ផ្ទាំងប៉ាណូអប់រំពីសុវត្ថិភាពចរាចរណ៍ជាង៣០០ផ្ទាំង នឹងត្រូវចងតាមដងផ្លូវក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ក្រុមបណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា គ្រោងចងផ្ទាំងប៉ាណូអប់រំពីសុវត្ថិភាពចរាចរណ៍ជាង៣០០ផ្ទាំងនៅតាមដងផ្លូវទាំង២៥រាជធានី-ខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីជាសារក្រើនរំឭកពីការគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយសារការធ្វេសប្រហែស និងមិនយកចិត្តទុកដាក់ក្នុងការបើកបរ។
ថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី៨ ខែមេសានេះ លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានឲ្យដឹងថា ក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរនេះ ក្រុមការងាររបស់លោក បានសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីធ្វើយុទ្ធនាការផ្សព្វផ្សាយ និងអបរំអំពីសុវត្ថិភាពចរាចរណ៍នៅតាមចំណតរថយន្ត ផ្លូវជាតិសំខាន់ៗដូចជា ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៦ ជាដើម ខណៈផ្ទាំងប៉ាណូជាង៣០០ផ្ទាំង ស្តីពីការអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមានដូចជា បម្រាមបើកបរក្នុងល្បឿនហួសកំណត់ ការបើកបរពេលស្រវឹង ការពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត ការគោរពសិទ្ធិអាទិភាព ការបត់ជែងដោយប្រថុយប្រថាន ជាដើមនេះ នឹងត្រូវចងនៅតាមដងផ្លូវទាំង២៥រាជធានី-ខេត្ត។ ទោះជាយ៉ាងនេះក្តី លោកនៅតែស្នើឲ្យមន្ត្រីនគរបាល ចរាចរណ៍ផ្លូវរឹតបន្តឹងច្បាប់ និងការពិន័យចំពោះអ្នកល្មើសជាជាងពឹងទៅលើសារអប់រំ និងការអំពាវនាវ ដែលតែងតែធ្វើឡើងជារឿយៗ។
យោងតាមប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា បានបង្ហាញថា អ្នកស្លាប់ក្នុងឱកាសពិធីបុណ្យសំខាន់ៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍ តែងមាននិន្នាការកើនឡើងខុសពីថ្ងៃធម្មតា។ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យជាតិនានា ច្រើនបង្កឡើងដោយការបើកបរហួសល្បឿនកំណត់ ការបើកបរក្នុងពេលស្រវឹង ការបើកបរមិនគោរពសិទ្ធិអាទិភាពនៅលើដងផ្លូវនិងការជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរប្រើប្រាស់ទូរស័ព្ទដៃ ប្រើប្រាស់គ្រឿងស្រវឹងក្នុងពេលបើកបរ ជាដើម។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានក្រើនរំឭកពីគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើនឡើងខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ សម្ដេច មានប្រសាសន៍ថា ស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា តែងតែកើតមានក្នុងអត្រាខ្ពស់នៅក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗដូចជាបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ជាដើម។
សម្ដេចក្រឡាហោម អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាប និងទប់ស្កាត់ការបាត់បង់អាយុជីវិតរបស់ប្រជាពរដ្ឋដែលបង្កឡើងដោយកត្តាហានិភ័យនេះ។ សម្ដេចបន្តថា មុននឹងបើកបរត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ជាដើម។ ជាមួយគ្នានេះ ក៏កុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច ។ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត ។ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។ មិនត្រូវបត់ ឬ វ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬធ្វេសប្រហែស ។មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត និងត្រូវមានអ្នកបើកបរបម្រុងសម្រាប់ប្តូរវេន។ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។ ហាមការបាច់ទឹកលើអ្នកធ្វើដំណើរតាមដងផ្លូវ។