សាលានាយទាហានសកម្ម ត្មាតពង ផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន

វិទ្យុជាតិកម្ពុជា៖

សាលានាយទាហានសកម្ម ត្មាតពង នៅ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ បានរៀបចំពិធីផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដល់នាយទាហាន និងនិស្សិតនាយទាហ៊ានសកម្មចំនួន១២០០នាក់ ។
ការរៀបចំពិធីផ្សព្វផ្សាយ នេះគឺក្រោមការចង្អុលបង្ហាញពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រី ក្រសួងការពារជាតិ។


ឯកឧត្តម ឧត្តមសេនីយ៍ ឯក ប៊ុត សុភាព នាយកសាលានាយទាហាន បានមានប្រសាសន៍ស្វាគមន៍ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមកធ្វើបទឧទ្ទេសនាមផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀនដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនូវបញ្ហាគ្រឿងញៀនក្នុងសាលាក៏ដូចជានៅក្នុងជួរនាយទាហានផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែង អំណរគុណដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ជាអនុប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានចូលរួមយ៉ាងសកម្មអនុវត្តនូវយុទ្ធសាស្រ្តពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានមានប្រសាសន៍បន្តថា នាយទាហាន និងនិស្សិតនាយទាហ៊ានសកម្មចំនួន១២០០នាក់ នេះ គឺមិនមែនជាមុខសញ្ញាជួញដូរឬប្រើប្រាស់គ្រឿងញៀនទេតែអាចជាជនបង្គោលសម្រាប់គ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀននៅក្នុងគ្រួសារ និងសហគមន៍ ព្រោះថាការបង្ការទប់ស្កាត់ការរីករាលដាលគ្រឿងញៀនអាចជោគជ័យបាន លុះត្រាតែមានការចូលរួមពីយើងទាំងអស់គ្នា ហើយត្រូវចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហាផ្តាច់មុខរបស់នរណាម្នាក់ ឬក្រុមណាមួយឡើយ៕