ក្រសួងមហាផ្ទៃ នឹងលុបបំបាត់ក្លឹបកម្សាន្ត និងកន្លែងបូជាសពនៅជិតសាលារៀន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ជួន បូណា ៖


ក្រសួងមហាផ្ទៃ ប្រកាសថា នឹងលុបបំបាត់ក្លឹបកម្សាន្ដ និងកន្លែងបូជាសពនៅជិតសាលារៀន ដើម្បីកុំឲ្យប៉ះពាល់ទៅដល់ការសិក្សារបស់សិស្ស និស្សិត។
ក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់អាងហែលទឹក នៅពហុកីឡដ្ឋានខេត្តបាត់ដំបង ថ្ងៃទី៨ ខែមេសានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា គម្រោងលុបបំបាត់ក្លឹបកម្សាន្ត និងកន្លែងបូជាសពនៅជិតសាលារៀននេះ គឺធ្វើឡើង តាមចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមបន្ត្រី ដែលហាមឃាតការដាក់ក្លឹបកម្សាន្ដជិតសាលារៀន។ សម្ដេចក្រឡាហោម បញ្ជាក់ថា ការអនុញ្ញាតមិនឲ្យដាក់ក្លឹបកម្សាន្ដ និងកន្លែងបូជាសពនៅជិតសាលារៀននេះ ក្នុងគោលបំណងមិនឲ្យប៉ះពាល់ដល់អារម្មណ៍សិស្សានុសិស្សក្នុងពេលសិក្សា ខណៈការសេព និងចរាចរគ្រឿងញៀនច្រើនលក់ខ្លួនក្នុងក្លឹបកម្សាន្ត។
ពិសោធន៍កន្លងទៅគឺថា និស្សិតនៅមហាវិទ្យាល័យច្បាប់បឹងត្របែក រ៉ុក ដែលជាក្លឹបកម្សាន្ដ រហូតមកដល់ពេលនេះ យើងបានដោះស្រាយបិទហើយ។ កន្លែងបច្ឆាដុតខ្មោច ដុតអីមិនឲ្យមានជិតសាលាទេ ក្មេងមានអារម្មណ៍ ភ័យខ្លាច សម្រាប់ការរៀនសូត្ររបស់ក្មេង” ។
សម្ដេចក្រឡាហោម ស ខេង បន្តថា ក្រសួងមហាផ្ទៃ និង ក្រសួងអប់រំ យុវជន និង កីឡា នឹងបង្កើតបន្ទប់ពិសេសមួយ ដើម្បីបញ្ចាំងវិដេអូស្ដីការផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបញ្ហាចរាចរណ៍៕