មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលណែនាំឲ្យក្រុមគ្រូពេទ្យបន្តគោរពក្រមសីលធម៌វិជ្ជាជីវៈ

វិទ្យុជាតិកម្ពុជា អត្ថបទ៖ស្រីផល

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលណែនាំឲ្យក្រុមគ្រូពេទ្យបន្តគោរពក្រមសីលធម៌វិជ្ជាជីវៈខិតខំប្រឹងប្រែង​ពង្រឹងចំណេះ​ជំនាញនិងកែលម្អនូវចំនុចខ្វះខាតរបស់ខ្លួន ដើម្បីសំដៅលើកកម្ពស់ការផ្ដល់​​សេវាសុខភាពជូនប្រជាពល​​រដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលបំណងនៃគោលនយោបាយសុខាភិបាល គឺការលើកកម្ពស់លទ្ធភាពសុខភាពប្រជាពលរដ្ឋកម្ពុជាឱ្យប្រសើរឡើង និងបង្កើនការបង្ការហានិភ័យហិរញ្ញវត្ថុក្នុងការប្រើប្រាស់សេវាថែទាំសុខភាពរបស់រាជរដ្ឋាភិបាល ។
លោកជំទាវបញ្ជាក់ថា មន្ដ្រីសុខាភិបាលទាំងអស់ ត្រូវចែករំលែកបទពិសោធន៍ល្អៗ ពីគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាឱ្យការផ្ដល់សេវាសុខភាព ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អ និងមានប្រសិទ្ធភាពខ្ពស់។
លោកជំទាវរដ្ឋលេខាធិការ ក៏បានជំរុញលើកទឹកចិត្ដដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវខិតខំបន្ដទៀត និងផ្ដល់នូវអនុសាសន៍មួយចំនួនដូចជា ពង្រីកការផ្ដល់សេវាសុខាភិបាលសាធារណៈ ដោយមណ្ឌលសុខភាពផ្ដល់សេវាសំណុំសកម្មភាពពេញលេញ និងមន្ទីរពេទ្យបង្អែក ផ្ដល់សេវាសំណុំសកម្មភាពបង្គ្រប់។ពង្រឹងគុណភាពសេវាតាមរយៈការបណ្ដុះបណ្ដាលបន្ដ ដល់មន្ដ្រីសុខាភិបាលនិងបំពាក់សម្ភារៈបរិក្ខារពេទ្យសមស្រប លុបបំបាត់របាំងហិរញ្ញវត្ថុ ក្នុងការចូលមកទទួលព្យាបាលជំងឺ ដោយអនុវត្ដមូលនិធិសមធម៌ និងបេឡាជាតិរបបសន្ដិសុខ សង្គមឱ្យកាន់តែប្រសើរឡើងនិងអនុវត្ដវិមជ្ឈិការនិងវិសហមជ្ឈិការឱ្យកាន់តែប្រសើរឡើង។
បន្ថែមពីនេះទៀតគឺការផ្តល់គម្រោងលើកទឹកចិត្ដ និងមូលនិធិសមធម៌ជួយដល់ប្រជាពលរដ្ឋ ក្រីក្រក្នុងគោលបំណងបង្កើនគុណភាពប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្រីក្រគ្រប់រូបមានលទ្ធភាពចូលប្រើប្រាស់សេវាសុខាភិបាលសាធារណៈ ប្រកបដោយសមធម៌ ដើម្បីឈានទៅកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា-ទារក និងកុមារ, កាត់បន្ថយអត្រាឈឺ និងស្លាប់ដោយជំងឺឆ្លង និងបន្ទុកជំងឺមិនឆ្លង ព្រមទាំងបញ្ហាសុខភាពផ្សេងៗទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ឱ្យរីកចម្រើនដូចបណ្ដាប្រទេសដទៃទៀត៕