សម្តេចតេជោហ៊ុនសែន អញ្ជើញសម្ពោធសារ មន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះឦសានវរ័ន្ម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖

 នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋ កិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន។


ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំមកពីតាមបណ្តាក្រសួងស្ថាប័ននានា ថ្នាក់ដឹកនាំ មន្ត្រីរាជ ការនៃធានាគារជាតិ ព្រមទាំងថ្នាក់ដឹកនាំមកពីតាមគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។


ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារ ជាតិនៃកម្ពុជា នៅក្នុងសុន្ទរកថាស្វាគមន៍និងរបា យការណ៍សាងសង់ បានឲ្យដឹងថា គម្រោងសាង សង់អគារសារមន្ទីរ ដែលត្រូវបានប្រសិទ្ធនាមជាគម្រោង «ដ៏មានមហិច្ឆតា» នេះ ត្រូវបានចាប់ផ្តើ មឡើងនៅឆ្នាំ២០១២ បន្ទាប់ពីទទួលបានអនុ សាសន៍ពីសម្តេចតេជោ ហ៊ុន សែន។ ឯ.ឧ អគ្គទេសាភិបាល បានអះអាងថា សារមន្ទីរស្តីអំពីប្រវត្តិសាស្ត្រ សេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជានេះ ត្រូវបានរចនាឡើងដោយយោងទៅតាមរូបិយវត្ថុ ដែលបានបោះផ្សាយ និងត្រូវបានប្រើ ប្រាស់នាពេលកន្លងមក។


ឯ.ឧ ជា ចាន់តូ បានបន្ថែមថា ការសាងសង់និង រចនានូវអគារសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ«ព្រះ ស្រីឦសានវរ្ម័ន» ត្រូវបានចាប់ផ្តើមស្រាវជ្រាវពីចំ ណុចសូន្យ។ បើតាមឯ.ឧ ជា ចាន់តូ ដោយសារ តែប្រវត្តិសាស្ត្ររបស់កម្ពុជាមានការប្រែប្រួលច្រើន និងមានភាពស្មុគស្មាញ ព្រមទាំងមិនសូវមានការចងក្រងឯកសារផងនោះ បានបង្កជាការលំបាកក្នុងការចងក្រងប្រមូលផ្តុំ និងសាងសង់នូវសារមន្ទីរមួយនេះផងដែរ។
ឯ.ឧ អគ្គទេសាភិបាល បានអះអាងថា ដើម្បីសាងសង់សារមន្ទីរនេះឡើង គឺត្រូវធ្វើការងារពាក់ ព័ន្ធនឹងចំណុចសំខាន់ៗចំនួន៣រួមមាន៖ ទីមួយ ការស្តារឡើងវិញនូវរឿងពិតដ៏សំខាន់មួយដែលជាញឹកញាប់មិនមានការយកចិត្តទុកដាក់ គឺរូបិ យវត្ថុ និងចំណេះដឹងផ្នែកសេដ្ឋកិច្ចក្នុងប្រវត្តិសា ស្ត្ររបស់កម្ពុជា។ ទីពីរ គឺការប្រមូលផ្តុំឯកសារ រូបភាព និងកាសបុរាណ ដើម្បីទុកជាភស្តុតាង និងទីបី គឺការផ្តល់ជូននូវទីកន្លែងនៃចំណេះដឹងទំនើបថ្មីមួយ និងប្រកបដោយអន្តរកម្មដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសម្រាប់សិស្ស និងនិស្សិត។
សូមបញ្ជាក់ថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយ វត្ថុ «ព្រះស្រីឦសានវរ្ម័ន»ជាសារមន្ទីរនាំឱ្យពល រដ្ឋខ្មែរបានស្គាល់ពីសាវតានៃការធ្វើសេដ្ឋកិច្ច និងរូបិយវត្ថុដ៏យូរលង់របស់ខ្លួននេះ មានទីតាំងស្ថិត នៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ និងធ្លាប់ជាអតីតសាលាក្រុងភ្នំពេញក្នុងឆ្នាំ១៩០៨, អតីតក្រុ មហ៊ុនអាកាសចរណ៍ក្នុងឆ្នាំ១៩៩២។ អគារសារ មន្ទីរ បានបង្ហាញពីរចនាបថសម័យអាណាព្យា បាលនាដើមសតវត្សរ៍ទី ២០។
អគារសារមន្ទីរនេះ ជាអគារស្ថិតនៅទីប្រជុំនៃសំណង់អគារតាមស្ថាបត្យកម្មពីសម័យអាណា និគមបារាំង ដូចជាស្ថានីយរថភ្លើង លំនៅឋានរបស់រេស៊ីដង់បារាំង អគាររតនាគារជាតិ ស្ពាននាគ ក៏ដូចជាអតីតមន្ទីរពេទ្យយោធ។ល។ជាពិ សេស គឺវត្តភ្នំ។ សារមន្ទីរនេះ ស្ថិតនៅជិតកំពង់ ផែស្វយ័ត ដែលជាចំណតទូកវែង និងនាវាចម្បាំ ងតូចៗ ដែលធ្វើដំណើរពីសៃហ្គន ប្រទេសវៀត ណាម មកតាមទន្លេមេគង្គ និងមានព្រំប្រទល់ជា ប់ផ្លូវលេខ១០៦ ពីដើមមានឈ្មោះថា ផែ «Ver neville» នៅតាមបណ្តោយផ្លូវទឹកដែលតភ្ជាប់ពីបឹងកក់ ទៅទន្លេសាប ដែលជាគម្រោងប្រព័ន្ធប្រ ឡាយទឹកធំមួយដែលបារាំងបានធ្វើឡើង ។
តំបន់នេះត្រូវបានអភិវឌ្ឍខ្លួនទៅជាតំបន់ទំនើបមួយយ៉ាងឆាប់រហ័ស។ សារមន្ទីរនេះមិនត្រឹមតែមានទីតាំងនៅជិតផ្សារមូលបត្រកម្ពុជាប៉ុណ្ណោះទេ ថែមទាំងព័ទ្ធជុំវិញដោយអគាររបស់ធនាគារជាតិ នៃកម្ពុជា គឺមណ្ឌលសិក្សាបច្ចេកទេសធនាគារ ដែលជាមជ្ឈមណ្ឌលសម្រាប់ការបណ្តុះបណ្តាលបុគ្គលិកធនាគារជាតិនៃកម្ពុជា។
មុននឹងបានជួសជុលកែប្រែទៅជាសារមន្ទីរសេ ដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» អគារសារមន្ទីរនេះស្ថិតក្នុងសភាពទ្រុឌទ្រោម។ ទ្រង់ ទ្រាយនៃសារមន្ទីរនេះ ត្រូវបានរក្សាទុកឱ្យមានសភាពដើមតាមដែលអាចធ្វើទៅបាន ចំណែកផ្ទៃខាងក្នុងត្រូវបានរៀបចំ ដើម្បីដាក់តាំងបង្ហាញអំពីកំណប់រូបិយវត្ថុ និងវត្ថុបុរាណតាំងពីសម័យហ្វូ ណន ។
ឯ.ឧ  អគ្គទេសាភិបាលធនាគារជាតិកម្ពុជា បានបញ្ជាក់ថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះ ស្រីឦសានវរ្ម័ន» មានកម្ពស់២ជាន់ និងពិព័រណ៍ចំនួន ១២ម៉ូឌុល ដែលពិពណ៌នាអំពីប្រវត្តិសាស្ត្ររបស់កម្ពុជា ដោ យរំលេចនូវប្រព័ន្ធសេដ្ឋកិច្ច និងរូបិយវត្ថុក្នុងសម័យហ្វូណនរហូតដល់បច្ចុប្បន្ន។ ផ្នែកខាងក្នុងនៃសារមន្ទីរ មានភាពទំនើប និងត្រូវបានបំពាក់ដោ យភាពយន្តឯកសារ ល្បែងកម្សាន្ត និងផ្ទាំងប៉ះ (Touch Screens) ដែលផ្តល់ភាពសប្បាយរីក រាយ និងចំណេះដឹងដល់សាធារណជន។
សារមន្ទីរនេះ ក៏មានបណ្ណាល័យ ហាងលក់វត្ថុអនុស្សាវរីយ៍ ហាងកាហ្វេ និងសួនច្បារដ៏ស្រស់ស្អាត។បន្ទាប់ពីបើកសម្ពោធហើយសាធារណជននឹងអនុញ្ញាតឱ្យចូលទស្សនានៅក្នុងសារមន្ទីរដែ លបង្ហាញពីប្រវត្តិនៃការធ្វើសេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជាតាំងពីសម័យហ្វូណន។