អភិបាលខេត្ដបន្ទាយមានជ័យ ចាត់ទុកថា វត្តអារាមជាកន្លែងបណ្តុះធនធានមនុស្ស​ដែលពោរពេញទៅដោយចំណេះដឹង​ទាំងផ្លូវលោក និងផ្លូវធម៌

AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ — អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម សួន បវរ បានចាត់ទុកថា​ទីវត្តអារាមជាកន្លែងបណ្តុះ​នូវធនធានមនុស្សដែលពោរពេញទៅដោយចំណេះដឹងទាំងផ្លូវលោក ផ្លូវធម៌ និងប្រកបដោយ​មនសិការជាតិ។​ក្នុង​ពិធី​​សម្ពោធ​ឆ្លងព្រះវិហារថ្មីនិងសមិទ្ធផលនានា​នៅវត្ត​បទុមសុវណ្ណារាម​ ស្ថិតនៅ​ភូមិ​តាគង់​ ឃុំ​តាគង់​ ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ ​កាលពីថ្ងៃ​​ទី០៧ ខែមេសា ឆ្នាំ​២០១៩នេះ​ឯកឧត្ដម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានគួសបញ្ជាក់ថា ទីវត្តអា​រាមជាកន្លែង​រក្សាទុកនូវវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដែលបុព្វបុរសខ្មែរកត់ត្រាទុកពីជំនាន់​មួយទៅជំនាន់​មួយសម្រាប់មនុស្សជំនាន់ក្រោយពិសេសទៅទៀតសម្រាប់សមណសិស្សរៀនសូត្រគ្រប់មុខ វិជ្ជាទៀតផង និងបានរួមចំណែកក្នុងការកសាងសង្គមជាតិមួយប្រកបដោយ​សីលធម៌​ចរិយា​ធម៌ និងប្រកបដោយគុណធម៌។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ​ របស់​ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យដែលក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកដុះដាលនៅ​គ្រប់ទីកន្លែងសក្តិសមជាទីកន្លែងគោរពបូជានៃពុទ្ធបរិស័ទផងដែរ។ ឯកឧត្តមអភិបាល​ខេត្ដបានបន្ថែមថា សមិទ្ធផលនៅ​ក្នុងវត្តបទុមសុវណ្ណារាមដែលបានសម្ពោធនេះ​បានបង្ហាញ​ឱ្យឃើញកាន់តែច្បាស់នៃភាពរីកចម្រើនរបស់សង្គមជាតិរហូតដល់មូលដ្ឋាននាពេលបច្ចុប្បន្ននេះ និងពោរពេញទៅដោយឆន្ទៈគោរពប្រតិបត្តិ លើកស្ទួយវិស័យព្រះពុទ្ធសាសនា​ដែល​ជា​សាសនារបស់រដ្ឋរបស់ព្រះតេជគុណព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គពុទ្ធបរិស័ទ និងសប្បុរ​ជនគ្រប់​ទិសទីក្នុងការខិតខំចូលរួមកសាងសមិទ្ធផលនានាក្នុងទីអារាមនេះទុកជាទីសក្ការៈបូជាតទៅដើម្បីរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់ដែលដូនតាបានរក្សាទុកជាកេរ្ដិ៍ដំណែល រាប់សតវត្សរ៍កន្លងមក និងដល់កូនចៅជំនាន់ក្រោយ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមបានជំរុញដល់អាជ្ញាធរដែនដីសមត្ថកិច្ចពាក់ព័ន្ធកង​កម្លាំងប្រដាប់អាវុធត្រូវបន្តការយកចិត្តទុកដាក់ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គមផ្សព្វផ្សាយច្បាប់ចរាចរណ៍​ផ្លូវគោក​  ត្រូវបង្កើនសកម្មភាព ទប់ស្កាត់បង្ក្រាបគ្រឿងញៀន បទល្មើស​ផ្សេងៗទៀតដើម្បីចូលរួមបង្កលក្ខណៈងាយស្រួលក្នុងដំណើរកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋនៅក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិយើងដែលនឹងមកដល់នៅថ្ងៃទី១៤ដល់១៦ខែមេសា ឆ្នាំ២០១​៩ ខាងមុខនេះ៕

ដោយ ឈុន សារ៉ាត