អនុប្រធានទី១រដ្ឋសភា៖ វត្តអារាម គឺជាថ្នាលបណ្តុះនូវចំណេះដឹង និងសីលធម៌យ៉ាងសំខាន់

AKP កំពង់ធំ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភាបានថ្លែងថា វត្តអារាមមិនគ្រាន់តែជាកន្លែង​សម្រាប់ជាទីសក្ការបូជាសម្រាប់ពុទ្ធបរិស័ទប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាកន្លែងសម្រាប់ជា​ថ្នាល​បណ្តុះបណ្តាលនូវចំណេះដឹង និងសីលធម៌យ៉ាងសំខាន់ទៀតផង។នៅក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងស្រោចស្រពព្រះសុគន្ធវារី​ប្រគេនព្រះគ្រូ​ចៅ​អធិការវត្តសែនសិរី ហៅវត្តក្តីសែន ស្ថិតក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែល​មានអ្នកចូលរួមប្រមាណជាង២.០០០នាក់ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា បានមានប្រសាសន៍ថា វត្តអារាមមិនគ្រាន់​តែ​ជាទីសក្ការៈ​សម្រាប់គោរពបូជាតាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា​ថ្នាល​បណ្តុះបណ្តាលនូវចំណេះដឹង សីលធម៌ និងសាមគ្គីភាពរឹងមាំ តាមផ្លូវពុទ្ធចក្រ និងអាណាចក្រ​ទៀតផង។ ឯកឧត្តមអនុប្រធានទី២បានសម្តែងនូវសេចក្តីសោ​ម​នស្សរីករាយ​និងវាយតម្លៃ​ខ្ពស់​ចំពោះការរីកចម្រើនឥតឈប់ឈរ និងសមិទ្ធផលនានារបស់វត្តក្តីសែន។ ឯកឧត្តមបានបន្ដថា ការរីកចម្រើននេះ ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព ដូចសមិទ្ធផលដែល​បានកសាងឡើង និងដាក់សម្ពោធនាពេលនេះ គឺវាបានកើតឡើងដោយសារ​ប្រទេសមាន​សុខសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បាននាំនូវបច្ច័យចំនួន​២០​លានរៀល ប្រគេនព្រះគ្រូចៅអធិការវត្តក្តីសែន ដើម្បីរួមចំណែកដោះស្រាយការចំណាយ​នានា ក្នុងការកសាងសមិ​ទ្ធ​ផលផ្សេងៗនៅក្នុងវត្ត ព្រមទាំងប្រគេនព្រះមេគណខេត្តកំព​ង់​ធំ​នូវទេយ្យទាន១ប្រអប់ និងបច្ច័យ៤០ម៉ឺនរៀល។ ប្រ​គេន​ព្រះអនុគុណក្រុងស្ទឹងសែន​នូវទេយ្យ​ទាន ១ប្រអប់ បច្ច័យ២០ម៉ឺនរៀល។ ប្រគេនព្រះចៅអធិការវត្ត ៥អង្គ ក្នុងមួយអង្គទេយ្យទាន ១ប្រអប់ បច្ច័យ១០ម៉ឺនរៀល។ ជាមួយគ្នានេះ ជូនលោកយាយ លោកតា ១០០នាក់ ក្នុង១​ម្នាក់ៗ ទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល។ ជូនប្រជាពលរដ្ឋ ១.៥០០នាក់ ក្នុង១ម្នាក់ៗទទួលបានសារ៉ុង១។ លោកគ្រូ អ្នកគ្រូ ២១០នាក់ ក្នុង១ម្នាក់ៗ ថវិកា២ម៉ឺនរៀល។

យុវជនកាយរឹទ្ធិ-យុវជនកាកបាទក្រហម៥០នាក់ ទទួលបានថវិកាក្នុងម្នាក់១ម៉ឺន​រៀល។ សិស្សានុសិស្សចំនួន៧៦៦នាក់ ទទួលបានក្នុងម្នាក់សៀវភៅ១ក្បាល ប៊ិច១ដើម និងថវិកា​ចំនួន៥ពាន់រៀល។

តាមរបាយការណ៍របស់លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុង​​ស្ទឹងសែនបានឱ្យដឹងថា វត្តសែនសិរី ហៅវត្តក្តីសែន មានអាយុកាល១០២ឆ្នាំមកហើយ។ សម្រាប់ឧបដ្ឋានសាលា ដែលកំពុងធ្វើពិធីសម្ពោធឆ្លងនាពេលនេះ បានចំណាយថវិកាសាងសង់សរុ​ប​ចំនួន ២១២.៥៣៨​ដុល្លារសហរដ្ឋអាមេរិក ក្រោមការជួយឧបត្ថម្ភដ៏ថ្ងៃថ្លារបស់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល និងសប្បុរសជននានា៕

ដោយ ប៉ាល់ សុង