ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់​សារមន្ទីរស្រីឦសានវរ្ម័ន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ -សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលមាទីតាំងស្ថិតនៅក្នុងសង្កា​ត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាព្រឹកថ្ងៃចន្ទ ៣​​កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ក្រោម​អធិ​ប​​តី ភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា។

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរនាំឱ្យពល​រដ្ឋ​បានស្គាល់ពីសាវតានៃការធ្វើសេដ្ឋកិច្ច និងរូបិយវត្ថុដ៏យូរលង់របស់ខ្លួននេះ មានទីតាំងស្ថិត​នៅ​ចំ​កណ្តាលបេះដូងរាជធានីភ្នំពេញ និងធ្លាប់ជាអតីតសាលាក្រុងភ្នំពេញក្នុងឆ្នាំ១៩០៨, អតីត​ក្រុម​ហ៊ុនអាកាសចរណ៍ក្នុងឆ្នាំ១៩៩២។ អគារសារមន្ទីរនេះ បានបង្ហាញពីចរនាបថសម័យ​អាណា​ព្យា​បាលនាដើមសតវត្សរ៍ទី២០។ អគារសារមន្ទីរជាអគារស្ថិតនៅទីប្រជុំនៃសំណង់​អគារតាម​ស្ថា​បត្យកម្មពីសម័យអាណានិគមបារាំង ដូចជាស្ថានីយរថភ្លើង លំនៅឋាន​របស់រេស៊ីដង់​បា​រាំ​ង​ អគាររតនាគារជាតិ ស្ពាននាគ ក៏ដូចជាអតីតមន្ទីរពេទ្យយោធា។ល។ ជាពិសេស គឺវត្តភ្នំ។ សារ​មន្ទីរនេះ ស្ថិតនៅជិតកំពង់ផែស្វយ័ត ដែលជាចំណតទូកវែង និងនាវាចម្បាំងតូចៗ ដែល​ធ្វើ​ដំណើរពីសៃហ្គន ប្រទេសវៀតណាម មកតាមទន្លេមេគង្គ និងមានព្រំប្រទល់​ជាប់ផ្លូវ​លេខ​១០​៦ ពីដើមមានឈ្មោះថា ផែ «Verneville» នៅតាមបណ្តោយ​ផ្លូវទឹកដែលតភ្ជាប់ពីបឹងកក់ ទៅ​ទន្លេសាប ដែលជាគម្រោងប្រព័ន្ធប្រឡាយទឹកធំមួយ​ដែល​បារាំងបានធ្វើឡើង។ តំបន់នេះ ​ត្រូវ​គឺមណ្ឌលសិក្សាបច្ចេកទេស ធនាគារ ដែលជាមជ្ឈមណ្ឌល​សម្រាប់​ការ​បណ្តុះ​បណ្តាលបុគ្គលិកធនាគារជាតិនៃកម្ពុជា។ ឯកឧត្ដម ជា ចាន់តូ អគ្គទេសាភិបាលធនា​គារ​ជាតិនៃកម្ពុជា បានឱ្យដឹងថា គម្រោងសាង សង់អគារសារមន្ទីរ ដែលត្រូវបានប្រសិទ្ធនាម​ជា​គ​ម្រោ​ង «ដ៏មានមហិច្ឆតា»នេះ ត្រូវបានចាប់ ផ្តើមឡើ​ងនៅឆ្នាំ២០១២ បន្ទាប់​ពីទទួ​លបានអនុ​សា​​ស​ន៍​ពីសម្តេចតេជោ ហ៊ុន សែន។ ឯកឧត្ដមអគ្គទេសាភិបាល បានអះអាងថា សារមន្ទីរ​ស្តីអំ​ពី​ប្រ​វត្តិ​សាស្ត្រ សេដ្ឋកិច្ច និងរូបិយ​វត្ថុរបស់កម្ពុជានេះ ត្រូវបានរចនាឡើងដោយ​យោង​ទៅ​តាម​រូបិ​យវត្ថុ ដែលបានបោះផ្សាយ និងត្រូវបានប្រើប្រាស់នាពេលកន្លងមក៕

ដោយ ជឹម ណារី