អភិបាលខេត្ដព្រះសីហនុ អញ្ជើញចូលរួមចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាចំនួន៦០០គ្រួសារ នៅក្នុងខេត្ដ

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្ដម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ បានចូលរួមចែកអំណោយ​សប្បុរសជន ដើម្បីជួនប្រជាពលរដ្ឋខ្វះខាតទីទ័លក្រ ចាស់ជរាចំនួន៦០០គ្រួសារ មកពី​សង្កាត់​ទាំង៤ ក្នុងក្រុងព្រះសីហនុ នៅបរិវេណមុខវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុង​​សង្កាត់​លេខ៣ ក្រុងព្រះ សីហនុ។ ពិធីនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ២កើត ខែ ចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ០៦ ខែមេសា ឆ្នាំ២០១៩ ។ឯកឧត្តម យន្ត មីន បានថ្លែងអំណរគុណក្រុមហ៊ុន ព្រីនស៍រៀល អ៊ី​ស្លេត ដែលបាន​បរិច្ចាកនូវធនធានជួយឧបត្ថមដល់ប្រជាពលរដ្ឋខ្វះខាត ទីទ័លក្រ ចាស់ ជរានៅក្នុងក្រុង​ព្រះសីហនុ ដែលនេះជាទឹកចិត្តសប្បុរសធម៌មួយ ដែលបានចូលរួមចែករំលែកនូវការខ្វះ​ខាត​ដល់ប្រជាពលរដ្ឋទីទ័លក្រក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈាន​ចូល​មក​ដល់នាពេលខាងមុខ។ ឯកឧត្តមក៏បានអំពាវនាវដល់សប្បុរសជន​ផ្សេងៗទៀត សូម​បន្តជួយចែករំលែកនូវធនធាន ដើម្បីរួមចំណែកជួយដល់ប្រជាពលរដ្ឋទីទ័លក្រចាស់ជរា នៅក្នុ​ងខេត្តព្រះសីហនុ បន្តទៀត ដើម្បីចូលរួមជាប្រយោជន៍នៅក្នុងសង្គម ។
ឯកឧត្តមអភិបាលខេត្ដក៏បានពាំនាំនូវការសាកសួរសុខទុកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដោយមិនប្រកាន់ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញដល់អ្នកស្ម័គ្រចិត្ត​សាខា​កាកបាទក្រហមកម្ពុជានៅតាមឃុំ សង្កាត់ ត្រូវចុះជាប្រចាំទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ដើម្បី​ឈ្វេងយល់ពីសុខទុក្ខប្រជាពលរដ្ឋ និងដោះស្រាយបានទាន់ពេលវេលា ដោយមិនទុកឱ្យ​ប្រជាពលរដ្ឋរបស់យើងណាម្នាក់ស្លាប់ដោយសារខ្វះខាតស្បៀងអាហារនោះទេ ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរាចំនួន ៦០០ គ្រួ សារ ក្នុងមួយ​គ្រួសារទទួលបានកន្ទេល ០១ គ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន២០.០០០​រៀល ៕

ដោយ ងូ សុមុនី