អង្គភាពប្រឆាំងអំពើពុករលួយ ចុះសួរសុខទុកកងកម្លាំងកងទ័ព និងបាននាំយកអំណោយជា គ្រឿង​​ឧបភោគ បរិភោគ ជូនកងពលធំអន្តរាគមន៍​លេខ៣

AKP ព្រះវិហារ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩  — ឯកឩត្តម ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តំណាង​ឯកឩត្តម​ទេសរដ្ឋ​មន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បាននាំយកអំណោយជាគ្រឿង​ឧបភោគបរិភោគជាច្រើននិងថវិកាផង បានចុះសួរសុខទុកកងកម្លាំងកងទ័ព ក្នុងកងពលធំ​អន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងនៅទិសជួរមុខតំបន់ប្រាសាទព្រះវិហារ ព្រមទាំងបើក​ការដ្ឋានកសាងផ្លូវចាក់បេតុងមួយខ្សែប្រវែង៣២០ម៉ែត្រ ចូលទៅកាន់អគារប្រជុំថ្មី ក្នុងទីបញ្ជា​ការ​កងពលធំលេខ៣។

ការចុះសួរសុខទុក្ខនេះ ធ្វើឡើងកាលពីថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ដើម្បីចូលរួមក្នុងឱកាស​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់​នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩ នាពេលខាងមុខនេះ ។

ឯកឩត្តម ទូច ស៊ុនណារី បានថ្លែងកោតសរសើរដល់នាយនិងពលទាហានក្នុង​កងពល​ធំអន្តរាគមន៍លេខ៣ដែលឈរជើងទិសជួរមុខតំបន់ប្រាសាទព្រះវិហារទាំងអស់ដែលបានខិតខំបូជាជីវិត សាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ទន្ទឹមនេះ ក្រៅពីកិច្ចការ ពារជាតិ នាយទាហាននិងពលទាហានយើង បានឆ្លៀតចូលរួមការងារ​អភិវឌ្ឍន៍លើគ្រប់​ហេដ្ឋារចនាសម្ព័ន្ធនានាដែលបានរីកចម្រើនពី១ឆ្នាំទៅ១ឆ្នាំឥតឈប់ឈរ។ជាមួយគ្នានេះដែរ ឯកឩត្តមក៏បានលើកឡើងអំពីការចងសម្ព័នមេត្រីភាពរវាងស្ថាប័នថ្នាក់ដឹកនាំអង្គភាពសមរភូមិក្រោយជាមួយនឹងអង្គភាពសមរភូមិមុខនេះ គឺបានផ្តួចផ្តើមឡើងក្រោមគោលនយោបាយឈ្នះ​ឈ្នះរបស់សម្តេចអគ្គមេសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ដោយសម្តេចទាំងពីរ មិនបានអញ្ជើញមកដោយផ្ទាល់ ក៏បានចាត់តាំងតំណាងរ​បស់សម្តេចមកសួរសុខទុក្ខដល់នាយទាហា និងពលទាហាននៅទិសជួរមុខបានដែរ មិនឱ្យ​បងប្អូនកងទ័ពយើងរស់នៅឯកាម្នាក់ឯងឡើយ ៕​

ដោយ ទិត ស្រ៊