សម្តេចប្រធានរដ្ឋសភា អំពាវនាវឱ្យបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នខ្ពស់​ចំពោះបញ្ហា​សុខភាព ក្នុងរដូវក្តៅហួតហែងនេះ

AKP ត្បូងឃ្មុំ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ បានអញ្ជើញជា​អធិបតី​ភាពដ៏ខ្ពស់ខ្ពស់ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តថ្មី​សិរី​សិក្ខា​រាម ហៅវត្តតាអាំ ស្ថិតនៅភូមិតាអាំ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ បានអំពាវនាវឱ្យបងប្អូនជន​រួមជាតិមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសុខភាព ក្នុងរដូវក្តៅហួតហែងនេះ ពិសេសក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពសង្គម តាមរយៈការថែរក្សាសុខភាព ដូចជាធ្វើអនាម័យខ្លួនប្រាណ ចំណីអាហារ ចូលរួមការពារ​ជំងឺឆ្លងក្នុងមូលដ្ឋានរបស់ខ្លួន។ សម្តេចពញាចក្រីក៏បានក្រើនរម្លឹកចំពោះអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាធ្វើអន្តរាគមន៍ ឱ្យទាន់ពេលវេលា ដោះស្រាយបញ្ហាចំពោះមុខដូចជា គ្រោះធម្មជាតិ​មានគ្រោះរាំងស្ងួតជាដើម ធ្វើយ៉ាងណាជួយដោះស្រាយបញ្ហាទឹកជូនបងប្អូនប្រជាពលរដ្ឋ ដែលក្នុងនោះមានតំបន់ខ្លះបានចាប់ផ្តើមមានភ្លៀងធ្លាក់លាយឡំមកជាមួយខ្យល់កន្រ្តាក់ ដែលនំាឱ្យខូចខាតផ្ទះសម្បែងប្រជាជនយើងផងដែរ។

ទន្ទឹមនេះ បញ្ហាមួយទៀតទាក់ទងនឹង​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរ​ ដោយអ្នកប្រើប្រាស់ដងផ្លូវដោយមានការប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នា ជាពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ មិនត្រូវបើកបរក្នុង​ស្ថានភាពស្រវឹង បើកបរដោយការធ្វេសប្រហែស និងបើកបរដោយការប្រមាថនោះទេ។ ទាក់ទងនឹងវិស័យព្រះពុទ្ធសាសនា សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ថា យើងទាំងអស់គ្នា​នៅតែបន្តខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដើម្បីជាប្រយោជន៍​ក្នុងការ​រួមចំណែក ពង្រឹងសាម​គ្គីភាព ការលើកកម្ពស់វប្បធម៌ នៃការយោគយល់គ្នា ដោយប្តេជ្ញាបន្ត​ការពារ ការគោរព និងលើកស្ទួយតម្លៃព្រះពុទ្ធសាសនាជាដរាប ធ្វើយ៉ាងណាឱ្យកម្លាំង​ដ៏មាន​ឥទ្ធិពល នៃព្រះពុទ្ធសាសនាបន្តស្ថិតនៅ និងជ្រួតជ្រាបក្នុងក្រអៅបេះដូង នៃប្រជាជនខ្មែរ។ លើសពីនេះយើងត្រូវរួមគ្នាលើកកម្ពស់តម្លៃសីលធម៌សង្គម គុណធម៌ វប្បធម៌ ប្រពៃ​ណីទំនៀម​ទម្លាប់ដ៏ផូរផង់ និងសម្បូរបែបរបស់ខែ្មរយើងឱ្យបានល្អប្រសើរ និងស្ថិតស្ថេរគង់វង្ស​យូរអង្វែង។ សម្ដេចប្រធានរដ្ឋសភាបានលើកឡើង ទាំងរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ថ្នាក់ដឹកនាំ រួមទាំងប្រជាពលរដ្ឋ បានខិតខំធ្វើឱ្យវត្តអារាមក្លាយជាមជ្ឈមមណ្ឌ​លជីវភាពខាង​ស្មារតី ដែលសកម្មចូលរួមការអភិវឌ្ឍសង្គមខាងផ្នែកវប្បធម៌ អប់រំ សង្គមកិច្ច និង សីលធម៌​សង្គម ព្រមទាំងពង្រឹងសុខដុមនីយកម្ម រវាងគ្រប់សាសនា រាំងស្កាត់ការធ្វើអាជីវកម្មលើ​សាសនា ប្រឆាំងការរើសអើង បែងចែកក្នុងចំណោមប្រជាជន ហើយថាជាការចាំបាច់ ណាស់​ដែលត្រូវប្រែក្លាយសក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លាក្នុង ការការពារសន្តិភាព ឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

សូមជម្រាបជូនថា វត្តថ្មីសិរីសិក្ខារាម ហៅវត្តតាអាំ ស្ថិតនៅភូមិតាអាំ ឃុំកក់ ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ ជាវត្តថ្មី កសាងឡើងកាលពីឆ្នាំ២០០៨ ក្រោមគំនិតផ្តួចផ្តើម និងការ​ជួយឧបត្ថម្ភគាំទ្រដ៏ខ្អង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ។ ចំពោះឧបដ្ឋានសាលា រួមនឹងសមិទ្ធផលនានាក្នុងវត្ត ដែលបានធ្វើពិធីបុណ្យឆ្លងនាពេលនេះ មានតម្លៃជាង១សែនដុល្លារអាម៉េរិក ហើយក៏នៅមានសមិទ្ធផលចាំបាច់មួយចំនួនទៀតដូចជា ព្រះវិហារជាដើម ក៏នឹងត្រូវសាងសង់ឡើងជាបន្តបន្ទាប់ផងដែរ៕

ដោយ ប៉ាល់ សុង