អាជ្ញាធរខេត្តព្រះវិហារ អញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងប្រដាប់អាវុធឈរជើងការពារ ទឹកដីតាមបណ្តោយព្រំដែនកម្ពុជា ថៃ និងឡាវ

AKP ព្រះវិហារ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩  — ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិ បាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការតាមមន្ទីរ អង្គភាពជុំវិញខេត្ត អញ្ជើញចុះសួរសុខ​ទុក្ខ​កងទ័ព នៅកងពលធំអន្តរាគមន៍លេខ៣ នៅបញ្ជាការដ្ឋានអង្គរក្សសម្តេចតេជោស្រអែម និងនៅទីបញ្ជាការវរសេនាតូចលេខ១ ទិសទី១ តំបន់ប្រាសាទព្រះវិហារ ជាប់ព្រំដែនកម្ពុជា ថៃ និងឡាវ នាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ការចុះសួរសុខទុក្ខនេះ បានធ្វើឡើង កាលពីថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌិត មេបញ្ជាការរងកងទ័ពជើងគោក​និងជាមេបញ្ជាការ​កងពលធំអន្តរាគមន៍លេខ៣​ បានថ្លែងថា ចាប់ពីឆ្នាំ២០១២​ រហូតមកដល់ឆ្នាំ២០១៩នេះ មានអង្គភាពជាច្រើនបានជួយឧបត្ថម្ភសម្ភារ បរិក្ខារ គ្រឿងឧបភោគ បរិភោគ ថវិកា ព្រមទាំង​កូន រុក្ខជាតិគ្រប់ប្រភេទ យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់គ្រប់អង្គភាពកងទ័ព ដែលកំពង់ឈរ​ជើងទិសទី១តំបន់ប្រាសាទព្រះវិហារ​ ជាប់ព្រំដែនកម្ពុជា ថៃ និង ឡាវ បន្ថែមពីលើថវិកាជាតិ និងជួយដល់គ្រួសារកងទ័ពដែលរស់នៅតាមបណ្តោយព្រំដែនក្នុងតំបន់នេះផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបន្ដថា ទាំងនេះជាការរួមសុខរួមទុក្ខជួយពង្រឹងទឹក​ចិត្តស្មារតី​កងទ័ពឱ្យកាន់តែរឹងមាំថែមទៀត និងជួយគិតគូរដល់ប្រភពធនធានមនុស្ស ការផ្តល់អាហារូប​ករណ៍ជូនកូនក្មួយគ្រួសារកងទ័ព ទៅរៀនបន្តតាមមហាវិទ្យាល័យ​និងសកវិទ្យាល័យនានា​ផងដែរ។ ឯកឧត្តមឧត្តមសេនីយ៍ឯកបន្តទៀតថា ដើម្បីកិច្ចតបស្នង បងប្អូនកងទ័ពទាំងអស់ សូមប្តេជ្ញាពង្រឹងស្មារតីទាំងកម្លាំងកាយចិត្ត យុទ្ធវិធីប្រយុទ្ធគ្រប់ជំនាញគ្រប់ផ្នែកឱ្យកាន់ខ្លាំង ការពារបូរណភាពទឹកដីមាតុភូមិ ការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រដ្ឋាភិបាលស្រប​ច្បាប់​ដែលមាន​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និង​អនុវត្តន៍យុទ្ធ​សាស្ត្រ​៣ សកម្មភាព១០​ បទបញ្ជា១១ ព្រមទាំង ១០ចំនុចរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញកន្លងមក ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ដព្រះវិហារ ​បាន​ក្រើនរម្លឹក​ដល់​កងកម្លាំង​ការពារ​ព្រំដែន​ទាំងអស់​ ត្រូវ​ខិតខំ​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង​ ថែរក្សា​សុខភាព​ មាន​អនាម័យ​ក្នុង​ការ​រស់នៅ​ និង​ខិតខំ​បន្ត​សហការ​ជាមួយ​កងកម្លាំង​ជួរ​មុខ​ តាម​ខ្សែបន្ទាត់​ព្រំដែន​​ឱ្យ​បាន​ល្អ​ ពិសេស​​ជាមួយ​ភាគី​ថៃ​ និង ឡាវ ឱ្យ​​ក្លាយ​ជា​តំបន់​មាន​សន្តិភាព​ មិត្តភាព​ កិច្ច​សហប្រតិបត្តិការ​ល្អ​ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​​ ឯកឧត្តមបានបញ្ជាក់ថា កងកម្លាំង​ការពារ​ព្រំដែន​ ក៏ត្រូវ​ចូលរួមក្នុងការបង្ការ​ ទប់ស្កាត់​អំពើរ​ភេរវកម្ម​ ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ខុសច្បាប់ផ្សេងៗ​ ដូចជាការ​ចរាចរណ៍​គ្រឿងញៀន​ជាដើម​។​  ជាមួយគ្នានេះ កម្លាំងដែលឈរជើង​តាមព្រំដែនត្រូវយក​ចិត្ត​ទុកដាក់ក្នុងការជួយថែរក្សាសុវត្ថិភាពសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹង​ចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ​៕

ដោយ ទិត ស្រ