ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បន្តដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយទៀត​ក្នុងខេត្ត​កណ្តាល ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់សម្រាប់សិស្សានុសិស្ស

AKP កណ្តាល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ — ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានផ្ដល់ការដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែង ស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យវត្តចាស់ ដែលអាចផ្តល់​នូវ​ទឹកស្អាតសម្រាប់ទទួលទានដល់​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាង១.០០០​នាក់ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅ​ក្នុងសហគមន៍ជុំវិញនោះផងដែរ។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប៉មចម្រោះទឹកស្អាតថ្មីមួយបន្ថែមទៀតដល់អនុវិទ្យាល័យវត្តចាស់ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល លោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការ​សាធារណៈប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡាបានបញ្ជាក់ថា ក្រុមហ៊ុន កូកា-កូឡា មានមោទនភាពដែលបានចូលរួមចំណែកក្នុងការបង្កើតគម្រោងដ៏មាន​សារៈ​សំខាន់មួយនេះ ដែលបានកំពុងតែនាំយកទឹកស្អាតមកកាន់សាលារៀន និងសហគមន៍ជា​ច្រើននៅក្នុងប្រទេសកម្ពុជា។ លោកបានបន្ដថា ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន មិនបញ្ឈប់នៅ​ត្រឹមតែការដំឡើងប៉ចម្រោះទឹកស្អាតថ្មីក្នុងថ្ងៃនេះប៉ុណ្ណោះទេ  ប៉ុន្តែយើងនឹងបន្តគាំទ្រ និង​សហ​ការយ៉ាងពេញទំហឹងជាមួយអង្គការ Planet Water ដើម្បីអនុវត្តន៍កម្មវិធីអប់រំសុខភាព ការ​ប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំបណ្តុះ​បណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើលំហែទាំ​រយៈ​ពេល៥ឆ្នាំផងដែរ។ ជាមួយគ្នានេះ អង្គការ Planet Water នឹងធ្វើការត្រួតពិនិត្យតាមដាន​គុណភាពទឹក និងធ្វើលំហែទាំប្រព័ន្ធចម្រោះទឹកជាប្រចាំ ទៅតាមកាលវិភាគកំណត់។

លោកបានបន្ថែមទៀតថា នេះគឺជាប៉មចម្រោះទឹកស្អាតទី២ ដែលបានដំឡើងដោយ​ក្រុម​ហ៊ុន កូកា-កូឡា ជាមួយនឹងស្ថាប័ន ដៃគូនៅក្នុងឆ្នាំ២០១៩នេះ  បន្ថែមលើប៉មចម្រោះទឹក​ស្អាតចំនួន១៦ផ្សេងទៀត ដែលក្រុមហ៊ុនបានដំឡើងនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ​២០១៦មក ក្រោមកិច្ចសហការជាមួយអង្គការ Planet Water ដែលមានការដំឡើងប៉ម​ចម្រោះ​ទឹកស្អាត នៅតាមបណ្ដាសហគមន៍នានានៃប្រទេសកម្ពុជា ដែលកំពុងតែប្រឈមនឹងការ​ខ្វះ​ទឹកស្អាតសម្រាប់ទទួលទាន។

ឯកឧត្តម ហែម វណ្ណឌី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមាន​ប្រសាសន៍ថា ទឹកស្អាតគឺជាសមាស ធាតុដ៏សំខាន់ ដែលនឹងរួមចំណែកធ្វើឱ្យសុខុមាលភាព​របស់សិស្សានុសិស្សនិងប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យកាន់តែមានភាពល្អប្រសើរឡើង ហើយ​សមានចិត្ត និងសុឆន្ទៈរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ក្នុងការចូលរួមជាមួយ​រាជ​រដ្ឋាភិ​បាលកម្ពុជា ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន។

សូមបញ្ជាក់ថា ក្រុមហ៊ុនកូកា-កូឡា នឹងផ្ដល់ប៉មចម្រោះទឹកស្អាតចំនួន៥ទៀត ដែល​ត្រូវ​ដំឡើងនៅទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៩នេះ  ហើយប៉មចម្រោះទឹកស្អាតជាច្រើន​ទៀត នឹងមានវត្តមាននៅក្នុងឆ្នាំបន្ទាប់ៗទៀត។ ជាមួយគ្នានេះ ប៉មចម្រោះទឹកស្អាតចំនួន១៦ ដែលក្រុមហ៊ុនបានដំឡើងនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៦មក បានផ្តល់ទឹកស្អាតចំនួន ៤៤.៩៩០.២៨៦លីត្រ សម្រាប់ប្រជាសហគមន៍ប្រមាណជាង៤០.០០០នាក់។ ចំនួនតួលេខ​នេះ ត្រូវបានរំពឹងថា នឹងកើនឡើង១.៥ ដងក្នុងឆ្នាំនេះ  តាមរយៈការដំឡើង​ប៉មចម្រោះទឹក​ស្អាតចំនួន ៦បន្ថែមទៀតក្នុងឆ្នាំ ២០១៩នេះ៕

ដោយ អ៊ុន រិទ្ធី