សាខាកាំកុងត្រូលខេត្ត ស្ទឹងត្រែងព្រមាន ផាក ពិន័យអាជីវករលួចលក់ទំនិញខូចគុណភាព

វិទ្យុជាតិកម្ពុជា៖ដោយ អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែងសហការរួមជាមួយមន្ត្រីជំនាញមន្ទីរពាណិជ្ជកម្មព្រមាន
ផាកពិន័យចំពោះអាជីវករលួចលាក់ លក់ទំនិញខូចគុណភាព ការព្រមាននេះធ្វើឡើងក្នុងពេលចុះ ត្រួតពិនិត្យទំនិញនៅផ្សារសាមគ្គីស្ទឹងត្រែង ក្នុងគោលបំណងរួមគ្នាលើកកំពស់ សុខភាពដល់បរិភោគ។


ក្នុងសកម្មភាពចុះពិនិត្យទំនិញ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែប្រពៃណីជាតិយើងជិតឈានចូលមកដល់នៅថ្ងៃទី០៨ខែមេសាឆ្នាំ២០១៩ នេះ លោកគឹមប្រុសប្រធានសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា៖ក្នុង សកម្មភាពចុះពិនិត្យនេះ បើរកឃើញថាទំនិញណាមួយ ខូចគុណភាពនោះនិងដកហូតយកភ្លាមៗ ហើយធ្វើការពិន័យចំពោះអាជីករដែលបានធ្វើកិច្ចសន្យាហើយ មិនស្តាប់តាមការណែនាំកន្លងមកនោះ។


លោកថា៖បងប្អូនអាជីករត្រូវបែងចែកប្រភេទទំនិញ ដាក់តាំងលក់ដាច់ដោយឡែកពីគ្នា – រៀបចំសម្អាតអនាម័យ-កុំដាក់ត្រូវថ្ងៃ- ដើម្បីចៀសវាងខូចគុណភាពទំនិញ ពេលប្រជាពលរដ្ឋទិញយកទៅបរិភោគវាបង្កផលប៉ះពាល់ដល់សុខភាព។ លោកអះអាងថា៖ការអនុវត្តបានបែបនេះយើងរក្សាបាននូវសុខភាពទាំងអស់គ្នា ព្រោះកន្លងមកច្រើននៅក្នុងពេលបុណ្យទានតែងតែកើតមានការពុលចំណីអាហារបង្កគ្រោះថ្នាក់ ខ្លះព្យាបាលមិនទាន់បង្កឱ្យស្លាប់បាត់បង់ជីវិតដូចជាករណីពុលត្រីកំពត ឬពុលស្រា ស ជាដើម។


លោកថា៖ជាងនេះទៀតអ្នកលក់និងអ្នកទិញត្រូវពិនិត្យមើលកាលបរិច្ឆេតប្រើប្រាស់ទំនិញដោយខ្លួនឯង កុំទុកចិត្តឈ្មួញ អ្នកនាំចូល ជួនកាល ទំនិញខ្លះជិត ហួសកាលបរិច្ឆេទ ប្រើប្រាស់បាននាំចូលមកលក់ ដូចនេះត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាទើបរក្សាបានសុខភាពល្អ ។
លោក ស្រី វ៉ា សាមាន អ្នកលក់ទំនិញនាំចូលគ្រប់ប្រភេទ នៅក្រុងស្ទឹងត្រែង បានទទួលស្គាល់ថា៖កន្លងមកលោក ស្រី ក៏ធ្លាប់ខាតបង់រួចមកហើយចំពោះទំនិញខូចគុណភាពនោះ ដោយយើងខ្វះបច្ចេកទេសត្រួតពិនិត្យ ហើយក្រោយមកទទួលបានការពន្យល់ពីមន្ត្រីសាខាកាំកុងត្រូលក៏បាន យល់ដឹងច្រើន និងមានការប្រុងប្រយ័ត្នជានិច្ច។ លោកស្រី បានសំដែងការគាំទ្រដល់សកម្មភាពចុះមកពិនិត្យនេះព្រោះវាមានប្រយោជន៍ ទូទៅទំនិញលក់មានគុណភាព អាចរក្សា បានសុខភាពទាំងអស់គ្នា ព្រោះអ្នកលក់ក៍បរិភោគទំនិញទាំងនេះដែរ។
លោកស្រី.ដែងមុំ ប្រជាពលរដ្ឋនៅភូមិ.រាជានុកូល ក្រុងស្ទឹងត្រែង ដែលមកផ្សារទិញម្ហូបអាហារ បានស្នើសុំឲ្យមន្ត្រីសាខាកាំកុងត្រូល ត្រូវហ៊ានចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងផាក់ពិន័យទៅលើអាជីវករណា ដែលនៅបន្តលួចលក់ទំនិញខូចគុណភាពមិនស្តាប់តាមការណែនាំ។
សូមបញ្ជាក់ថា៖សកម្មភាពពិនិត្យទំនិញនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយើងនេះជាសារមួយអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ លើកកំពស់ការប្រុងប្រយត័្ន មុនពេលទិញទំនិញផ្សេងៗ ត្រូវពិនិត្យនូវស្លាកសញ្ញាកាលបរិច្ឆេទប្រើប្រាស់ឲ្យបានត្រឹមត្រួវ ហើយចេះជ្រើសរើសយកចំណីអាហារណា ដែលមានអនាម័យនិងគុណភាពយកទៅ បរិភោគ ៕