អាជ្ញាធរខេត្ដព្រះសីហនុ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បើកកិច្ចប្រជុំ ស្តីពីរៀបចំសង្ក្រាន្តសមុទ្រ នៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ — លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ ជាមួយនឹង​គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ស្ដីពីការរៀបចំបុណ្យចូលឆ្នាំខ្មែរ​ប្រពៃណី​ជាតិខ្មែរ និងសង្ក្រាន្កសមុទ្រឆ្នាំ២០១៩ នៅឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះ​សីហនុ កាលពីថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០១៩ ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី មន្ទីរ អង្គភាព ដែលមានតួនាទីក្នុងសេចក្តី​សម្រេច​ក្រុមការងាររៀបចំព្រឹត្តិការណ៍សង្ក្រាន្តសមុទ្រ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ នៅឆ្នេរឯករាជ្យ ក្រុងខេត្តព្រះសីហនុ និងដៃគូសហការជាមួយរដ្ឋបាលខេត្ត គឺក្រុម​ហ៊ុន (ប៊្លូមេឌា)។

យោងតាមសេចក្ដីសម្រេចលេខ ០៣៥/១៩ សសរ របស់រដ្ឋបាលខេត្តព្រះ សីហនុ ចុះថ្ងទី០៤ ខែមេសា ឆ្នាំ២០១៩ បានសម្រេចបង្កើតក្រុមការងារចំនួន៥ ដើម្បីជាជំនួយដល់​គណៈ​កម្មាធិការជាតិ​រៀបចំបុណ្យជាតិ អន្តរជាតិខេត្តព្រះសីហនុ សម្រាប់រៀបចំព្រឹត្តិការណ៍​សង្ក្រាន្តសមុទ្រ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ខាងមុខនេះ ។

លោក គង់ វិតាណៈ បានស្នើដល់ក្រុមការងារទាំង៥ សូមឱ្យយកចិត្តទុកដាក់ចំពោះ​ភារកិច្ចដែលខ្លួនត្រូវទទួលបន្ទុក និងការបែងចែកសហការគ្នាធ្វើយ៉ាង ណាឱ្យកម្មវិធីសង្ក្រាន្ដ​សមុទ្រលើកទី១ នៅខេត្តព្រះសីហនុ ប្រព្រឹត្តទៅរលូន និងទទួលបានលទ្ធផលល្អ ដូចការ​រំពឹងទុក និងទប់ស្តាត់រាល់ហានិភ័យនានាឱ្យបានល្អ ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកម្សាន្តនៅក្នុង​ឱកាស​សង្ក្រាន្តសមុទ្រនៅខេត្តព្រះសីហនុ មានភាពទាក់ទាញ។ លោកបានបន្ដទៀតថា រដ្ឋ​បាលខេត្តបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសមុទ្រ ដោយមានរៀបចំស្តង់ពិពណ៌ទេសចរណ៍ ពាណិជ្ជកម្ម២៥០ស្តង់ ការរៀបចំលេងល្បែងប្រជាប្រិយ៍ កម្មវិធីបណ្តែតគោមទឹក បង្ហោះគោម បាញ់កាំជ្រួច និងមានការប្រគំតន្ត្រី ជូនទស្សនាផងដែរ ព្រមទាំងមានកម្មវិធីកម្សាន្តជា​ច្រើន​ទៀត ៕

ដោយ ងូ សុមុនី