កម្ពុជា វៀតណាម និងថៃពិភាក្សាលើ ការអភិវឌ្ឍការដឹកជញ្ជូនតាមឆ្នេរសមុទ្រ

វិទ្យុជាតិកម្ពុជា៖ហោ សេងគ្រី៖

ក្រុមការងារកម្ពុជា វៀតណាម និងថៃបានបើកកិច្ចប្រជុំមួយដើម្បីជជែកពិភាក្សាគ្នាស្ដីពីការអភិវឌ្ឍការដឹកជញ្ជូនតាមឆ្នេរសមុទ្រ តាមបណ្តោយ ឆ្នេរសមុទ្រភាគខាងកើតប្រទេសថៃ រហូតដល់ភាគខាងត្បូងកម្ពុជា និងប្រទេដវៀតណាម។


ឯកឧត្តម ចាន់ ដារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានផ្លូវទឹក សមុទ្រ និងកំពង់ផែ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩បានដឹកនាំកិច្ចប្រជុំក្រុមការងារកម្ពុជា វៀតណាម និងថៃស្តីពីការអភិវឌ្ឍការដឹកជញ្ជូនតាមឆ្នេរសមុទ្រ តាមបណ្តោយ ឆ្នេរ សមុទ្រភាគខាងកើត ប្រទេសថៃ រហូតដល់ភាគខាងត្បូងកម្ពុជា និងវៀតណាមដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូវៀតណាមដឹកនាំដោយលោក Nguyen Dinh Viet អគ្គនាយករង ផ្នែកគ្រប់គ្រងដែនសមុទ្រនៃក្រសួងដឹកជញ្ជូនប្រទេសវៀតណាម និងលោក Somchai Sumanuskajonkul អគ្គនាយករងនៃនាយកដ្ឋានសមុទ្រ នៃក្រសួងដឹកជញ្ជូនប្រទេសថៃ។

ភាគីទាំងបីបានពិភាក្សាដោយផ្តោតទៅលើក្របខណ្ឌ និងខ្លឹមសារនៃសេចក្តីព្រាងដំបូងនៃកិច្ចព្រមព្រៀង ដែលត្រូវបានរៀបចំឡើងដោយភាគីកម្ពុជា។

ឯកឧត្តម ចាន់ ដារ៉ា បានកត់សម្គាល់ពីការរីកចម្រើនរបស់កម្ពុជា វៀតណាម និងថៃ ក្នុងដំណាក់កាល ដំបូងនៃការធ្វើសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនតាមឆ្នេរសមុទ្រដែលមានសារៈសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសទាំងបី៕