ែកនិរតីនៃប្រទេស គឺតំបន់ជួរភ្នំក្រវាញ ដែលលាតសន្ធឹងប្រមាណ១០.០០០គីឡូម៉ែត្រការ៉េ គឺជាតំបន់អភិរក្សជីវៈចម្រុះដ៏សំបូរបែប ដោយមានសត្វចតុប្បាទធំៗជាច្រើនប្រភេទ ដូចជាដំរី ខ្លាឃ្មុំ ខ្ទីង ។ល។ កំពុងរស់នៅ និងតំបន់អភិរក្សមួយចំនួនទៀតនៅក្នុងភូមិភាគឦសាន ក្នុងខេត្តមណ្ឌលគិរី និងរតនគិរី ជាដើម។

ដោយ ថាច់ ផាណារ៉ុង