ក្រសួងការងារអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធចូលរួមប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាពការងារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ កញ្ញា ទុយ សូលីដា ៖

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធចូលរួមប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ស្របពេលដែលទិវាសកលមួយនេះ នឹងត្រូវចូលមកដល់នៅថ្ងៃទី២៨ ខែមេសាខាងមុខនេះ ។
តាមរយៈសេចក្តីណែនាំឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំប្រទេសជាសមាជិកនៃអង្គការអន្តរជាតិការងារ បានរៀបចំទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារនេះឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ និងរំឭកដល់វិញ្ញាណក្ខន្ធកម្មករនិយោជិត ដែលបានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ការងារ និងវិជ្ជាជីវៈនៅលើពិភពលោក។ ទិវានេះ ក៏ធ្វើឡើងដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ និងបង្ការគ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈជាយថាហេតុ ដល់កម្មករនិយោជិត។
ឯកឧត្តម បានណែនាំដល់ប្រធានឬម្ចាស់សហគ្រាសគ្រឹះស្ថានទាំងអស់ ដែលបានបោះទីតាំងនៅតាមបណ្ដារាជធានីខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា រៀបចំប្រារព្ធទិវានេះឲ្យបានអធិកអធមនៅតាមសហគ្រាសគ្រឹះស្ថានរបស់ខ្លួន និងចងជាបដា ពាក្យស្លោកមួយចំនួន នៅតាមរបងខាងមុខសហគ្រាស គ្រឹះស្ថាន ដើម្បីចូលរួមអបអរសាទរទិវាពិភពលោកនេះ ដែលមានខ្លឹមសារដូចជា៖ «អបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ» «រួមគ្នាការពារសិទ្ធិការងារនិងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសការងារប្រកបដោយសុវត្ថិភាព» «យើងរួមគ្នាកត់ត្រាទុកនិងជូនដំណឹងអំពីគ្រោះថ្នាក់ជំងឺវិជ្ជាជីវៈនិងការកើតឡើងដោយគ្រោះថ្នាក់» ជាដើម។
សូមបញ្ជាក់ថា នេះជាឆ្នាំទី១៤ហើយ ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ ប្រារព្ធទិវាពិភពលោកនេះឡើង ដែលឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ « សុវត្ថិភាព និងសុខភាព និងអនាគតនៃការងារ»៕