នាវាទេសចរបរទេស EROPA នាំភ្ញៀវទេសចរជាង៣០០នាក់ ចូលមកទស្សនកិច្ចកម្ពុជា តាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ — នាវាទេសចរបរទេសមួយគ្រឿងមានឈ្មោះ EROPA បាននាំភ្ញៀវទេសចរបរទេសចម្រុះ​ជាតិ​សាសន៍​ចំនួនជាង៣០០​នាក់ ធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែ​អន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព មុននឹងចាកចេញទៅកាន់ប្រទេសថៃ ។    នាវាទេសចរនេះ បានចូលមកកំពង់ផែព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នេះ ។

តាមមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នាវា​ទេសចរណ៍ EROPA មានសញ្ជាតិ BAHAMAS មានបណ្តោយប្រវែង ១៩៨.៦០ម៉ែត្រ ទទឹង ២៤ម៉ែត្រ និងជម្រៅទឹក៦.៣០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះ​ជាតិសាសន៍​មកពី​ប្រទេស​វៀតណាម  ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង៥  និង ១៥នាទី ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩។ នាវា EROPA មានគម្រោងចាកចេញពីកំពង់​ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង ២២យប់ថ្ងៃដដែល ។

ជាមួយគ្នានេះ ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា EROPA មាន៣០៧នាក់ ស្រី១៦០នាក់ មាន១២សញ្ជាតិ  និងមាននាវិកសរុបចំនួន២៧៩នាក់ ស្រី៨១នាក់ មាន១៥សញ្ជាតិ ។ ភ្ញៀវទេសចរដែលមានសញ្ជាតិច្រើន ជាងគេមាន អាល្លឺម៉ង់ចំនួន ២៥៤ នាក់ ។

សូមបញ្ជាក់ថា ភ្ញៀវទេសចរបរទេសបានធ្វើដំណើរទៅទស្សនាកម្សាន្តតាម​តំបន់​រមណីយដ្ឋាននានា ក្នុងទីប្រជុំជនផ្សារ តាមតំបន់មាត់សមុទ្រក្រុងព្រះសីហនុ និងតាមតំបន់​នេសាទ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ៕

ដោយ ងូ សុមុនី