ការបង្កាត់ពូជអណ្តើកភ្នំ កំពុងដំណើរការយ៉ាងល្អប្រសើរ នៅមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវចម្រុះ (ACCB)

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ —

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយនឹងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) លោក Michael Meyerhoff នាយកប្រចាំប្រទេស នៃមជ្ឈមណ្ឌល អង្គរសម្រាប់អភិរក្សជីវចម្រុះ (ACCB) បានគូសបញ្ជាក់ថា ការបង្កាត់ពូជអណ្តើកភ្នំ ឬអណ្តើកព្រិច កំពុងដំណើរការយ៉ាងល្អប្រសើរ។

លោកបានបន្តថា គម្រោងនៃការបង្កាត់ពូជអណ្តើកភ្នំនេះ បានចាប់ផ្តើមដំបូងកាលពីឆ្នាំ២០១៣ ហើយនៅក្នុងឆ្នាំ២០១៨ មជ្ឈមណ្ឌល របស់លោកបង្កាត់បានកូនអណ្តើកភ្នំចំនួន៧៣ក្បាល ហើយលោកសង្ឃឹមថានៅឆ្នាំ២០១៩នេះ ការបង្កាត់ពូជអណ្តើកភ្នំនេះ នឹងបានទិន្នផល កាន់តែប្រសើរ។

គម្រោងនៃការបង្កាត់ពូជអណ្តើកភ្នំនេះ បានចាប់ផ្តើមបន្ទាប់ពីអង្គការរបស់លោកបានសង្កេតឃើញអំពីការគំរាមកំហែង និងការជួញដូរខុស ច្បាប់កាន់តែខ្លាំងឡើង នៃប្រភេទសត្វអណ្តើកនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺអណ្តើកភ្នំ ដែលអាចប្រឈមនឹងការផុតពូជ បើសិនជាពុំមាន វិធានការណ៍បន្ទាន់នោះទេ។ លោកបានបន្ថែមថា មានសត្វអណ្តើកប្រមាណជិត៥០០ក្បាល និងចំនួន៩ប្រភេទ កំពុងរស់នៅក្នុងមជ្ឈមណ្ឌល រហូតមកទល់ពេលនេះ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមាន សត្វព្រៃ ជីវៈចម្រុះ យ៉ាងច្រើនសម្បូរបែប ប៉ុន្តែសត្វព្រៃ និងជីវៈចម្រុះទាំងនោះ បានថមថយ និងកំពុងប្រឈមនឹងការគំរាមកំហែងយ៉ាងខ្លាំង តាមរយៈការរុករានទីលំនៅ ក៏ដូចជាការជួញដូរខុសច្បាប់ ដែលទាមទារឱ្យមាន ការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការថែរក្សា និងអភិរក្ស ពីគ្រប់មជ្ឈដ្ឋាន។

អណ្តើកភ្នំ ឬអណ្តើកព្រិច គឺជាប្រភេទអណ្តើកដែលមានមាឌតូច ហើយអណ្តើកពេញវ័យមានទំងន់មិនលើសពី៣.៥គីឡូក្រាម ដោយអណ្តើកញី មានមាឌធំជាងអណ្តើកឈ្មោល ហើយអណ្តើកពេញវ័យអាចបន្តពូជបាន នៅពេលមានអាយុពី៦ ទៅ៨ឆ្នាំ។ អណ្តើកប្រភេទនេះ ត្រូវបាន ប្រទះឃើញនៅតំបន់ជួរភ្នំក្រវ៉ាញ និងតំបន់ទំនាបភាគខាងត្បូង និងភាគខាងជើង នៃដងទន្លេមេគង្គ ហើយស្ថិតក្នុងបញ្ជីក្រហមនៃប្រភេទ សត្វដែលរងការគំរាមកំហែងខ្លាំងប្រឈមនឹងការផុតពូជ ដោយអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (International Union for Conservation of Nature) ។

មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវចម្រុះ ត្រូវបានបង្កើតឡើងតាំងពីអំឡុងឆ្នាំ២០០៣ ដោយស្ថាបនិកជនជាតិអាល្លឺម៉ង់។ មជ្ឈមណ្ឌលនេះ មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីក្រុងសៀមរាប លើផ្ទៃដី១៤ហិកតា ក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយកំពុងតែអភិរក្ស និងព្យាបាលសត្វព្រៃ ជាពិសេសគឺបក្សី និងល្មូន ជាង៦០០ក្បាល និងមានជិត៤០អំបូរ។

(រូបថត៖ ផែន រតនៈ)

ដោយ ថាច់ ផាណារ៉ុង