គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប្រកាសតែងតាំងទីប្រឹក្សាជាន់ខ្ពស់ ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ — ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានប្រកាស​តែងតាំងលោក ឆឹង វ៉ាន់ថូ ជាទីប្រឹក្សាជាន់ខ្ពស់របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅក្រោយពិធីសូត្រមន្ត ចម្រើនជោគជ័យ លើករាសី ជ័យមង្គល នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ការប្រកាសតែងតាំ​ង​ទីប្រឹក្សា​ជាន់​ខ្ពស់១រូបបន្ថែមនេះ គឺដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យកីឡា នៅព្រះរាជា​ណាចក្រ​កម្ពុជាឱ្យកាន់ប្រសើរបន្ថែមទៀត។ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីប្រសិទ្ធពរជ័យសិរី​សួស្ដីឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជាបានប្រារព្ធពិធីសូត្រមន្ដតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដើម្បីសុំពរជ័យ សិរីសួស្តី​គ្រប់​​ប្រការពីទេវតាឆ្នាំថ្មី ព្រះនាម ទង្សាទេវី ដល់ថ្នាក់ដឹកនាំ មន្រ្ដី បុគ្គលិក និងមហាគ្រួសារ​កីឡា​ជាតិទាំងអស់ជួបតែសេចក្តីសុខ សេចក្ដីចម្រើន ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣។

ជារៀងរាល់ឆ្នាំ ក្នុងឱកាសចូលឆ្នាំថ្មី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងតែបានអញ្ជើញ​ព្រឹទ្ធាចារ្យកីឡាចាស់ៗដែលជាអតីតកីឡាករ-កីឡាការិនី គ្រូបង្វឹកធ្លាប់ក្រាញននៀល​ក្នុង​វិស័យកីឡាកម្ពុជា ដោយបានបញ្ចេញកម្លាំងកាយចិត្តជួយជ្រោងកិត្តិយសជាតិ និងរួមចំណែក​អភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ចាប់តាំងពីគ្រាលំបានរហូតដល់ការរីកចម្រើនគួរជាទីមោទនៈ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ថោង ខុន រួមទាំងសមាជិកប្រតិបត្តិ មន្រ្តីទាំងអស់​បានអញ្ជើញចូលរួម និងជួបជុំពិសាអាហារសាមគ្គី និងបានផ្តល់ប្រាក់ឧបត្ថជូនដល់ព្រឹទ្ធាចារ្យ​កីឡាចាស់ៗសម្រាប់ជាការលើកទឹកចិត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ផងដែរ៕

ដោយ ហេង ណាលីន រូបថត៖ ខឹម សុវណ្ណារ៉ា